ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន ២៧ នឹងធ្វើពិធីចុះ «កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាព» ក្រោមអធិបតីភាពលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានៅវិមាន ៧ មករា នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ ខាងមុខ។ នេះបើយោងតាមលិខិតអញ្ជើញគណបក្សនយោបាយទាំង ២៧ ដែលចុះហត្ថលេខាដោយលោក ម៉ម សារិន ប្រធានខុទ្ទកាល័យគណៈកម្មការធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។
ទាក់ទងនឹងការចុះកិច្ចព្រមព្រៀងនេះលោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២២ ខែតុលា បានបញ្ជាក់ប្រាប់យ៉ាងខ្លីថា កិច្ចព្រមព្រៀងដែលត្រៀមធ្វើនៅពេលខាងមុខនេះជាកិច្ចសហប្រតិបត្តិការជាមួយគណបក្សដែលមានគោលជំហរនយោបាយស្រដៀងនឹងគណបក្សប្រជាជនកម្ពុជា។
លោក ឈឹម ផលវរុណ ថ្លែងថា៖ «ខ្លឹមសារស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការរង់ចាំដល់ថ្ងៃចុះហត្ថលេខា ទើបគេឱ្យដឹង។ ទោះជាគណបក្សដទៃ ក៏គេមិនឱ្យយើងដឹងមុនដែរគេគ្រាន់តែប្រកាសឱ្យយើងចូលរួមនៅក្នុងសន្និសីទសារព័ត៌មានប៉ុណ្ណោះ»។
ពាក់ព័ន្ធនឹងការចងសម្ព័ន្ធភាពនេះដែរលោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ ដែលជាអ្នកខិតខំប្រឹងប្រែងមួយរូបដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះលេចចេញជារូបរាងឡើងនាពេលខាងមុខនេះបានប្រាប់ឱ្យដឹងកាលពីថ្ងៃទី ២២ ខែតុលាថា ការរួបរួមគ្នានៅពេលនេះ ជារឿងដែលល្អបំផុត ព្រោះថា ក្នុងរយៈពេល ៥០០ ឆ្នាំមុនរហូតមក មិនដែលមាននោះទេ ទើបតែប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានស្ថិរភាព និងសន្តិភាពពិតប្រាកដនៅពេលនេះ។
លោកស្រីបញ្ជាក់ថា ការចងសម្ព័ន្ធភាពនេះ មិនមានអ្វីខុសឆ្គងនោះទេ ព្រោះថា សិទ្ធិចូលរួមនិងសិទ្ធិនយោបាយ គឺជាសិទ្ធិសេរីភាពរបស់គណបក្សនីមួយៗហើយគណបក្សប្រឆាំង ដែលតែងតែតាំងខ្លួនឯងជាអ្នកប្រឆាំងរហូតមក ក៏គេធ្វើបានដូចគ្នាឱ្យតែពួកគេយល់ថា មាននិន្នាការនយោបាយដូចគ្នារីឯគណបក្សដែលស្របក៏អាចធ្វើបានដែរ។ លោកស្រី ពោធិតី សាវត្ថី ថ្លែងថា៖ «ការចងសម្ព័ន្ធជាមួយគណបក្សប្រជាជនកម្ពុជា មិនមែនតែកម្ពុជាមានប្រជាធិបតេយ្យនោះទេ គឺមានទាំងសេរីពហុបក្ស ព្រោះប្រជាធិបតេយ្យ គឺយើងមានរួចហើយ»។
បើតាម លោកស្រី ពោធិតី សាវត្ថី ការចងសម្ព័ន្ធភាពនិងកិច្ចសហប្រតិបត្តិការជាមួយគណបក្សកាន់អំណាចនៅពេលនេះ ព្រោះគ្រប់គណបក្ស នយោបាយបានយល់ឃើញថា ស្ថានភាពពិភពលោក កំពុងស្ថិតនៅក្នុងភាពច្របូកច្របល់ ដែលអាចនឹងឈានដល់សង្គ្រាមលោកលើកទី៣។ ដូច្នេះ បានជាមានការចងសម្ព័ន្ធភាពនេះដើម្បីផ្តល់ប្រយោជន៍ជូនជាតិតាមរយៈការធ្វើឱ្យមានស្ថិរភាពនយោបាយ និងសន្តិភាព នៅក្នុងប្រទេស។
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានថ្លែងនៅថ្ងៃទី ២២ ខែតុលាថា វាជាដំណើរការធម្មតា នៅក្នុងសង្គមប្រជាធិបតេយ្យ។ គណបក្សដែលមាននិន្នាការមិនស្របនឹងគណបក្សប្រជាជនកម្ពុជា ក៏បានចងសម្ព័ន្ធភាពជាមួយគ្នាដែរ រីឯគណបក្សដែលមាននិន្នាការប្រហាក់ប្រហែល ឬស្របជាមួយនឹងគណបក្សប្រជាជនកម្ពុជា ក៏បានប្រកាសចងសម្ព័ន្ធភាពជាមួយគ្នាផងដែរដែលទាំងនេះគឺមិនមានការយល់ទាស់ទៅនឹងការចងសម្ព័ន្ធនេះទេ បើតាមរបបប្រជាធិបតេយ្យរបស់កម្ពុជា ឱ្យតែស្របនឹងរដ្ឋធម្មនុញ្ញ ស្របតាមច្បាប់បោះឆ្នោត និងច្បាប់គណបក្សនយោបាយជាដើម។
លោក យង់ ពៅ បញ្ជាក់ថា៖«នេះជាដំណើរការធម្មតានៃសង្គមប្រជាធិបតេយ្យនៅកម្ពុជា។ ខ្ញុំសង្ឃឹមថា ការចងសម្ព័ន្ធគណបក្សនយោបាយទាំងអស់ បើទោះជាសម្ព័ន្ធមិនមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាល ឬសម្ព័ន្ធដែលមាននិន្នាការស្របនឹងគណបក្សប្រជាជនកម្ពុជា សម្ព័ន្ធទាំងអស់នោះ ត្រូវគិតពីផលប្រយោជន៍ជាតិជាសំខាន់ ជាពិសេសក្នុងខណៈពេលដែលសង្គមឬនយោបាយអន្តរជាតិកំពុងពើបប្រទះនឹងសង្គ្រាមធំៗជាច្រើន រួមនឹងវិបត្តិសេដ្ឋកិច្ចផងដែរ»។
លោកបន្ថែមថា ត្រូវចៀសវាងការចងសម្ព័ន្ធដើម្បីប៉ែងជើងគ្នា ដើម្បីរំខានការអភិវឌ្ឍប្រទេសជាតិ រំខានសុខសន្តិភាពកម្ពុជា នោះគឺជារឿងដែលត្រូវខាតបង់ទៅវិញ។សូមរំឭកថា កាលពីថ្ងៃទី ១០ ខែតុលា កន្លងទៅ គណបក្សនយោបាយជាង ២០ គណបក្ស ដូចជា គណបក្សខ្មែររួបរួមជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរក្រោក, គណបក្សអំណាចប្រជាពលរដ្ឋ, គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សខ្មែរតែមួយ, គណបក្សខ្មែរអភិរក្ស, គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ, គណបក្សយុវជនកម្ពុជានិងគណបក្សមួយចំនួនទៀត បានធ្វើលិខិតរួមគ្នាមួយផ្ញើជូនលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដើម្បីស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាចមួយនេះ។
ជាការឆ្លើយតបលោក ហ៊ុន សែន ក៏បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាពេញចិត្តជាមួយនឹងការចងសម្ព័ន្ធភាពលើមូលដ្ឋាននៃការគោរពឯករាជ្យភាពនៃគណបក្សរៀងៗខ្លួន។ លោកសង្កត់ធ្ងន់ថា៖ «គណបក្សប្រជាជនកម្ពុជា មិនព្យាយាមដើម្បីត្រួតត្រាទៅលើគណបក្សនយោបាយដទៃទេ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាពេញចិត្តនឹងធ្វើការជាមួយគណបក្សផ្សេងទៀត ដោយគោរពនូវឯករាជ្យរបស់គណបក្សទាំងអស់ហើយចាត់ទុកគណបក្សទាំងអស់ជាដៃគូស្មើភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា»៕