សហជីពក្នុងវិស័យកាត់ដេរ បានសម្តែងការសាទរចំពោះការបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍ក្នុងតំបន់រោងចក្រ ដែលជាចំណុចអាទិភាពរបស់គោលនយោបាយរដ្ឋាភិបាលអាណត្តិទី៧ សម្រាប់អនុវត្តរយៈពេល ២ ឆ្នាំ ដើម្បីជួយសម្រួលទុក្ខលំបាកកម្មករកម្មការិនីក្នុងការថែទាំកូន។
យោងតាមខ្លឹមសារផ្សព្វផ្សាយដោយក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈនៅថ្ងៃទី២៣ ខែតុលា បានឱ្យដឹងថា សហជីពវិស័យកាត់ដេរបានបង្ហាញការគាំទ្រលើគោលនយោបាយរដ្ឋាភិបាលក្នុងការបង្កើតទារកដ្ឋាននិងមតេ្តយ្យសហគមន៍នៅតាមគោលដៅរោងចក្រសហគ្រាសនានា។
លោកប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានលើកឡើងថា ការបង្កើតទារកដ្ឋាននិងមតេ្តយ្យសហគមន៍នៅតាមគោលដៅរោងចក្រសហគ្រាសជាចំណុចល្អដែលជាការគិតគូរដល់ស្ថានភាពជីវភាពរបស់ក្រុមគ្រួសារកម្មករនិយោជិត។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារដដែល។
លោកបានបញ្ជាក់ថា៖«ជាការជួយសម្រួលដល់កម្មករនិយោជិតដែលមានកូនតូច អាចយកកូនទៅផ្ញើនៅទារកដ្ឋាន ឬមត្តេយ្យសិក្សានៅក្បែរកន្លែងធ្វើការងាររបស់គេផង។ ទារកដ្ឋាន និងមត្តេយ្យសហគមន៍នៅក្បែររោងចក្រសហគ្រាស នឹងធ្វើឱ្យកម្មករនិយោជិតដែលមានកូនតូច មានភាពកក់ក្តៅចិត្ត និងមានការផ្តោតអារម្មណ៍ទៅលើការងារ»។
លោក ប៉ាវ ស៊ីណា បន្តថា កន្លងមកកម្មករនិយោជិតដែលមានកូនតូចៗ តែងមានការព្រួយបារម្ភចំពោះសុខភាព សុវត្ថិភាព និងការមើលថែទាំកូន ខណៈពេលខ្លួនកំពុងបំពេញការងារ ហើយក្នុងនាមលោកជាប្រធានសហជីពតំណាងកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ លោកចង់ឃើញគោលនយោបាយបង្កើតទារកដ្ឋាន និងមត្តេយ្យនេះអនុវត្តឱ្យបានឆាប់។
ចំណែក លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី២៣ ខែតុលា ដោយលោកបានបង្ហាញការគាំទ្រលើគោលនយោបាយបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍នេះនៅតាមបណ្តារោងចក្រនេះ ប៉ុន្តែលោកស្នើឱ្យទីកន្លែងទារកដ្ឋាន និងមត្តេយ្យទាំងនោះមានស្តង់ដានិងគុណភាពត្រឹមត្រូវ ជាពិសេសមានអ្នកមើលថែ និងគ្រូបង្រៀនគ្រប់គ្រាន់ និងត្រឹមត្រូវ។
លោកបានបន្តថា កន្លងមក មានបញ្ហាមួយចំនួនក្នុងចំណោមរោងចក្រសហគ្រាស ដែលមិនបានបំពេញតាមគោលការណ៍ច្បាប់ក្នុងការកសាងទារកដ្ឋានតែបែរជាផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករដែលមានកូនតូចទៅវិញហើយដែលកម្មករទាំងនោះក៏សុខចិត្តទទួលយក។ ជាមួយគ្នានេះលោកក៏បានស្នើដល់រដ្ឋាភិបាលឱ្យពិនិត្យបានល្អិតល្អន់ជុំវិញគោលនយោបាយនេះ ដើម្បីអាចបម្រើប្រយោជន៍ពិតប្រាកដសម្រាប់កម្មករនិយោជិត។
សូមបញ្ជាក់ថា ការបង្កើតទារកដ្ឋាននិងមត្តេយ្យសិក្សាសហគមន៍នៅក្បែរតំបន់រោងចក្រគឺជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពទាំង៤ចំណុចនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ដែលត្រូវអនុវត្តក្នុងរយៈពេល២ឆ្នាំ ដោយរាជរដ្ឋាភិបាលបានស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវសហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា តំណាងភាគីនិយោជកនិងតំណាងភាគីកម្មករនិយោជិត។
ពាក់ព័ន្ធនឹងបញ្ហានេះលោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រនិងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃទី២៣ តុលា ក៏បានបង្ហាញការសាទរចំពោះការគោលនយោបាយរបស់រដ្ឋាភិបាលនេះផងដែរ ដោយលោកចាត់ទុកថា ការបង្កើតទារកដ្ឋាននិងមត្តេយ្យសិក្សាសហគមន៍នឹងជួយសម្រួលដល់កម្មករនិយោជិតបានច្រើនទាំងពេលវេលា សតិអារម្មណ៍ និងថវិកា ដែលអាចធ្វើឱ្យកម្មករនិយោជិតបង្កើនផលិតភាពការងារ និងបង្ការហានិភ័យសុវត្ថិភាពកូនៗរបស់ពួកគាត់ទៀតផង។
លោកបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖«ភាគច្រើនកម្មករយើង ច្រើនផ្ញើកូនៗ នៅនឹងជីដូនជីតាឱ្យជួយមើលថែទាំដែលពួកគាត់មិនអាចមើលថែដិតដល់ទេ ហើយខ្លះអាចមិនមានជំនាញមើលក្មេងតូចៗផងដែរ។ បើយើងអាចបង្កើតទារកដ្ឋានបាន វាជួយកាត់បន្ថយហានិភ័យសុខភាពក្មេង ហើយអាចជួយកាត់បន្ថយការចំណាយផង»។
យោងតាមរបាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ កម្មករនិយោជិតជាស្ត្រីចំនួន ៤១៩ ០៤៤នាក់ សម្រាលកូនបានចំនួន ៤០៦ ០១២ នាក់៕