ភ្នំពេញៈមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង រួមនឹងអង្គការដៃគូមួយចំនួនកំពុងអង្កេតប្រេវ៉ាឡង់ជំងឺរបេងថ្នាក់ជាតិលើកទី៣ឆ្នាំ២០២៣ ខណៈការអង្កេតលើកនេះ នឹងធ្វើឱ្យកម្ពុជាកាន់តែប្រសើរឡើងក្នុងការគ្រប់គ្រងជំងឺរបេង និងឆ្ពោះទៅរកការបញ្ចប់ជំងឺរបេងរបស់ខ្លួន។
សេចក្ដីប្រកាសរបស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិចបានឱ្យដឹងនៅថ្ងៃទី១៩ ខែតុលាថា ដោយមានការគាំទ្រថវិកាពីរដ្ឋាភិបាលអូស្ត្រាលីនិងមូលនិធិសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងគ្រុនចាញ់ និងជំនួយបច្ចេកទេសពីអង្គការសុខភាពពិភពលោក វិទ្យាស្ថានស្រាវជ្រាវជំងឺរបេង និងសមាគមប្រឆាំងជំងឺរបេងជប៉ុន( RIT/JATA) វិទ្យាស្ថានប៉ាស្ទ័រ និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន (CENAT) កំពុងអង្កេតប្រេវ៉ាឡង់ជំងឺរបេងថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៣ ដោយលទ្ធផលរំពឹងទុកនឹងបង្ហាញនៅពាក់កណ្តាលឆ្នាំ២០២៤។
សេចក្ដីប្រកាសដដែលបានបន្តថា លទ្ធផលនៃការអង្កេតលើកទី៣នេះ នឹងធ្វើឱ្យប្រទេសកម្ពុជាយល់អំពីបច្ចុប្បន្នភាពនៃជំងឺរបេង និងការគ្រប់គ្រងជំងឺរបេងរបស់ខ្លួនកាន់តែប្រសើរឡើង ដើម្បីឆ្ពោះទៅរកការបញ្ចប់ជំងឺមួយនេះ និងជួយបញ្ចប់ជំងឺរបេងដែលបានឆក់យកជីវិតមនុស្ស ១,៦លាននាក់នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២១។
លោក ប៉ាស្កាល់ រីងវដ (Pascal RingWald) តំណាងស្តីទីនៃអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានលើកឡើងតាមរយៈសេចក្តីប្រកាសថា ទោះបីជាមានភ័ស្តុតាងជាច្រើន បានបង្ហាញថា ស្ថានភាពជំងឺរបេងនៅប្រទេសកម្ពុជាកំពុងធ្លាក់ចុះក៏ដោយ ប៉ុន្តែវាមានភាពមិនទាន់ច្បាស់លាស់នោះទេ ខណៈការអង្កេតចុងក្រោយត្រូវបានធ្វើឡើងកាលពីជាង១ទសវត្សរ៍មុន ហើយបានរកឃើញថា ការព្យាបាលជំងឺរបេង ត្រូវបានប៉ះពាល់ដោយការរាតត្បាតនៃជំងឺកូវីដ១៩។
លោកបញ្ជាក់ថា៖ «ការអង្កេតលើកទី៣នេះនឹងរួមចំណែកដល់ការធ្វើបច្ចុប្បន្នភាព យុទ្ធសាស្ត្រផ្អែកលើភ័ស្តុតាង ដែលនឹងជួយស្វែងរកគ្រប់ករណី និងលុបបំបាត់ជំងឺរបេង»។
ដោយឡែកលោក ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន បានឱ្យដឹងដែរថា ក្រុមអង្កេតកំពុងប្រមូលទិន្នន័យក្នុងតំបន់គោលដៅនៅទូទាំងប្រទេស ហើយលទ្ធផលអង្កេតលើកទី៣នេះ នឹងជួយកម្ពុជាបង្កើតផែនការកាន់តែប្រសើរឡើងក្នុងការបញ្ចប់ជំងឺរបេង សង្គ្រោះជីវិត និងការពារប្រជាពលរដ្ឋពីការធ្លាក់ក្នុងភាពក្រីក្របន្ថែមទៀតស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs) និងគោលដៅយុទ្ធសាស្ត្របញ្ចប់ជំងឺរបេង។
លោកចាន់យុដា បានបន្តថា៖ «ការអង្កេតនេះ វាមានសារៈសំខាន់ណាស់ក្នុងការតាមដាននិន្នាការនៃជំងឺរបេង ហើយតាមរយៈដំណើរការពិនិត្យ អ្នកដែលបានធ្វើតេស្តវិជ្ជមានក៏ត្រូវបានបញ្ជូនទៅព្យាបាលផងដែរ។ ការព្យាបាលទាន់ពេលវេលាអាចធ្វើឱ្យប្រសើរឡើងនូវឱកាសនៃការជាសះស្បើយរបស់ពួកគាត់ កាត់បន្ថយបញ្ហាហិរញ្ញវត្ថុរបស់ពួកគាត់និងកាត់បន្ថយហានិភ័យនៃការរីករាលដាលនៃជំងឺរបេងនៅក្នុងសហគមន៍ពួកគាត់ផងដែរ»។
ជាមួយគ្នានោះ លោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ក៏បានឱ្យដឹងដែរថា ការកសាងភ័ស្តុតាងអំពីអត្រាប្រេវ៉ាឡង់ជំងឺរបេង គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងការលុបបំបាត់ជំងឺរបេង ខណៈការលុបបំបាត់នេះ វាស្ថិតនៅជាមួយនឹងការងាររបស់អូស្ត្រាលីក្នុងការជួយកម្ពុជាលើការកែលម្អប្រព័ន្ធសុខាភិបាល ដូច្នេះប្រជាពលរដ្ឋគ្រប់គ្នា អាចទទួលបានការព្យាបាលដែលមានគុណភាពល្អ។
លោកលើកឡើងថា៖«ជាមួយនឹងលទ្ធផលរំពឹងទុកនៅពាក់កណ្តាលឆ្នាំ២០២៤ ទិន្នន័យដែលប្រមូលបានពីការអង្កេត នឹងមិនត្រឹមតែជួយកំណត់អនាគតដែលគ្មានជំងឺរបេងរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងជាសកលផងដែរ»។
សូមបញ្ជាក់ថា យោងតាមការអង្កេតប្រេវ៉ាឡង់ជំងឺរបេងថ្នាក់ជាតិលើកទី២ បានបង្ហាញថា នៅប្រទេសកម្ពុជា អត្រាប្រេវ៉ាឡង់ជំងឺរបេងបានធ្លាក់ចុះពី ២៦៩នាក់ ក្នុងចំណោមមនុស្ស១០ម៉ឺននាក់ក្នុងឆ្នាំ២០០២ មកនៅត្រឹម ១៧១នាក់ ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់នៅឆ្នាំ២០១១៕