កំពតៈគណៈប្រតិភូ​មកពី​ចំនួន ១០​ ប្រទេស​​ បាន​មក​ទស្សន​កិច្ច​សិក្សា​ពី​គម្រោង​ស្រូវ​មិត្ត​ក្រៀល​ នៅ​តំ​បន់​ការ​ពារ​ទេស​ភា​ព​អន្លង់​ព្រីង កាលពីថ្ងៃទី១៩​ ខែតុលា ដើម្បី​ស្វែង​យល់​ពី​កត្តា​ប្រឈម និង​កត្តា​ជោគជ័យ​ លើ​​ការ​អនុវត្ត​គម្រោងនេះ។

លោក ប៊ូ វរ​សក្ស នាយក​​អង្គការ​​ជីវិត​​ធម្មជាតិ​នៅ​កម្ពុជា បានប្រាប់​​​ឱ្យ​​ដឹងនៅ​​ថ្ងៃ​ទី​២២ ខែ​តុលា​ថា ក្នុង​នាម​ជា​ស្ថាប័ន​ដែល​អនុវត្ត​គម្រោង​ស្រូវ​មិត្ត​ក្រៀល គណៈ​ប្រតិភូ​នៃ​គម្រោង Fair For All របស់​អង្គការ អុកស្វាម (Oxfam)​ចំនួន ​៣០ នាក់ មក​ពី ​​១០​ ប្រទេស បាន​មក​ទស្សន​កិច្ច​សិក្សាគ​ម្រោង​ស្រូវ​មិត្ត​ក្រៀល ​នៅ​តំបន់​ការ​ពារ​ទេស​ភាព​អន្លង់​ព្រីង​។

​ប្រតិភូពី​ប្រទេស​ទាំង​នោះ​រួម​មាន​៖ វៀត​ណាម ថៃ ឥណ្ឌូនេ​ស៊ី មីយ៉ាន់មា ហូឡង់ ឥណ្ឌា ​នេប៉ាល់ ​និង​បណ្តា​ប្រទេស​មួយចំនួន​ទៀត​។

​លោក ប៊ូ វរសក្ស ​បន្ត​ថា ​​គោល​បំណង​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អន្លង់​ព្រីង​នេះ ​​ដោយ​សារ​តែ​តំបន់នេះ​ បាន​ផ្ដួច​ផ្ដើ​​ម​គម្រោង​ស្រូវ​មិត្ត​ក្រៀល ដែល​ទទួល​បាន​អត្ថ​ប្រយោជន៍​ ទាំង​ការ​ងារ​អភិរក្ស ជីវ​ចម្រុះ និ​ង​ជួយ​បង្កើន​ជីវ​ភាព​ទៅ​ដល់​ប្រជា​សហគមន៍​មូល​ដ្ឋាន​។

លោក​ថ្លែង​ថា​៖ «យើង​បាន​បង្ហាញ​អំពី​គំនិត​ផ្ដួច​ផ្ដើម​​ លក្ខណវិនិច្ឆ័យ និងនីតិវិធី ហើយ​នឹង​កត្តា​ប្រឈម និង​កត្តា​ជោគជ័យ​​​អ្វី​ខ្លះ​ ដែល​គម្រោង​នេះ​បាន​អនុវត្ត ដើម្បី​ជា​ការ​សិក្សា​ស្វែង​យល់ និង​ទទួល​យក​​អនុសា​សាន៍​ផ្សេងៗ​ពី​គណៈ​ប្រតិភូ​ផង​ដែរ​»​​។

បើ​តាម​លោក ប៊ូ វរសក្ស​ ក្រៅ​ពី​ការ​បង្ហាញ​កត្តា​ប្រឈម និង​កត្តា​ជោគជ័យ​នៃ​ការ​អនុវត្ត​​គម្រោង​នេះ​ហើ​យ គណៈ​កម្មការ​សហគមន៍​ផលិត​ស្រូវ​មិត្ត​ក្រៀល ក៏​បាន​ចូល​រួម​ចែក​រំ​លែក​ពី​គុណ​សម្បត្តិ និង​កត្តា​ប្រឈ​ម​ដែល​ពួកគាត់​បាន​ជួប​ប្រទះ​ផង​ដែរ​ ក្រោយ​ពេល​ចូល​រួម​ជា​មួយ​គម្រោង​ស្រូវ​មិត្ត​ក្រៀល​នេះ​​។

លោក​លើកឡើង​​ថា ជា​ការ​កត់​សម្គាល់ គណៈ​ប្រតិភូ​មាន​ការ​ចាប់​អារម្មណ៍ ​ព្រម​ទាំង​លើក​ជា​សំណួរ​ជា​ច្រើ​ន​ទៅ​កាន់​គណៈ​កម្មការ​សហគមន៍​ផលិត​ស្រូវ​មិត្ត​ក្រៀល និង​អង្គការជី​វិត​ធម្មជាតិ​នៅ​កម្ពុជា ​ដោយ​ផ្តោត​​លើ​កត្តា​ប្រឈម ការ​ចូល​រួម​របស់​ស្រ្តី អេ​កូ​ឡូ​ស៊ី​របស់​សត្វ​ក្រៀល និង​និរន្តរ​ភាព​រប​ស់​គម្រោង ខណៈ​ដែ​ល​មក​ដល់​ឆ្នាំ​ទី​៣​នេះ កសិករ​ស្រូវ​មិត្ត​ក្រៀល​ មាន​ការ​កើន​ឡើង​ពី ៤០​គ្រួសារ ​ដល់ ​១២០​គ្រួសារ ហើយ​​ផ្ទៃ​ដី​ស្រែ​ស្រូវ​មិត្ត​ក្រៀល ក៏​បាន​កើន​ឡើង​ដល់ ១៣២​ហិក​តាផ​ង​ដែរ​។

លោក​បញ្ជាក់​ថា​៖ «​ជា​រួម ​គម្រោង​ស្រូវ​មិត្ត​ក្រៀល​យើង ទទួល​បាន​​ការ​ចាប់​អារម្មណ៍​ពី​គណៈ​ប្រតិភូ ពី​ព្រោះវា​ជា​​គំនិត​ផ្ដួច​ផ្ដើម​ថ្មីមួយ ដែល​បាន​ផល​ប្រយោ​ជន៍​ទាំង​ជីវចម្រុះ និង​សហគ​មន៍​មូល​ដ្ឋាន​»​។

​ក្រោយ​ពី​បញ្ចប់​បទ​បង្ហាញ​នេះ ខាង​អង្គការ​ក៏បា​ន​ដឹក​នាំ​គណៈ​ប្រតិភូ​ទៅ​ទស្សនកិច្ច​ស្រូវ​មិត្ត​ក្រៀល​នៅ​លើ​ទី​​វាល​នៃ​តំបន់​ការ​ពារ​ទេស​ភាព​អន្លង់​ព្រីង ដើម្បី​ទទួល​បាន​ចំណេះ​ដឹង និង​បទ​ពិសោធន៍ ព្រម​ទាំង​លើក​ទឹ​ក​​ចិត្ត​ឱ្យ​មាន​ការ​ចូល​រួម​ទិញ​អង្ករ​មិត្ត​ក្រៀល​ផង​ដែរ​។

សូម​បញ្ជាក់​ថា គណៈ​ប្រតិភូ​ចំនួន ៣០​នាក់ មក​ពី​ ១០ប្រទេស​នេះ បាន​មក​ទស្សន​កិច្ច​សិក្សា​គម្រោង​ស្រូវ​មិត្ត​ក្រៀល​នៅ​តំបន់​ការ​ពារ​ទេសភាព​អន្លង់​ព្រីង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០​២៣​​៕