ភ្នំពេញៈ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានលើកឡើងថា ក្រោមនយោបាយឈ្នះ-ឈ្នះ របស់លោកគឺបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅឆ្នាំ ១៩៩៨ ដែលនៅទូទាំងប្រទេសកម្ពុជាបានស្គាល់សន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកទល់សព្វថ្ងៃ។
លោកបានលើកឡើងដូចនេះតាមរយៈតេឡេក្រាមនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៣ ដែលជាខួបទី៣២ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា (២៣ តុលា ១៩៩១-២៣ តុលា ២០២៣)។
លោក ហ៊ុន សែន បន្តថា ៣២ ឆ្នាំមុន ពោលគឺនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ភាគីទាំង ៤ របស់កម្ពុជារួមមាន លោក ហ៊ុន សែន តំណាងឱ្យរដ្ឋកម្ពុជា, ចលនាតស៊ូហ្វ៊ុនស៊ិនប៉ិចដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ តំណាងដោយលោក សឺន សាន និងក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត) តំណាងដោយ លោក ខៀវ សំផន។
ភាគីទាំង ៤ បានឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី ១៨ ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្គ្រាមស៊ីវិលនៅកម្ពុជានៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត)។ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅឆ្នាំ ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេសបានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ»។
ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងតាមរយៈតេឡេក្រាមដែរថា មហារដ្ឋបុរស ១ អង្គ និង ១ រូប បានពូនជ្រំនិងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធីក្នុងការបង្រួបបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគីមកជាធ្លុងមួយក្នុងស្មារតី «ខ្មែរតែមួយ បុព្វហេតុតែមួយ»។
លោកបានបន្តថា៖ «នេះជាកាលានុវត្តភាពនិងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារនិងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ។ សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម»។
ទាក់ទងនឹងខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះដែរ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងប្រវត្តិដ៏វែងអន្លាយនៃដំណើរតស៊ូបញ្ចប់សង្គ្រាម និងស្វែងរកសន្តិភាពនៅកម្ពុជាក្នុងនោះលោក ហ៊ុន សែនគឺជាតួអង្គដ៏សំខាន់ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រនេះ។
លោកបានបញ្ជាក់ថា៖ «នៅពេលគេនិយាយពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គេត្រូវនិយាយពីតួអង្គសំខាន់ ២ គឺព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន (ដោយមានការជ្រោមជ្រែងពីសហគមន៍អន្តរជាតិ)។បើគ្មានការលះបង់និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់តួអង្គទាំង ២ នេះទេ កិច្ចព្រមព្រៀងនេះក៏មិនអាចកើតមានដែរ»។
ទាក់ទងនឹងខួបនេះ កាលពីថ្ងៃទី ២២ ខែតុលា ក្រុមអង្គការសង្គមស៊ីវិល និងសហជីពក៏បានរំឭកខួប ៣២ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ ផងដែរ នៅទីលានប្រជាធិបតេយ្យ។
នៅក្នុងពិធីនោះ លោក នី សុខា ប្រធានសមាគមសិទ្ធិមនុស្សអាដហុកបានថ្លែង ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនមែនកើតឡើងដោយសារការជប់ពីព្រះឥន្ទ្រ ព្រះព្រហ្ម ឬទេវតាណានោះទេ តែកើតឡើងដោយសារតែញើសឈាមរបស់ពលរដ្ឋខ្មែរ។
លោកបានបន្តថា៖ «ពិតណាស់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺកើតឡើងដោយស្មារតីបង្រួបបង្រួមជាតិ ស្មារតីឯកភាពជាតិរបស់មេដឹកនាំខ្មែរគ្រប់ជំនាន់នៅក្នុងសម័យអតីតកាលដែលមិនចង់ឃើញកម្ពុជាធ្លាក់ក្នុងភ្នក់ភ្លើងបន្តទៅទៀត»។
លោក នី សុខា បានបង្ហាញការកត់សម្គាល់ថា ពិតហើយថា មានចំណុចវិជ្ជមានមួយចំនួនដែលរដ្ឋាភិបាលបានអនុវត្តនូវស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ករណីពិសេសគឺការប្រសូតចេញជារដ្ឋធម្មនុញ្ញមួយដែលជាច្បាប់កំពូលនៃប្រទេសកម្ពុជាដែលមានខ្លឹមសារស្របទៅនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ក៏បានលើកឡើងពីចំណុចចំនួន ៣ ទាក់ទងនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរ។
លោកបានថ្លែងថា៖ «ទី១ គឺគោលការណ៍គ្រឹះធំៗទាំង ៤ នៃការដឹកនាំប្រទេស ត្រូវបានបញ្ចូលទាំងស្រុងនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ របស់យើង រួមមាន គោលការណ៍អធិបតេយ្យជាតិនិងបូរណភាពទឹកដី, រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ, ប្រជាធិបតេយ្យសេរីពហុបក្ស និងសិទ្ធិសេរីភាពភ្ជាប់ជាមួយនីតិរដ្ឋ»។
លោកបានបន្តថា ចំណែកចំណុចទី២ គឺរដ្ឋាភិបាលមានកាតព្វកិច្ចត្រូវអនុវត្តនិងគោរពតាមតែរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ នេះ តែប៉ុណ្ណោះ ចំណែកឯកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនេះ មិនមានសុពលភាពទៀតទេ ក្រោយពីរដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលថ្មីមួយ ត្រូវបានបង្កើតឡើងតាមស្មារតីនៃកិច្ចព្រមព្រៀងនេះ។
រីឯចំណុចទី៣ អ្វីដែលកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសសម្រេចបាន គឺការបង្កើតនូវមូលដ្ឋានគ្រឹះនៃរបបដឹកនាំរដ្ឋតាមបែបប្រជាធិបតេយ្យទំនើបមួយនៅកម្ពុជាហើយអ្វីដែលកិច្ចព្រមព្រៀងនេះមិនអាចសម្រេចបានគឺការបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃទាំងស្រុងនៅកម្ពុជានាពេលនោះ៕