កណ្តាលៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកវគ្គបណ្តុះបណ្តាលពីការជួសជុល និងការធ្វើមុខខ្មុកល្ខោនខោល ដល់កូនអ្នកភូមិដែលជាអ្នកសម្តែងល្ខោនខោល ចំណុះជើងវត្តស្វាយអណ្តែត ស្ថិតក្នុងឃុំសារិកា ស្រុកល្វាឯម ដើម្បីចូលរួមក្នុងកិច្ចអភិរក្សសិល្បៈទស្សនីយភាពនេះ។
ព្រះតេជគុណមង្គលវង្សាចារ្យ ជា ប៊ុនធឿន ព្រះគ្រូចៅអធិការវត្តស្វាយអណ្ដែត ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២២ ខែតុលាថា អង្គភាពជំនាញ នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបធ្វើមុខខ្មុកដល់កូនអ្នកសម្តែងល្ខោននៃក្រុមល្ខោនខោលវត្តស្វាយអណ្តែត នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។
ព្រះអង្គបន្តថា នេះជាលើកដំបូងហើយដែលក្រសួងវប្បធម៌ បានផ្តល់វគ្គបណ្តុះបណ្តាលពីរបៀបធ្វើមុខខ្មុកល្ខោនខោល ដល់កូនអ្នកសម្តែងល្ខោនខោលវត្តស្វាយអណ្តែត។ ចំណេះដឹងពីការធ្វើមុខខ្មុកល្ខោនខោលនេះ មិនត្រឹមតែជួយឱ្យកូនអ្នកសម្តែងល្ខោនខោលវត្តស្វាយអណ្តែត អាចជួសជុលមុខខ្មុកដែលខូចដោយខ្លួនឯងបានទេ ប៉ុន្តែចំណេះដឹងនេះ ក៏នឹងរួមចំណេកដល់ការអភិវឌ្ឍសេដ្ឋកិច្ចអ្នកភូមិ ឱ្យរកចំណូលបានបន្ថែមមួយចំណែកទៀត តាមរយៈការលក់មុខខ្មុកនេះទៀតផង។
ព្រះគ្រូចៅអធិការវត្តស្វាយអណ្ដែត បានឱ្យដឹងទៀតថា អ្នកភូមិចំណុះជើងវត្តស្វាយអណ្តែត មានជំនឿមួយ គឺគោរពបូជារូបខ្មុកល្ខោនខោល ជាពិសេសអ្នកកាន់គ្រូល្ខោនខោល អ្នកខ្លះទៀតយករូបខ្មុកទៅដាក់តាំងក្នុងផ្ទះដោយការស្រឡាញ់ ខ្លះយកទៅឱ្យកូនៗហាត់រៀនល្ខោនខោល និងខ្លះទៀតយកទៅធ្វើគ្រឿងសក្ការបូជាផ្សេងៗ ដែលក្នុងរយៈកាលកន្លងមក ពេលអ្នកទាំងនោះត្រូវការរូបខ្មុក គឺតែងធ្វើការកុម្ម៉ង់រូបខ្មុកពីកន្លែងផ្សេង។ ហេតុនេះទៅថ្ងៃមុខ ពេលចេះដឹងពីចំណុចនេះ គេអាចរកចំណូលបានដោយ ខ្លួនឯងថែមទៀតផង។
ព្រះតេជគុណមានថេរដីការថា៖«ពីមុនមក គាត់កុម្ម៉ង់តែពីគេមកទេ ឧទាហរណ៍ថា ត្រូវការក្បាលរបាំងមុខស្វាស យក្សមុខដប់ អីអីចឹងទៅ គាត់កុម្ម៉ង់ពីគេ អ៊ីចឹងបើកូនសិស្សរបស់យើងឯណេះគាត់ចេះ ថ្ងៃក្រោយទៅ អាចនិយាយបានថា វាជាការរកចំណូល និងកម្រៃមួយដែរ អាចថាពួកគាត់ហ្នឹង អាចបោះទៅជាមានការលក់ដូររូប ដែលគាត់រៀនចេះហ្នឹងទៅឱ្យអ្នកដែលគេស្រឡាញ់ ចង់បាន»។
ព្រះតេជគុណមង្គលវង្សាចារ្យ ជា ប៊ុនធឿន បញ្ជាក់ថា វគ្គសិក្ខាសាលាដែលផ្តល់ដោយក្រសួងវប្បធម៌នេះ អាចមានរយៈពេលពី៣ ទៅ ៦ខែ។ សម្រាប់កូនអ្នកសម្តែងល្ខោនដែលបានរៀនចេះ និងអាចអនុវត្តធ្វើបានត្រឹមត្រូវល្អ ក្រសួងនឹងចេញជាលិខិតបញ្ជាក់ការសិក្សាជូន។ ព្រះអង្គបញ្ជាក់ថា កូនអ្នកសម្តែងល្ខោនខោលដែលចូលរៀនទាំងអស់ មានជាង ២០នាក់ សុទ្ធតែជាអ្នកភូមិចំណុះជើងវត្តស្វាយអណ្តែតទាំងអស់។
ហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា វគ្គបណ្តុះបណ្តាលស្តីពីរបៀបធ្វើមុខខ្មុកដល់កូនអ្នកសម្តែងល្ខោនខោលវត្តស្វាយអណ្តែតនេះ ធ្វើឡើងដោយឥតគិតថ្លៃ ដើម្បីបង្រៀនដល់ពួកគេដែលជាក្រុមល្ខោនខោលវត្តស្វាយអណ្តែត ព្រមទាំងអ្នកស្រុក ក្នុងគោលបំណងឱ្យពួកគេអាចធ្វើ និងជួសជុលមុខខ្មុកល្ខោនបានដោយខ្លួនឯង ព្រមទាំងអាចរកប្រាក់កម្រៃបានផងដែរ។
ប្រភពបានឱ្យដឹងទៀតថា លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ បានថ្លែងអំណរគុណចំពោះលោកគ្រូ-អ្នកគ្រូ ព្រឹទ្ធាចារ្យល្ខោនទាំងអស់ ព្រមទាំងប្រធានក្រុមដឹកនាំល្ខោន និងព្រះចៅអធិការវត្តស្វាយអណ្តែត ដែលបង្កលក្ខណៈងាយស្រួល ឱ្យវគ្គបណ្តុះបណ្តាលនេះដំណើរការទៅដោយរលូន។ ជាមួយគ្នានោះ លោកក៏បានស្នើសុំឱ្យអ្នកចូលរួមទាំងអស់ ត្រូវយកចិត្តទុកដាក់រៀនសូត្រ ដើម្បីតបស្នងចំពោះការលះបង់ប្រឹងប្រែងនៃរៀមច្បង និងដើម្បីបន្តថែរក្សាមរតកដូនតាទាំងអស់គ្នា។
លោកថ្លែងថា៖ «សូមកោតសរសើរ និងអរគុណចំពោះលោកគ្រូ-អ្នកគ្រូនៃនាយកដ្ឋានសិល្ប:សូនរូប និងសិល្ប:សិប្បកម្ម ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្តក្នុងការបង្រៀន និងធ្វើដំណើរយ៉ាងឆ្ងាយ ដោយមានឆ្លងទឹកផង ដើម្បីបុព្វហេតុដ៏មានតម្លៃនេះ»៕