ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ជាគំរូបង្ហាញថា សង្គ្រាមអាចបញ្ចប់ទៅបានដោយកិច្ចចរចាជាងការបញ្ចប់ដោយប្រើប្រាស់អាវុធដើម្បីអាចស្វែងរកសន្តិភាពពិតប្រាកដ។
ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាបែបនេះធ្វើឡើងតាមរយៈសំណេរនៅលើប្រព័ន្ធតេឡេក្រាមរបស់លោកនៅថ្ងៃទី ២២ ខែតុលា ដោយលោកបានភ្ជាប់ជាមួយភាពយន្តឯកសារស្តីអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅចំខួបលើកទី៣២ នៃកិច្ចព្រមព្រៀងថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០២៣។
លោក ហ៊ុន ម៉ាណែត បានសរសេរថា កិច្ចព្រមព្រៀងនេះបានបិទបញ្ចប់ជម្លោះរ៉ាំរ៉ៃជាង ៥០០ ឆ្នាំ របស់មាតុភូមិកម្ពុជា ហើយមានគោលដៅស្វែងរកសន្តិភាព និងបញ្ចប់សង្គ្រាមជូនប្រជាជាតិដែលជាគំនិតផ្តួចផ្តើមឡើងដោយព្រះបាទនរោត្តម សីហនុ និងលោកអតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន។
លោកបានបញ្ជាក់ថា៖ «គ្មានសង្គ្រាមណាមួយអាចបញ្ចប់ទៅបានដោយការប្រើប្រាស់អាវុធនោះទេ ប៉ុន្តែសង្គ្រាមបញ្ចប់ទៅបានដោយកិច្ចចរចា ដើម្បីស្វែងរកសន្តិភាព»។
លោក ទៀ បាញ់ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានអមដំណើរលោក ហ៊ុន សែន គ្រាស្វែងរកកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសបានឱ្យដឹងនៅថ្ងៃទី ២២ ខែតុលា ដែរថា ទម្រាំអាចកើតមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបាន គឺជាដំណើរពុះពារដ៏វែងឆ្ងាយមួយ ជាពិសេសឆន្ទៈរបស់កម្ពុជាខ្លួនឯងផ្ទាល់ដើម្បីទទួលបានសន្តិភាព ដែលមានការចូលរួមពីគ្រប់ភាគីជម្លោះ។
លោក ទៀ បាញ់ មានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ជាចំណែកមួយដើម្បីបេសកកម្មកសាងសន្តិភាពនៅកម្ពុជា ពិសេសជាជំហានសម្រាប់សន្តិភាពពេញលេញនៃការអនុវត្តនយោបាយឈ្នះ-ឈ្នះ»។
លោកបានបន្តថា កិច្ចព្រមព្រៀងនេះ បង្ហាញពីសុច្ឆន្ទៈពីគ្រប់ភាគីជម្លោះក្នុងការកសាងសន្តិភាព ជាពិសេសពីភាគីរដ្ឋកម្ពុជា ដែលចង់បញ្ចប់ជម្លោះដោយកិច្ចចរចា ជាជាងការប្រើប្រដាប់អាវុធនិងយោធា។ កិច្ចព្រមព្រៀងនេះទៀតសោតជាច្រកនាំមកកិច្ចអន្តរាគមន៍ពីអាជ្ញាធរក្របខ័ណ្ឌអង្គការសហប្រជាជាតិនៅកម្ពុជាពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ១៩៩៣ ដែលហៅកាត់ថា អ៊ុនតាក់ (UNTAC)។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ មានប្រទេសជាម្ចាស់ហត្ថលេខីចំនួន ១៨ បូករួមនឹងកម្ពុជា ដែលគ្រានោះកម្ពុជាមានភាគីចំនួន ៤ គឺរដ្ឋកម្ពុជា, ហ្វ៊ុនស៊ិនប៉ិច, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោក សឺន សាន និងភាគីខ្មែរក្រហម ដោយរួមបញ្ចូលគ្នាបង្កើតជាក្រុមប្រឹក្សាជាតិជាន់ខ្ពស់ SNC។
ក្នុងនោះ មានកិច្ចព្រមព្រៀងតូចៗចំនួន ២ និងសេចក្តីថ្លែងការណ៍ ១ រួមមាន ទី១ កិច្ចព្រមព្រៀងស្តីពីការដោះស្រាយជម្លោះនៅកម្ពុជា,ទី២ កិច្ចព្រមព្រៀងពីការគោរពឯករាជ្យអធិបតេយ្យ បូរណភាព និងអព្យាក្រឹតរបស់កម្ពុជា និងសេចក្តីថ្លែងការណ៍ស្តីពីការកសាងប្រទេសកម្ពុជាឡើងវិញ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសពិតជាបានចូលរួមចំណែកកសាងសន្តិភាពនៅកម្ពុជាដែលបានផ្សះផ្សាជម្លោះរវាងអ្នកនយោបាយ និងអ្នកនយោបាយដោយការចរចា ជាពិសេសពីភាគីព្រះបរមរតនកោដ្ឋ និងភាគីលោកហ៊ុន សែន ដើម្បីបិទបញ្ចប់សោកនាដកម្មរបស់ខ្មែរពីភ្នក់ភ្លើងសង្គ្រាម។
លោកបន្តថា ដំណើរទៅរកកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី ២៣ ខែតុលា ក្នុងឆ្នាំ ១៩៩១ ពោលគឺ ៣២ ឆ្នាំមុន កើតចេញពីការបោះដៃឱ្យគ្នារវាងភាគីជម្លោះនយោបាយផ្ទៃក្នុងចាប់ពីឆ្នាំ ១៩៨៧ ដែលមានកិច្ចសន្ទនាគ្នាជាហូរហែ ជាច្រើនដំណាក់កាលដោយមានការជួយសម្របសម្រួលពីរដ្ឋបរទេសក្នុងតំបន់អាស៊ាន ជាពិសេសក្រុមប្រទេសមហាអំណាច ក្រោយពីមានការបិទបញ្ចប់សង្គ្រាមត្រជាក់។
លោក យង់ ពៅ បញ្ជាក់ថា៖ «បើគ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺមិនអាចមានកម្ពុជាសព្វថ្ងៃនេះឡើយ។ កម្ពុជាអាចនឹងបន្តខ្ទេចខ្ទាំដោយភ្លើងសង្គ្រាមបើគ្មានការចរចា។ កិច្ចព្រមព្រៀងនេះជាសារប្រវត្តិសាស្ត្រប្រាប់ខ្មែរជំនាន់ក្រោយថា មានតែខ្មែរគ្នាឯង មានតែសាមគ្គីគ្នា រួមគ្នា ទើបអាចសម្រេចកិច្ចការធំបាន»។
លោកបានបន្តថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានកំពុងលាយបញ្ចូលជាមួយគោលនយោបាយរបស់រដ្ឋាភិបាលដោយការគោរពស្មារតីរដ្ឋធម្មនុញ្ញជាតិដែលមានបញ្ចូលខ្លឹមសារពីកិច្ចព្រមព្រៀងនេះ។
ចំណែក លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានថ្លែងដែរថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាកិច្ចព្រមព្រៀងដែលមានតម្លៃជាអន្តរជាតិ ដែលជាយន្តការបញ្ចប់ជម្លោះនយោបាយរវាងខ្មែរ និងខ្មែរ ព្រមទាំងខ្មែរនិងបរទេសមួយចំនួន ដើម្បីឯកភាពជាតិ បូរណភាពទឹកដី អធិបតេយ្យ និង ឯករាជភាពរបស់កម្ពុជាជាមួយគោលការណ៍សិទ្ធិមនុស្សជាការបើកទំព័រប្រវត្តិសាស្ត្រនៃការអភិវឌ្ឍកម្ពុជាសម័យទំនើប។
លោកបានបញ្ជាក់ថា៖ «កិច្ចព្រមព្រៀងតូចៗមួយចំនួនបានអនុវត្តបញ្ចប់ហើយ ប៉ុន្តែនៅមានមួយចំនួននៅមានអាទិភាពសម្រាប់អនុវត្តទាំងសម្រាប់កម្ពុជា និងប្រទេសជាម្ចាស់ហត្ថលេខីដើម្បីជួយកម្ពុជាឱ្យមានសន្តិភាពការបង្រួបបង្រួមជាតិ និងអព្យាក្រឹតភាព»។
ចំណែក លោក ស្រ៊ុន ស្រ៊ន សកម្មជនដែលផ្សព្វផ្សាយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានថ្លែងដែរថា កិច្ចព្រមព្រៀងនេះមានសារៈសំខាន់ធំៗចំនួន ៣ រួមមាន ទី១ ជាការកាត់ផ្តាច់ស្រមោលរបបនិងព្រឹត្តិការណ៍នយោបាយអតីតកាល, ទី២ ជាក្បួនបង្កើតយុគសម័យកាលថ្មីមួយសម្រាប់របបនយោបាយដឹកនាំរដ្ឋកម្ពុជាតាមគន្លងលទ្ធិប្រជាធិបតេយ្យ និងធានាបានរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣។
លោកបន្តថា ទី៣ ជាការធានាលើបូរណភាពទឹកដីកម្ពុជា ទាំងការការពារលើដែនអធិបតេយ្យបច្ចុប្បន្ន និងជាយន្តការទាមទារទឹកដីដែលបរទេសឈ្លានពានមុនកិច្ចព្រមព្រៀងនេះប្រសូតឡើង។
លោកថា៖ «ឯកសារនេះហើយ ដែលជាក្បួនបន្តសម្រាប់ខ្មែរ ហើយយើងអាចសងគុណដូនតា រកយុត្តិធម៌ពីអតីតកាលមុន ១៩៩១ និងទៅអនាគតជាឯកសារបង្គោលផ្លូវច្បាប់ក្នុងការការពារខ្មែរពីការឈ្លានពានរបស់បរទេស ព្រមទាំងភាពចុះសម្រុងនឹងអន្តរជាតិដើម្បីសន្តិភាព»៕