ភ្នំពេញៈ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ឱ្យដឹងថា ពូជស្រូវសែនក្រអូប ០១ ជាប្រភេទស្រូវក្រអូបស្រាលដែលមានរយៈពេលខ្លី មិនប្រកាន់រដូវ ទទួលបានទិន្នផលខ្ពស់ ខណៈបច្ចុប្បន្នកសិករ ៤០% កំពុងដាំដុះពូជស្រូវនេះ ដោយសារតែមានតម្រូវការច្រើននៅទីផ្សារចិន និងនៅអឺរ់ុប។
លោក ឡោ ប៊ុណ្ណា នាយក CARDI បានឱ្យដឹងនៅថ្ងៃទី ២៣ ខែតុលាថា ពូជស្រូវសែនក្រអូប ០១ នេះ ជាប្រភេទពូជស្រូវស្រាល ដែលមានក្លិនក្រអូប បើសិនជាកសិករធ្វើជាស្រូវពង្រោះអាចប្រើប្រាស់ពេល ១០៥ ថ្ងៃ ប៉ុន្តែបើស្ទូង ត្រូវប្រើពេល ១១៥ ថ្ងៃ។
ពូជស្រូវនេះបានធ្វើចេញពីពូជស្រូវសែនក្រអូបចំនួន ៤ ពូជ ក្នុងរយៈពេល ៦ ឆ្នាំ ទើបអាចជ្រើសរើសស្រឡាយពូជនេះ បាន ៣ ស្រឡាយហើយយកមកដាំលើដីស្រែ ២ ឆ្នាំទៀតទើបចម្រាញ់បានស្រឡាយ ១ ដែលល្អជាងគេ គឺពូជសែនក្រអូប ០១ នេះ ដែលកសិករអាចដាំដុះបានដោយមិនប្រកាន់រដូវ ប្រសិនបើគាត់គ្រប់គ្រងទឹកបានល្អ។
លោកបញ្ជាក់ថា៖ «ពូជស្រូវសែនក្រអូប០១ នេះ ជាពូជស្រូវមួយដែលមានទីផ្សារល្អ ដោយតម្រូវការទីផ្សារនៅក្រៅប្រទេសមានច្រើនជុំវិញពិភពលោក។ ដូចនេះពូជស្រូវនេះ មានលក្ខណៈល្អណាស់ សម្រាប់កសិករយើងក្នុងការផលិត ដោយមិនបារម្ភក្នុងការខ្វះទីផ្សារ»។
លោកថា ចំពោះទិន្នផលវិញ ស្រូវប្រភេទនេះ ទទួលបានផលចន្លោះពី ៣,៩ តោន ទៅ ៦ តោន ក្នុង ១ ហិកតា អាស្រ័យទៅលើដី មានជីជាតិ និងមានទឹកគ្រប់គ្រាន់។ ពូជស្រូវសែនក្រអូប ០១ នេះ ក្រសួងកសិកម្មបានបញ្ចេញឱ្យកសិករប្រើប្រាស់កាលពីឆ្នាំ ២០១៩ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្មបានជំរុញឱ្យប្រជាកសិករប្រើប្រាស់ពូជសុទ្ធ ដែលធ្វើឱ្យវាមានលក្ខណៈងាយស្រួល សម្រាប់សហព័ន្ធស្រូវអង្ករក្នុងការប្រមូលទិញដើម្បីនាំចេញ។
លោកលើកឡើងថា៖ «កាលណាគាត់យកពូជសុទ្ធទៅប្រើប្រាស់ គឺកសិករយើងគាត់ចំណេញច្រើន ដោយទី១ គាត់អាចកើនទិន្នផលដល់ ១៥ ភាគរយ, ទី២ ស្រូវមានគុណភាពល្អមានទីផ្សារ។ ម្យ៉ាងវិញទៀត កសិករត្រូវប្រមូលផលនៅពេលស្រូវទុំ និងមានសំណើម ២៥ ទៅ ២៧ ភាគរយ ទើបអាចផលិតអង្ករដែលមានគុណភាពល្អបាន»។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ស្រូវសែនក្រអូប ០១ មានតម្រូវការប្រហាក់ប្រហែលគ្នានៅខាងទីផ្សាអឺរ៉ុប និងចិន។ ថ្វីដ្បិតការនាំចេញស្ថិតនៅក្នុងបរិមាណប្រហែលគ្នាមែនប៉ុន្តែចំពោះតម្លៃទឹកប្រាក់នៃការនាំចេញវិញ អង្ករផ្ការំដួលទទួលបានទឹកប្រាក់នាំចេញច្រើនជាងគេ។
លោកថា៖ «ពូជស្រូវ ផ្ការំដួល ដែលផលិតចេញជាអង្ករប្រណីតផ្ការំដួលជាអង្ករល្អផ្តាច់គេលើលោក និងមានតម្លៃថ្លៃ ហើយពូជស្រូវនេះធ្វើបានតែម្តងទេក្នុង ១ ឆ្នាំ គេហៅថា ពូជស្រូវប្រកាន់រដូវ។ ចំណែកសែនក្រអូបវិញ ជាពូជអង្ករក្រអូបធម្មតា ដែលមិនប្រកាន់រដូវ។ ដូច្នេះតម្លៃពូជទាំង ២ នេះមិនអាចប្រៀបផ្ទឹមគ្នាបានទេ»។
តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញអង្ករចំនួន ៤៥៦ ៥៨១ តោននាំចេញដោយក្រុមហ៊ុនចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៧ ដែលគិតជាទឹកប្រាក់មានចំនួន ៣២៧,៤៥ លានដុល្លារ។
ក្នុងនោះបាននាំចេញអង្ករទៅកាន់ប្រទេសចិន និងហុងកុង, ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៦ ប្រទេស, ប្រទេសសមាជិកអាស៊ានចំនួន ៥ ប្រទេស និងនាំចេញទៅកាន់គោលដៅផ្សេងទៀតនៅអាហ្រ្វិក មជ្ឈិមបូព៌ាចំនួន ២៤ ប្រទេស។
ការនាំចេញនេះមានប្រភេទអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨២,៤៣ ភាគរយ, អង្ករសជិត ១២,២៦ ភាគរយ, អង្ករចំហុយ ៣,៣៣ ភាគរយ, អង្ករសរីរាង្គ ១,៧៧ ភាគរយ និងអង្ករសគ្រាប់ខ្លីចំនួន ០,០២ ភាគរយ៕