ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យបណ្តាប្រទេសអាស៊ាននិងអារ៉ាប៊ី សាអ៊ូឌីត ស្វែងរកប្រភពនៃកំណើនសេដ្ឋកិច្ចថ្មី នៃវិស័យគន្លឹះមួយចំនួន រួមមានការតភ្ជាប់សេដ្ឋកិច្ចឌីជីថល អន្តរកាលថាមពលបៃតងហិរញ្ញវត្ថុធនាគារ ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងនាវានុវត្តន៍។
លោកបានលើកឡើងដូចនេះ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ កាលពីថ្ងៃទី ២១ ខែតុលា បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំអាស៊ានក្រុមប្រឹក្សាសហប្រតិបត្តិការមហាឈូងសមុទ្រនាប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃទី២ ០ ខែតុលា កន្លងទៅថ្មីៗនេះ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា បណ្តាប្រទេសអាស៊ាន និងអារ៉ាប៊ី សាអ៊ូឌីត ត្រូវបានផ្សារភ្ជាប់ទំនាក់ទំនងនិងគ្នាដោយវប្បធម៌ និងអរិយធម៌ដ៏យូរលង់ និងសម្បូរបែប ដែលទាំងនេះ គឺជាសក្តានុពលដ៏សម្បើមដែលជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃបណ្តាប្រទេសនៃតំបន់ទាំង ២ ដើម្បីជំរុញការអភិវឌ្ឍផងដែរ។
នៅក្នុងបញ្ហាប្រឈមនៃការផ្លាស់ប្តូរអាកាសធាតុ និងសន្តិសុខស្បៀង លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបណ្តាប្រទេសដែលជាសមាជិកទាំងអស់ពិនិត្យមើលលទ្ធភាពក្នុងការបង្កើនការវិនិយោគលើវិស័យកសិកម្មការផ្លាស់ប្តូរបច្ចេកវិទ្យា ការស្រាវជ្រាវ ឧត្តមមានុវត្តន៍ ជាពិសេសនោះគឺការអភិវឌ្ឍឧស្សាហកម្មវិស័យអាហារហាឡាល់។
ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Mohammed Bin Salman Bin Abdulaziz Al Saud រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រអារ៉ាប៊ី សាអ៊ូឌីត ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងអារ៉ាប៊ីសាអ៊ូឌីត ប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី បន្ថែមទៀតផងដែរ។
យោងតាមរយៈតេឡេក្រាមលោក ហ៊ុន ម៉ាណែត ក្នុងកិច្ចជំនួបនោះ ព្រះអង្គម្ចាស់នាយករដ្ឋមន្ត្រី បានអបអរសាទរនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់លោក ហ៊ុន ម៉ាណែត ក្នុងនីតិកាលទី៧ នៃរដ្ឋសភា និងបានលើកឡើងពីទិសដៅប្រកបដោយសក្តានុពលក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-អារ៉ាប៊ីសាអ៊ូឌីតផងដែរ។
ការលើកឡើងនេះព្រះអង្គម្ចាស់នាយករដ្ឋមន្ត្រីសំដៅឈានទៅបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់មួយចំនួន ជាអាទិ៍ វិស័យពាណិជ្ជកម្ម, វិនិយោគ, ថាមពល និងវិស័យសក្តានុពលដទៃទៀត ដើម្បីសម្រេចបាននូវផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជនទាំង ២។
ជាការឆ្លើយតបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះជោគជ័យរបស់អារ៉ាប៊ីសាអ៊ូឌីត ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលអាស៊ានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ» ជាលើកដំបូងនេះ និងបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជាអារ៉ាប៊ីសាអ៊ូឌីត ដូចដែលឆ្លុះបញ្ចាំងតាមរយៈការសម្រេចបង្កើតស្ថានឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំនៅកម្ពុជា ជាដើម។
ឆ្លងតាមកិច្ចពិភាក្សានេះ នាយករដ្ឋមន្ត្រី នៃប្រទេសទាំង ២ បានបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀត ដោយបានឯកភាពលើទិសដៅនៃការបង្កើតយន្តការទ្វេភាគី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលមួយចំនួន ដូចជា វិស័យពាណិជ្ជកម្ម, វិនិយោគ, និងវិស័យផ្សេងៗទៀត ដែលជាផលប្រយោជន៍រួម។
លោក គិន ភា ប្រធានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ឱ្យដឹងថា បណ្តាប្រទេសអាស៊ាន និងព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត មានកត្តាច្រើនណាស់ដែលអាចឱ្យប្រទេសនៃតំបន់ទាំង ២ នេះអាចផ្សារភ្ជាប់ និងបង្កើតទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបានយ៉ាងរឹងមាំនាពេលអនាគត។
លោក គិន ភា បានថ្លែងបន្ថែមថា ជាពិសេសលើកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ចឌីជីថល ដែលបណ្តាប្រទេសអាស៊ានបានដើរមកដល់ពេលវេលានៃបដិវត្តន៍ឧស្សាហកម្មមួយក្នុងរបត់ថ្មី នាពេលបច្ចុប្បន្ននេះ។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីលើការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឌីជីថលនេះគឺជាគោលនយោបាយមួយសំខាន់ណាស់ដើម្បីសមស្របនៃការវិវឌ្ឍថ្មីៗរបស់ពិភពលោក។
លោក គិន ភា ថ្លែងថា៖ «ប្រសិនបើមានគោលនយោបាយតភ្ជាប់ផ្លូវដែក និងផ្លូវទឹក ពីបណ្តាប្រទេសអាស៊ានរហូតទៅដល់ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត វាគឺជារឿង១ល្អណាស់ លើកិច្ចសហប្រតិបត្តិការវិស័យ ដឹកជញ្ជូន និងការពង្រឹងសេដ្ឋកិច្ចនាពេលអនាគតរវាងបណ្តាប្រទេសនៃតំបន់ទាំង ២ ផងដែរ»។
លោក គិន ភា ថ្លែងបន្តថា៖ «ជាពិសេសនោះគឺកិច្ចសហប្រតិបត្តិការលើវិស័យប្រេងកាត ពីព្រោះប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាប្រទេសសម្បូរប្រេង ដូច្នេះជារឿងល្អណាស់សម្រាប់បណ្តាប្រទេសអាស៊ានក្នុងកិច្ចសហប្រតិបត្តិការលើវិស័យនេះ ពីព្រោះអាស៊ានអាចរក្សាលំនឹងតម្លៃប្រេងក្នុងតំបន់ដែលមិនធ្វើឱ្យតម្លៃប្រេងនេះកើនឡើង និងថយចុះដែលធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់»។
យោងតាមប្រភពតេឡេក្រាម របស់ លោក ហ៊ុន ម៉ាណែត ដដែលក្នុងឱកាសចូលរួមកិច្ចប្រជុំនាអារ៉ាប៊ីសាអ៊ូឌីតនោះដែរ លោកក៏បានអនុញ្ញាតឱ្យលោក Sultan Abdulrahman Al Marshad នាយកប្រតិបត្តិ នៃមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ (Saudi Fund for Development SFD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។
ក្នុងឱកាសនៃជំនួបទ្វេភាគីនោះ នាយកប្រតិបត្តិមូលនិធិបានលើកឡើងពីគោលបំណងក្នុងការផ្តល់ហិរញ្ញប្បទានដល់ប្រទេសកម្ពុជា ខណៈដែលមូលនិធិនេះ តែងបានចូលរួមគាំទ្រដល់ការជំរុញឱ្យមានកំណើនប្រកបដោយចីរភាពរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានា ជាពិសេស នៅក្នុងវិស័យមួយចំនួន ដូចជា វិស័យអប់រំ និងកីទ្បា, សុខាភិបាល និងគមនាគមន៍ ជាដើម។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់ដឹកនាំមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ និងបានថ្លែងអំណរគុណចំពោះបំណងក្នុងការភ្ជាប់ទំនាក់ទំនង និងការផ្តល់ហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរ អំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត ពាក់ព័ន្ធនឹងវិស័យវិនិយោគ, ទេសចរណ៍ និងថាមពលកកើតឡើងវិញ ជាពិសេស វិស័យកសិកម្ម។
ភាគីទាំង ២ បានគាំទ្រចំពោះ គម្រោងនៃការផ្តល់ហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្រាប់បម្រើឱ្យការអភិវឌ្ឍវិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយលោក ហ៊ុន ម៉ាណែត បានអញ្ជើញថ្នាក់ដឹកនាំមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីបន្តពិភាក្សាអំពីកិច្ចការនេះ ជាមួយនឹងបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាផងដែរ៕