ភ្នំពេញៈលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្លែងថា ការបំពុលដោយប្លាស្ទិកនៅទន្លេមេគង្គគឺជាបញ្ហាបរិស្ថានឆ្លងដែន ដ៏ស្មុគស្មាញ ដែលទាមទារឱ្យមានការដោះស្រាយរួមគ្នា និងមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងថ្នាក់ជាតិ និងអន្តរជាតិដោយមិនអាចឱបដៃឈរមើលពុំមានសកម្មភាព ឬដំណោះស្រាយអ្វីសោះនោះទេ។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងបែបនេះក្នុងកម្មវិធីសប្តាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាន ដែលធ្វើនៅសួនព្រះនាងប្រាជ្ញាបារមី ជ្រោយចង្វារ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយ ស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ និងអង្គការRiver Ocean Cleanup ប្រចាំកម្ពុជាដើម្បីចូលរួមផ្សព្វផ្សាយអំពីបញ្ហាបរិស្ថាន ដែលបាននិងកំពុងតែប្រឈមនៅតាមប្រទេសនៃមហាអនុតំបន់មេគង្គ។
លោក អ៊ាង សុផល្លែត លើកឡើងថា កម្មវិធីនេះមានសារៈសំខាន់ណាស់ ព្រោះជាសកម្មភាពរួមសម្រាប់សហគមន៍អឺរ៉ុប និងអាស៊ានទាំងមូលដែលមិនមែនតែកម្ពុជាទេមានបញ្ហាបរិស្ថានពាក់ព័ន្ធនឹងសំណល់ប្លាស្ទិកគឺទូទាំងពិភពលោកក៏មានបញ្ហាដូចគ្នានេះផងដែរ។ លោកថា កម្មវិធីនេះក៏បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការទូត ក្នុងការដោះស្រាយបញ្ហាបរិស្ថាន និងចូលរួមគាំទ្រដល់សកម្មភាពដែលធ្វើឱ្យពេលអនាគតគ្មានសំណល់ប្លាស្ទិកនិងការរស់នៅប្រកបដោយនិរន្តរភាព ជាពិសេសក្នុងបុព្វហេតុសុក្រឹតកម្មបរិស្ថានកិច្ច។
បើតាមលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទន្លេមេគង្គបានជួបបញ្ហាជាច្រើន រួមមាន របបលំហូរទឹកទាប បញ្ហាកង្វះទឹក ទឹកជំនន់ និងគ្រោះរាំងស្ងួតដោយសារការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលពុំគិតគូរដល់ប្រព័ន្ធអេកូឡូស៊ី ការបំពុល-ទឹក និងប្លាស្ទិកជាដើម។
លោកបានបន្ថែមថា តាមការសិក្សាបានបង្ហាញថា មានសំណល់ប្លាស្ទិកជាង ៣៧ ០០០(បីម៉ឺនប្រាំពីរពាន់)តោន ក្នុង១ឆ្នាំ បានហូរពីទន្លេមេគង្គចូលទៅក្នុងសមុទ្រ ដែលបង្កឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ដែលអាស្រ័យផលពីទន្លេមេគង្គនេះ។
លោកអ៊ាង សុផល្លែត បានលើកឧទាហរណ៍បញ្ជាក់ថា សំណល់ប្លាស្ទិកទាំងនោះនឹងបំប្លែងជាមីក្រូប្លាស្ទិកតូចៗ ពិបាកនឹងមើលឃើញ ហើយត្រីអាចនឹងស៊ីប្លាស្ទិកទាំងនោះ នាំឱ្យមានការបំពុលដល់ចង្វាក់ម្ហូបអាហារនិងបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស។ លោកបន្ថែមថា ក្រសួងបរិស្ថានកំពុងធ្វើយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដោយអនុវត្តនៅតាមសាលារៀនទូទាំងប្រទេសចាប់ពីថ្ងៃទី១ ខែកញ្ញា ២០២៣ រហូតដល់ពេលនេះមានសិស្សានុសិស្ស និងយុវជនច្រើនជាង ១ ៦០០ ០០០(មួយលានប្រាំមួយសែន)នាក់ ចូលរួមយ៉ាងសកម្ម ដែលនេះគឺជាពន្លឺនៃក្តីសង្ឃឹមក្នុងការផ្សារភ្ជាប់ជាមួយបញ្ហានៅទន្លេមេគង្គ។
លោកថ្លែងថា៖«យើងជឿជាក់ថា សមិទ្ធផលនៃយុទ្ធនាការនេះអាចធ្វើជាគំរូដ៏ល្អមួយនៅក្នុងតំបន់ហើយយើងកំពុងបន្តក្នុងការអញ្ជើញប្រទេសជិតខាង ប្រទេសសមាជិកនៃមហាអនុតំបន់ទន្លេមេគង្គ និងប្រទេសក្នុងតំបន់អាស៊ានឱ្យចូលរួមជាមួយប្រទេសកម្ពុជា ក្នុងបេសកកម្មរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងថង់ប្លាស្ទិកក្រោមពាក្យស្លោក«ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។
លោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរងនៃរដ្ឋបាលរាជធានីភ្នំពេញថ្លែងថា ចំនួនប្រជាជនក្នុងរាជធានីភ្នំពេញមានការកើនឡើងពី១ថ្ងៃទៅ១ថ្ងៃដែលសកម្មភាពរស់នៅនិងការប្រកបអាជីវកម្ម របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញបានបង្កើតសំរាម ៣ ៧០០តោនក្នុង១ថ្ងៃ។
លោកថា បញ្ហាសំរាមនេះជាកង្វល់មួយរបស់រដ្ឋបាលរាជធានីភ្នំពេញដែលតែងយកចិត្តទុកដាក់គ្រប់គ្រងសំណល់ឱ្យមានប្រសិទ្ធភាពដោយផ្តោតលើកកត្តាចម្បងមួយចំនួនដូចជា ការគ្រប់គ្រងទីលានចាក់សំរាម ការបំពាក់ធុងសំរាមសាធារណៈ និងការផ្សព្វផ្សាយជាប្រចាំអំពីគោលការណ៍ប្រមូលសំរាម និងម៉ោងពេលប្រមូលសំរាម ព្រមទាំងមានដាក់ក្រុមហ៊ុនប្រមូលសំរាមចំនួន៣ ដើម្បីផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមក្នុងរាជធានីភ្នំពេញផងដែរ។
លោកថ្លែងថា៖«ស្ថានភាពគ្រប់គ្រងកាកសំណល់ក្នុងរាជធានីភ្នំពេញ មានការប្រសើរឡើងជាលំដាប់ ហើយខ្ញុំក៏មានសុទិដ្ឋិនិយមខ្ពស់លើការគ្រប់គ្រងសំរាម ដោយសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋ សិស្សានុសិស្ស សាធារណជនទាំងអស់នឹងបន្តចូលរួមយកចិត្តទុកដាក់ចូលរួមដាក់សំរាមតាមផ្ទះរៀងៗខ្លួនឱ្យបានត្រឹមត្រូវ»។
លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងដែរថា ការជួបជុំគ្នាក្នុងកម្មវិធីនេះគឺជាការចូលរួមធ្វើសកម្មភាពទាក់ទងនឹងការផ្លាស់ប្តូរការប្រែប្រួលអាកាសធាតុ ដែលទាមទារឱ្យគ្រប់គ្នាត្រូវតែពួតដៃគ្នាដោះស្រាយ ដែលឧទាហរណ៍ជាក់ស្តែងទាក់ទងនឹងការទុកដាក់ និងគ្រប់គ្រងកាសំណល់ ការកាប់បំផ្លាញព្រៃឈើ និងចាប់ផ្តើមប្រើប្រាស់ថាមពលដែលអាចប្រើប្រាស់ឡើងវិញបាន។ ក្នុងឱកាសនោះលោក Igor Driesmans បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះគោលនយោបាយអាកាសធាតុ ដើម្បីធានាបានគំរូកំណើនសេដ្ឋកិច្ចបៃតង ។
លោកថ្លែងថា៖«ការផ្លាស់ប្តូរបៃតង មិនមែនអាស្រ័យតែលើរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែនៅលើយើងទាំងអស់គ្នា។ វាជាការទទួលខុសត្រូវរួមរបស់យើង។ មានតែតាមរយៈការធ្វើការរួមគ្នា ហើយអ្នកគ្រប់គ្នាត្រូវធ្វើអ្វីដែលជាចំណែកនៃការចូលរួមរបស់ពួកគេ ទើបយើងអាចសម្រេចបានគោលដៅនៃអនាគតដ៏បៃតងមួយបាន»៕