កំពង់ឆ្នាំងៈ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៣ បន្តរកឃើញប្រជាពលរដ្ឋជិត ២០០ នាក់ បានឆ្លងជំងឺភ្នែកក្រហម ដែលរស់នៅក្នុងឃុំពោធិ ស្រុកកំពង់លែង ខណៈក្រុមគ្រូពេទ្យជំនាញកំពុងផ្តល់ការពិនិត្យព្យាបាល។
ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង លោក ប្រាក់ វ៉ុន បានប្រាប់ឱ្យដឹងថា រូបលោក និងក្រុមការងារ រួមជាមួយនឹងក្រុមគ្រូពេទ្យបានចុះពិនិត្យ និងរកឃើញពលរដ្ឋចំនួន ១៧៧ នាក់ មានកើតជំងឺភ្នែកក្រហម។
លោកឱ្យដឹងថា៖ «អាចនឹងមានករណីឆ្លងនេះនៅទីតាំងផ្សេងទៀត ហើយយើងកំពុងតែស្រាវជ្រាវ។ អ៊ីចឹងហើយបានយើងសំណូមឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ ត្រូវប្រុងប្រយ័ត្ន រក្សាអនាម័យ ថែរក្សាសុខភាព ដោយអនុវត្តវិធានការសុខាភិបាល ការលាងដៃឱ្យបានស្អាត ចៀសវាងការប៉ះពាល់ភ្នែក ព្រោះនេះជាជំងឺឆ្លង»។
បើតាមប្រធានមន្ទីរសុខាភិបាល បើគិតចាប់តាំងផ្ទុះជំងឺនេះមក ក្នុងខេត្តកំពង់ឆ្នាំង បានរកឃើញពលរដ្ឋជាង ២០០ នាក់ ដែលបានឆ្លងជំងឺភ្នែកក្រហម។ លោកថា៖ «នេះជាតួលេខបណ្តោះអាសន្ន ដែលបានកត់ត្រាទិន្នន័យតាមរយៈការព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែអាចនឹងមានច្រើនទៀត។ យើងកំពុងតែស្រង់ទិន្នន័យតាមរយៈការមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ និងផ្នែកចក្ខុ ថាតើអ្នកជំងឺនេះមានមូលដ្ឋានមកពីណា ដើម្បីមានវិធានការចុះទៅពិនិត្យ»។
ពាក់ព័ន្ធបញ្ហានេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល កាលពីថ្ងៃទី២១ ខែតុលា បានដឹកនាំកិច្ចប្រជុំក្រុមការងារនៃមជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស តាមប្រព័ន្ធវីដេអូសន្និសីទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ក្រុមឆ្លើយតបបន្ទាន់ ក្រុមគ្រូពេទ្យថ្នាក់ជាតិ ថ្នាក់រាជធានីខេត្ត ស្រុកប្រតិបត្តិ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពផងដែរ។
ការប្រជុំនេះធ្វើឡើង ក្នុងគោលបំណងពិនិត្យស្ថានភាព និងផ្សព្វផ្សាយការបណ្តុះបណ្តាលអំពីការបង្ការការចម្លង និងព្យាបាលជំងឺភ្នែកក្រហម។
លោកស្រីក៏បានណែនាំឱ្យមន្ត្រីសុខាភិបាលទូទាំងប្រទេស បន្តខិតខំប្រឹងប្រែងធ្វើការផ្សព្វផ្សាយសារអប់រំដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន អំពីការព្យាបាល និងបង្ការការចម្លងនៃជំងឺភ្នែកក្រហម ដើម្បីទប់ស្កាត់ការរីករាលទ្រង់ទ្រាយធំ នៅតាមសហគមន៍។
លោកស្រីបានលើកឡើង តាមរយៈហ្វេសប៊ុកក្រសួងសុខាភិបាលថា៖ «គ្រប់ភាគី ត្រូវតាមដានស្ថានភាពជំងឺឆ្លងភ្នែកក្រហមជារៀងរាល់ថ្ងៃ លើកផែនការត្រៀមទប់ស្កាត់ និងធ្វើសកម្មភាពដោយត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរទេសចរណ៍ និងមន្ទីរធម្មការនិងសាសនា ដែលជាអង្គភាពគ្រប់គ្រងការជួបជុំដែលមានមនុស្សច្រើន»។
តាមរយៈកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមចែករំលែកបទពិសោធន៍ និងបណ្តុះបណ្តាលបន្ថែមអំពីការព្យាបាល និងបង្ការការចម្លងជំងឺភ្នែកក្រហម ដោយលោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងលោក ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផងដែរ។
សូមបញ្ជាក់ថា រោគសញ្ញាជំងឺឆ្លងភ្នែកក្រហម រួមមាន នៅផ្នែកសនៃភ្នែក ឡើងពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើមត្របកភ្នែក ជាពិសេសនៅពេលព្រឹក មានហូរទឹកភ្នែកច្រើនជាងមុន រកាំភ្នែកដោយសារមានអារម្មណ៍ថា ដូចមានអ្វីនៅក្នុងភ្នែក ឬចង់ញីភ្នែក រមាស់ភ្នែក រលាក ឬក្រហាយភ្នែក មានអាចម៍ភ្នែក (ពណ៌ខ្ទុះ ឬពណ៌ទឹកបាយ) ឈឺគ្រាប់ភ្នែកជាដើម។
កាលពីថ្ងៃទី១៩ ខែតុលា ក្រសួងសុខាភិបាល បានក្រើនរំឭកពលរដ្ឋ ឱ្យប្រុងប្រយ័ត្នជំងឺភ្នែកក្រហម បន្ទាប់ពីរកឃើញករណីជំងឺនេះ កំពុងកើតថ្មីគួរឱ្យកត់សម្គាល់ក្នុងបណ្តាខេត្តមួយចំនួន។
ក្រសួងបញ្ជាក់ថា ករណីភាគច្រើននៃជំងឺឆ្លងភ្នែកក្រហម គឺស្រាល ហើយជាធម្មតា ការឆ្លងនឹងជាសះស្បើយក្នុងរយៈពេលពី៧ ទៅ ១៤ថ្ងៃ ដោយមិនតម្រូវឱ្យមានការព្យាបាល និងមិនមានផលវិបាករយៈពេលវែងទេ។
ទោះយ៉ាងណា ក្នុងករណីខ្លះ ការរលាកភ្នែកដោយវីរុស ត្រូវការរយៈពេល២ ទៅ ៣សប្ដាហ៍ ឬច្រើនជាងនេះ ដើម្បីជាសះស្បើយ។ គ្រូពេទ្យអាចផ្តល់ថ្នាំអង់ទីប៊ីយោទិក ដូចជាថ្នាំបន្តក់ភ្នែក ឬថ្នាំដាក់ភ្នែក។ ការឱ្យថ្នាំបន្តក់ ឬថ្នាំដាក់ភ្នែក ជួយបន្ថយរយៈពេលនៃការឆ្លង កាត់បន្ថយផលវិបាក និងកាត់បន្ថយការរីករាលដាលដល់អ្នកដទៃបាន៕