ភ្នំពេញៈ មេដឹកនាំអាស៊ាននិងមេដឹកនាំក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) បានថ្កោលទោសការវាយប្រហារលើជនស៊ីវិលក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា (Gaza) របស់ប៉ាឡេស្ទីន និងបានជំរុញឱ្យមានបទឈប់បាញ់ ខណៈមនុស្សជាង ១ ៤០០ នាក់នៅអ៊ីស្រាអែល និងជាង ៤ ០០០ នាក់នៅហ្គាហ្សាត្រូវបានរាយការណ៍ថា បានស្លាប់ចាប់តាំងពីជម្លោះនេះបានកើតឡើងក្នុងរយៈពេលប្រមាណ ២ សប្តាហ៍មកនេះ។
ការថ្កោលទោសនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូល GCC-អាស៊ាន កាលពីថ្ងៃទី ២០ ខែតុលា នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ដែលមេដឹកនាំទាំងនោះបានផ្លាសប្តូរទស្សនៈ និងសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវឌ្ឍនៃជម្លោះនៅតំបន់ហ្គាហ្សានៅមជ្ឈិមបូព៌ានេះ។
កិច្ចប្រជុំកំពូលនេះ ដឹកនាំដោយព្រះអង្គម្ចាស់ Mohammed bin Salmanព្រះមហាក្សត្រ និងជានាយករដ្ឋមន្ត្រីប្រទេសអារ៉ាប៊ី សាអ៊ូឌីត និងលោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី ដោយមានការចូលរួមពីមេដឹកនាំ GCC មេដឹកនាំបណ្តាប្រទេសអាស៊ាន និងអគ្គលេខាធិការ GCC។ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត និងអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន ក៏មានវត្តមានក្នុងកិច្ចប្រជុំកំពូលនេះដែរ។
សេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលនេះបញ្ជាក់នាថ្ងៃទី ២០ ខែតុលាថា៖ «[យើង] ថ្កោលទោសរាល់ការវាយប្រហារលើជនស៊ីវិល និងអំពាវនាវឱ្យមានបទឈប់បាញ់យូរអង្វែង ព្រមទាំងអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ធានាឱ្យបាននូវប្រសិទ្ធភាពបំផុតចំពោះជំនួយមនុស្សធម៌ ជំនួយសង្គ្រោះបន្ទាន់ តម្រូវការជាមូលដ្ឋាន និងសេវាសំខាន់ៗផ្សេងទៀត ក៏ដូចជាការស្ដារឡើងវិញនូវអគ្គិសនី ទឹក និងអនុញ្ញាតឱ្យមានការដឹកជញ្ជូនប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យនៅទូទាំងតំបន់ហ្គាហ្សាដោយមិនមានការរារាំង។
មេដឹកនាំទាំងអស់អំពាវនាវឱ្យភាគីជម្លោះទាំងអស់ ការពារជនស៊ីវិល ចៀសវាងកំណត់គោលដៅវាយប្រហារលើជនស៊ីវិល និងគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសគោលការណ៍ និងបទប្បញ្ញត្តិនៃអនុសញ្ញាទីក្រុងហ្សឺណែវ ទាក់ទងនឹងការការពារជនស៊ីវិលក្នុងសម័យសង្គ្រាម ថ្ងៃទី១២ ខែសីហា ឆ្នាំ ១៩៤៩។
មេដឹកនាំទាំងអស់ក៏អំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំង និងអ្នកជាប់ឃុំជាជនស៊ីវិលជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ជាពិសេសស្ត្រី កុមារ អ្នកជំងឺ និងមនុស្សចាស់។
សេចក្តីថ្លែងការណ៍ដដែលបន្តថា៖ «[យើង] ជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ធ្វើការឈានទៅរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនេះក្នុងគោលបំណងសម្រេចបាននូវដំណោះស្រាយរដ្ឋ ២ ដោយផ្អែកលើព្រំដែនមុនឆ្នាំ ១៩៦៧ ស្របតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)»។
កិច្ចប្រជុំកំពូលនេះបានឯកភាពគាំទ្រគំនិតផ្តួចផ្តើមរបស់អារ៉ាប៊ីសាអ៊ូឌីត សហភាពអឺរ៉ុប និងសម្ព័ន្ធរដ្ឋអារ៉ាប់ ដើម្បីស្តារឡើងវិញនូវដំណើរការសន្តិភាពមជ្ឈិមបូព៌ា ដោយសហការជាមួយអេហ្ស៊ីប និងហ្ស៊កដានី និងដោះស្រាយជម្លោះរវាងអ៊ីស្រាអែល និងប្រទេសជិតខាងស្របតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចទាំងអស់គ្នារបស់អង្គការសហប្រជាជាតិស្តីពីជម្លោះនេះ។
ដោយឡែកនៅថ្ងៃទី ២០ ខែតុលា ដដែលនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានចេញសេចក្តីថ្លែងការណ៍ដែរដោយសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃជម្លោះប្រដាប់អាវុធនាពេលថ្មីៗនេះនៅមជ្ឈិមបូព៌ា។
រដ្ឋមន្ត្រីទាំងអស់បានជំរុញឱ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់ ដើម្បីចៀសវាងការស្លាប់ និងរបួសមនុស្សបន្ថែមទៀត និងអំពាវនាវឱ្យមានការគោរពឱ្យបានពេញលេញនៃច្បាប់មនុស្សធម៌អន្តរជាតិ និងបានអំពាវនាវឱ្យភាគីទាំងអស់បង្កើតច្រករបៀងមនុស្សធម៌ប្រកបដោយសុវត្ថិភាព ឆាប់រហ័ស និងគ្មានការរារាំង។
សេចក្តីថ្លែងការណ៍នេះបញ្ជាក់ថា៖ «យើងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើហិង្សាដែលនាំទៅដល់ការស្លាប់ និងរបួសជនស៊ីវិល ដែលក្នុងនោះមានជនជាតិនៃប្រទេសអាស៊ានផងដែរ។ យើងសូមបញ្ជាក់សាជាថ្មីនូវការគាំទ្ររបស់យើងចំពោះដំណោះស្រាយរដ្ឋ ២ ដែលត្រូវបានបានចរចារួចមកហើយ ដែលអនុញ្ញាតឱ្យទាំងអ៊ីស្រាអែល និងប៉ាឡេស្ទីនរស់នៅក្បែរគ្នាក្នុងសន្តិភាព និងសន្តិសុខស្របតាមសេចក្តីសម្រេចពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នេះជាផ្លូវតែ ១ គត់ដែលអាចដោះស្រាយមូលហេតុនៃជម្លោះ»។
រដ្ឋមន្ត្រីទាំងអស់បានអំពាវនាវបន្ថែមទៀតដល់ភាគីទាំងអស់ឱ្យការពារ និងធានាសុវត្ថិភាព និងសន្តិសុខដល់ជនស៊ីវិលទាំងអស់ រួមទាំងជនជាតិអាស៊ាន និងដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
រដ្ឋមន្ត្រីទាំងអស់បានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ជនជាតិអាស៊ាន ស្របតាមសេចក្តីប្រកាសរបស់អាស៊ានស្តីពីគោលការណ៍ណែនាំស្តីពីជំនួយកុងស៊ុលដោយបេសកកម្មរបស់ប្រទេសសមាជិកអាស៊ាននៅប្រទេសទី ៣ ដល់ជនជាតិនៃរដ្ឋសមាជិកអាស៊ានដទៃទៀត និងគោលការណ៍ណែនាំសម្រាប់ការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដោយបេសកកម្មអាស៊ាននៅប្រទេសទី៣ ដល់ប្រជាពលរដ្ឋនៃប្រទេសសមាជិកអាស៊ានក្នុងស្ថានភាពវិបត្តិ។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា៖ «យើងសូមជំរុញសហគមន៍អន្តរជាតិឱ្យគាំទ្រដំណើរការសន្តិភាព ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់នេះ»។
យោងតាមសារព័ត៌មានអន្តរជាតិបានរាយការណ៍កាលពីថ្ងៃទី ២២ ខែតុលាថា ក្នុងរយៈពេល ២ សប្តាហ៍ចាប់តាំងពីក្រុមហាម៉ាស់បានចាប់ផ្តើមការវាយប្រហាររបស់ខ្លួនលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាមក មានមនុស្សជាង ១ ៤០០ នាក់បានស្លាប់នៅអ៊ីស្រាអែល និងជាង ៤ ០០០ នាក់បានស្លាប់នៅហ្គាហ្សា។ ជនជាតិប៉ាឡេស្ទីន ១ លាននាក់ ដែលក្នុងនោះពាក់កណ្តាលជាកុមារ ត្រូវបានរាយការណ៍ថាបានភៀសខ្លួន៕