ភ្នំពេញ: ក្នុងដំណើរឆ្ពោះទៅការបង្កើតធនធានមនុស្សលើវិស័យអប់រំអន្តរជាតិ សម្រាប់និស្សិតកម្ពុជា កម្មវិធីពិព័រណ៍សិក្សាឆ្នាំ២០២៣ នឹងត្រូវបានរៀបចំលើកដំបូង និងធំបំផុតនៅថ្ងៃទី២៥ និង២៦ ខែតុលា ឆ្នាំ២០២៣។
កញ្ញា ឈាង យូគីលីសា មន្ត្រីផ្នែកទីផ្សារនៃ SpringBoard4Education បានឱ្យដឹងថា នេះគឺជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមក ក្នុងគោលបំណងជំរុញនិស្សិតកម្ពុជា ទៅកាន់វេទិកាអប់រំពិភពលោក។
កញ្ញាបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «Study Fair 2023 មិនមែនគ្រាន់តែជាពិព័រណ៍ទេ វាជាច្រកផ្លូវសម្រាប់យុវជនរបស់យើង ដើម្បីទទួលបានបទពិសោធន៍នៃការអប់រំលំដាប់ពិភពលោក»។
លើសពីការផ្ដល់ព័ត៌មានដល់អ្នកមានទស្សនវិស័យអប់រំអន្ដរជាតិ ពិព័រណ៍ការសិក្សាមានតួនាទីជាវេទិកាមួយដែលសិស្សអាចស្វែងយល់ពីលក្ខខណ្ឌជាក់លាក់នៃតម្រូវការមុនឈានជើងចូលសាកលវិទ្យាល័យ។
សិស្សានុសិស្សដែលបានចូលរួមនឹងមានឱកាសធ្វើការប្រស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកតំណាងមកពីសាកលវិទ្យាល័យនានា ដើម្បីពិភាក្សាអំពីតម្រូវការនាពេលអនាគត និងគោលដៅសិក្សារបស់ពួកគេ។
កញ្ញា លីសា បាននិយាយថា៖ «កម្មវិធីពិព័រណ៍នេះបានផ្ដល់ឱកាសអាហារូបករណ៍សម្រាប់សិស្សានុសិស្សដែលមានការខិតខំប្រឹងប្រែង និងជំរុញបរិយាកាសអំណោយផលសម្រាប់បណ្តាញនិស្សិត»។
គ្រប់មុខវិជ្ជាសិក្សាទាំងអស់ត្រូវបានប្រមូលផ្ដុំនៅក្នុងពិព័រណ៍សិក្សា ជាមួយការផ្ដល់ប្រឹក្សាពីសំណាក់អ្នកតំណាងសាកលវិទ្យាល័យនីមួយៗ ដោយធានាថា សិស្សានុសិស្សគ្រប់រូបចាកចេញពីសាលពិព័រណ៍ជាមួយព័ត៌មានកាន់តែច្បាស់ និងមានចក្ខុវិស័យកាន់តែទូលំទូលាយអំពីដំណើរសិក្សារបស់ពួកគេនៅខាងមុខ។
សិស្ស-និស្សិតដែលចូលរួមក្នុងពិព័រណ៍ឆ្នាំ២០២៣ គឺដើម្បីទទួលបានបទពិសោធន៍ចម្រុះ។ ក្រៅពីត្រូវបានផ្ដល់ប្រឹក្សាដល់តំណាងសាកលវិទ្យាល័យជាង ១០០ មកពីប្រទេសចំនួន ៧ ដូចជា អូស្ត្រាលី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា ស្វ៊ីស សិង្ហបុរី និងប្រទេសថៃ ពួកគេនឹងទទួលបានការយល់ដឹងអំពីតម្រូវការសាលារៀនផ្សេងៗគ្នា។
បុគ្គលិកផ្នែកទីផ្សារ កញ្ញា លីសា បានពន្យល់ថា៖ «សាលាខ្លះផ្តល់អាទិភាពលើពិន្ទុ IELTS និងខ្លះទៀតសង្កត់ធ្ងន់លើ GPA ជាមូលដ្ឋាន»។
SpringBoard4Education ជាសហគ្រាសសង្គម ដែលផ្តល់ការប្រឹក្សា រៀបចំទិដ្ឋាការ និងការចូលរៀនដោយឥតគិតថ្លៃសម្រាប់និស្សិតដែលមានបំណងចង់សិក្សានៅបរទេស។
ប៉ុន្មានឆ្នាំមកនេះ SpringBoard បានពង្រីកវត្តមានរបស់ខ្លួននៅទូទាំងអាស៊ី ជាមួយនឹងអង្គភាពដូចជា SpringBoard4Asia, SpringBoard4Cambodia និងសាខារបស់ខ្លួននៅវៀតណាម ថៃ និងមីយ៉ាន់ម៉ា។
នៅក្នុងឆ្នាំ២០១៥ ជាការសម្គាល់ពេលវេលាដ៏សំខាន់មួយ ដោយគ្រប់អង្គភាពតាមប្រទេសនីមួយៗត្រូវបានប្ដូរមកប្រើឈ្មោះរួមតែមួយ គឺ Springboard4Education។
កញ្ញា លីសា បាននិយាយថា៖ «តាំងពីដំបូងមក ការផ្តោតសំខាន់របស់យើងគឺដើម្បីផ្តល់នូវឱកាសសិក្សាដ៏ល្អបំផុត។ ជារៀងរាល់ឆ្នាំ យើងណែនាំសិស្សរាប់រយនាក់ទៅកាន់ស្ថាប័នអប់រំក្នុងក្តីស្រមៃរបស់ពួកគេ តាមរយៈការប្រឹក្សា និងរៀបចំយ៉ាងហ្មត់ចត់»។
កញ្ញា បានឱ្យដឹងថា អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺលទ្ធភាពសម្រាប់សិស្សានុសិស្សដែលរៀនថ្នាក់ទី ១០ អាចពិចារណាអំពីឱកាសសិក្សានៅក្នុងប្រទេសអូស្ត្រាលី។
កញ្ញាបានបញ្ជាក់ថា៖ «សិស្សថ្នាក់ទី ១០ អាចសិក្សាតែ១ឆ្នាំក្នុងប្រទេសអូស្ត្រាលី ហើយអាចបញ្ចប់បរិញ្ញាបត្ររបស់ពួកគេក្នុងរយៈពេលត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ»។
សម្រាប់អ្នកដែលពិចារណាអំពីឱកាសអាហារូបករណ៍ ពិព័រណ៍សន្យាផ្តល់ព័ត៌មាន និងការណែនាំច្រើន។ ស្ថានទូតល្បីៗចំនួន៣នឹងបង្ហាញកម្មវិធីអាហារូបករណ៍របស់ពួកគេ រួមមាន អាហារូបករណ៍ Fulbright របស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស Chevening និងអាហារូបករណ៍ Australia Awards របស់អូស្ត្រាលី។
លើសពីនេះ និស្សិតអនាគតមានឱកាសទទួលបាននូវខិត្តប័ណ្ណសម្រាប់ប្រឡង IELTS ដោយឥតគិតថ្លៃ ប្រសិនបើពួកគេកំពុងពិចារណាសិក្សានៅបរទេស។
កញ្ញា លីសា បានបន្ថែមថា ស្ថាប័នអប់រំអន្តរជាតិបច្ចុប្បន្នកំពុងចាប់អារម្មណ៍សិស្ស-កម្ពុជាយ៉ាងខ្លាំង ដោយកញ្ញាបានអះអាងថា៖ «សិស្សានុសិស្សរបស់យើងបច្ចុប្បន្នមានសមត្ថភាពខ្ពស់ក្នុងការសិក្សាកម្រិតស្ដង់ដាអន្ដរជាតិ»។
ពិព័រណ៍ការសិក្សាថ្ងៃដំបូង ទី២៥ នឹងចាប់ផ្តើមនៅ The Premier Center សែនសុខ និងថ្ងៃបន្ទាប់នៅ Sofitel Phnom Penh Phokeethra៕