កាលពី​ថ្ងៃទី ​៥ ខែតុលា ឆ្នាំ​ ២០២៣ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ បរមនាថ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចេញ​ព្រះ​​រាជក្រម​ប្រកាស​ឱ្យប្រើ​ជាការ​ប្រញាប់​នូវ​ច្បាប់​ស្តីពី​ការបង្កើត​ក្រសួង​អធិការ​​កិច្ច​ក្រោយពី​រដ្ឋសភា​បានអនុម័ត​កាលពី​ពាក់កណ្តាល​ខែកញ្ញា ហើយ​ព្រឹទ្ធសភា​ក៏បាន​ពិនិត្យ​រួចរាល់​នៅ​ថ្ងៃទី ២១ ខែកញ្ញា ព្រមទាំង​មានការ​ប្រកាស​យល់​ស្រប​ពី​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​នៅ​ថ្ងៃទី​ ២៨ ខែកញ្ញា​ផងដែរ​។​

​ក្រសួង​អធិការកិច្ច​មានការ​ងា​រ​ និង​រចនាសម្ព័ន្ធ​បន្ត​ពី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​ និង​អធិការកិច្ច ដែល​មន្ត្រី​កំពុង​បម្រើ​ការងារ​ជាមួយ​ក្រសួង​ចាស់​ត្រូវ​បន្ត​អនុវត្ត​តួនាទី​ និង​ភារកិច្ច​ចាស់​របស់ខ្លួន​ដដែល​។​

​ទាក់ទង​នឹង​ការ​អនុវត្ដ​ច្បាប់​នេះ លោក​ ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច បានផ្តល់​បទ​សម្ភាស​ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​ការងារ​ក្រសួង និង​ការប្តេជ្ញាចិត្ត​របស់លោក​ក៏​ដូច​ក្រសួង​ក្នុងការ​ចូលរួម​លើកកម្ពស់​អភិបាលកិច្ច​លើកកម្ពស់​ប្រសិទ្ធភាព​និង​គុណភាព​ស្ថាប័ន​ជាតិ​ជាពិសេស​ការទប់ស្កាត់ និង​បង្ក្រាប​ការរំលោភ​អំណាច​នានា​និង​ប្រឆាំង​អំពើ​ពុករលួយ​ស្របតាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី៧ ​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត តាមរយៈ​សំណួរ​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖

តើ​លោក​អាច​ជម្រាប​បានទេ​ថា រដ្ឋា​ភិ​បាល​មាន​ភាពចាំបាច់​អ្វីខ្លះ​ក្នុងការ​បង្កើត​ក្រសួង​អធិការកិច្ច​ថ្មី​នេះ​?

​លោក​រដ្ឋមន្ត្រី​៖ ក្រសួង​អធិការកិច្ច​កើតឡើង​ពី​ការប្តូរឈ្មោះ​មកពី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​ដោយ​ផ្អែក​តាម​សាវតារ​ប្រ​ទេស​កម្ពុជា​ពី​សម័យ​សង្គមរាស្ត្រនិយម​ចន្លោះ​ឆ្នាំ​ ១៩៥៣​ ដល់​ឆ្នាំ​ ​១៩៧០​ ស្ថា​​ប័ន​វិស័យ​អធិការកិច្ច​ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា​«​គណៈកម្មាធិការ​ជាតិ​នៃ​ការ​បោសសម្អាត​ទូទៅ​»​។

​ក្រោយ​ឆ្នាំ ​១៩៧៩ ​ពេល​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដួលរលំ​ទៅ រដ្ឋាភិបាល​កម្ពុជា​ក៏បាន​រៀបចំ​រចនាសម្ព័ន្ធ​ចាត់តាំង​នយោបាយ​ឡើងវិញ​ដែល​វិស័យ​អធិការកិច្ច​សម័យ​នោះ​មាន​ឈ្មោះថា ​«​ក្រសួង​ត្រួតពិនិត្យ​កិច្ចការរដ្ឋ​» ​ដែល​បង្កើតឡើង​នៅ​ឆ្នាំ ​១៩៨១ បន្ទាប់មក​ប្តូរ​ឈ្មោះ​ទៅជា «​ក្រសួង​ត្រួត​ពិនិត្យ​»​ នៅ​ឆ្នាំ​ ១៩៨៧​។ ​ក្នុង​នីតិកាល​ទី​១ ពី​ឆ្នាំ​ ១៩៩៣​ ដល់​ឆ្នាំ ​១៩៩៨​ ស្ថាប័ន​អធិការកិច្ច​ត្រូវបាន​កែសម្រួល​មកជា​«​អគ្គលេខាធិការដ្ឋាន​អធិការកិច្ច​រាជ​​រដ្ឋាភិបាល​» វិញ​។​

​ការបង្កើត​ក្រសួង​អធិការកិច្ច​ជា​ផ្នែក​មួយ​នៃ​ការកែទម្រង់​របស់​រាជ​រដ្ឋាភិបាល​នីតិកាល​ទី៧ នៃ​រដ្ឋសភា​ដែល​វិស័យ​អធិការកិច្ច​ជា​មូលដ្ឋាន​សំខាន់​ក្នុងការ​​ចូលរួម​លើកកម្ពស់​អភិបាលកិច្ច​ល្អ​ និង​គុណភាព​ស្ថាប័ន​សាធារណៈ​ដើម្បី​បង្កើន​ប្រសិទ្ធភាព ភាព​ស្អាតស្អំ​ពង្រឹង​យុ​ត្តិ​ធម៌​សង្គម និង​ការអភិវឌ្ឍ​ជាតិ ហើយ​ត្រូវ​បានកំណត់​ជា​អាទិភាព នៅក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​។​

លោក​អាច​បញ្ជាក់បាន​ឬទេ​ថា តើ​ក្រសួង​អធិការកិច្ច​នេះ​នឹង​ផ្តល់​សារៈ​សំខាន់​យ៉ាងណា​ដល់​កម្ពុជា ជាពិសេស​សម្រាប់​ដំណើរការ​រដ្ឋាភិបាល​?

លោក​រដ្ឋមន្ត្រី​៖​ វិស័យ​អធិការកិច្ច បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​និង​ពង្រឹង​អភិបាល​​កិច្ច​ដោយបាន​ចុះ​ធ្វើ​អធិការកិច្ច​លើ​គ្រប់​​វិស័យ និង​ដោះស្រាយ​បណ្តឹង​ក្នុង​ដែន​សមត្ថកិច្ច​របស់​រាជ​រដ្ឋាភិបាល​សំដៅ​បង្ការ ទប់ស្កាត់ កែលម្អ និង​មាន​វិធាន​ការ​ចំពោះ​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ ដែល​បាន​ប្រព្រឹត្ត​អំពើ​អសកម្ម​នានា​ក្នុងសង្គម​។ ទន្ទឹមនឹង​នោះបាន​ចូលរួមចំណែក​ទប់ស្កាត់ ប្រយុទ្ធប្រឆាំង កាត់បន្ថយ​នឹង​ឈានទៅ​លុបបំបាត់​អំពើពុករលួយ​ដែលជា​កត្តា​បំផ្លិចបំផ្លាញ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​បន្ថែម​ពីនេះ ក្រសួង​អធិការកិច្ច​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ធានា​ដល់​ការលើកកម្ពស់​អភិបាលកិច្ច​គ្រប់​ស្ថាប័ន គ្រប់​ថ្នាក់ ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ ពង្រឹង​ភាព​ស្អាតស្អំ ក្រមសីលធម៌ ពង្រឹង​យន្តការ​វិន័យ​ការងារ លើក​កម្ពស់​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាជន​ប្រកបដោយ​ប្រសិទ្ធភាព និង​ការជឿទុកចិត្ត​។ ក្រសួង​ក៏​ចូលរួម​ដោះ​ស្រាយ​វិវាទ​ដែល​អាច​ឆ្លើយតបបាន​ទៅនឹង​ស្ថានភាព​ជាក់ស្តែង​របស់​ស​ង្គ​ម​ប្រកបដោយ​ប្រសិទ្ធភាព​ផងដែរ​។​អធិការកិច្ច​ជា​ភ្នែក​ជា​ត្រចៀក​របស់​ថ្នាក់​លើ​និង​ជា​មិត្ត​ដ៏​ជិតស្និទ្ធ​របស់​ថ្នាក់ក្រោម​។​គ្មាន​ភាពជឿជាក់​ណាមួយ​អាច​ជំនួស​ឱ្យ​ការត្រួតពិនិត្យ​បានឡើយ​។​

តើ​លោក​អាច​ជម្រាប​ត្រួសៗ​បានទេ​ថា ក្រសួង​អធិការកិច្ច​ដំណើរការ​យ៉ាងដូចម្តេច​?

​លោក​រដ្ឋមន្ត្រី​៖ ក្រសួង​អធិការកិច្ច​ចែក​ដំណើរការ​សកម្ម​ភាពជា​ ២ ​កម្រិត ដែល​ទី​១ ជា​សកម្មភាព​អភិវឌ្ឍន៍​ផ្ទៃក្នុង​ក្រសួង និង​ទី២ សកម្មភាព​ការងារ​​ជំនាញ​។​នៅ​ផ្នែក​ទី​១ សកម្មភាព​អភិវឌ្ឍន៍​​ផ្ទៃក្នុង​ក្រសួង គឺ​ក្រសួង​មាន​យន្តការ​ចំនួន​ ៤​។ ទី​១ ការពង្រឹង​ស្ថាប័ន ដោយ​រៀបចំ​កែលម្អ​ក្រសួង និង​មន្ទីរ​អធិការ​កិច្ច​រាជធានី​ខេត្ត​ឱ្យមាន​របៀបរៀបរយ កន្លែងធ្វើការ​សមរម្យ បំពាក់​សម្ភារ​បច្ចេក​ទេស​សម​ស្របតាម​បទដ្ឋាន​នៃ​សង្គម​ឌីជីថល​។

​ទី​២ ការកសាង​មូលធន​មនុស្ស​ដោយ​រៀបចំ​បណ្តុះបណ្តាល​មន្ត្រីរាជកា​រ​នៅ​ថ្នាក់​ក្រសួង​និង​មន្ទីរ​អធិការកិច្ច​រាជធានី​-​ខេត្ត​ លើ​គ្រប់​ជំនាញ​ពាក់ព័ន្ធ​ឱ្យមាន​សមត្ថភាព​ខ្ពស់ មន្ត្រី​មាន​ឥរិយាបថ​ល្អ មាន​គុណធម៌​វិជ្ជាជីវៈ​ថ្លៃថ្នូរ​សម្រាប់​បម្រើ​ការងា​រ​ស័ក្តិ​សមជា​មន្ត្រី​អធិការកិច្ច​។

​ទី​៣ ការកសាង​លិខិតបទដ្ឋាន​គតិយុត្ត​ដោយ​សិក្សា​រៀបចំ​លិខិតបទដ្ឋាន​គតិ​យុត្ត​ចាំបាច់​ទាំងឡាយ​ដែល​គាំទ្រ​ដល់​ការងារ​លើ​វិស័យ​អធិការកិច្ច និង​ទី​៤ គឺ​ការបង្កើត​សុខដុម​នីយកម្ម​ផ្ទៃក្នុង​ក្រសួង ដោយ​ការបង្កើន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង របៀប​ធ្វើការ​ជា​សមូហភាព​មានការ​ទទួលខុសត្រូវ មាន​ទំនាក់ទំនង​ល្អ​ពី​ថ្នាក់ដឹកនាំ​រហូតដល់​ម​ន្ត្រី​ថ្នាក់ក្រោម មានការ​ប្រជុំពិភាក្សា​ជាប្រចាំ​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​របស់​ថ្នាក់​ដឹកនាំ​និង​មន្ត្រីរាជការ​ទាំង​នៅ​ថ្នាក់​ក្រសួង និង​មន្ទីរ​អធិការកិច្ច​រាជធានី​ខេត្ត​។​

​នៅ​ផ្នែក​ទី​២ សកម្មភាព​តាម​ការងារ​ជំនាញ​ដោយ​ក្រសួង​នឹងមាន​យន្តការ​សំខាន់ៗ​ចំនួន​ ៣ ក្នុងនោះ ទី​១ ក្រសួង​នឹង​រៀបចំ​យន្តការ​ឱ្យមាន​ការអប់រំ​ផ្សព្វ​ផ្សាយ​ច្បាប់​តាម​គ្រប់​រូបភាព​ដល់​ប្រជា​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ព្រមទាំង​មន្ត្រី​​រាជការ កងកម្លាំងប្រដាប់អាវុធ​ឱ្យបាន​ទូលំទូលាយ​ដើម្បី​ទប់ស្កាត់​ជាមុន​នូវ​ការប្រព្រឹត្ត​ខុសច្បាប់​។ ទី​២ ក្រសួង​នឹង​តាមដាន​ការអនុវត្ត​ការងារ​របស់​ក្រសួង ស្ថាប័ន តាមរយៈ​ការធ្វើ​អធិការកិច្ច​ចាប់ពី​ថ្នាក់កណ្តាល​រហូតដល់​ថ្នាក់មូលដ្ឋាន ដោយ​សម្លឹង​ឱ្យ​ឆ្ងាយ ស្តាប់​ឱ្យ​ច្បាស់ និង​វិនិច្ឆ័យ​ឱ្យបាន​ត្រឹមត្រូវ ស្វែងយល់​ពី​មូលហេតុ​នៃ​ការលំបាក និង​កំហុសឆ្គង ហើយ​ជួយ​កែលម្អ និង​តម្រង់ទិស​ចំពោះ​កន្លែង​ណា​ដែល​អនុវត្ត​ខុសឆ្គង ឬ​មិន​ស័ក្តិសម និង​យក​ជា​គំរូ​ចំពោះ​ស្ថាប័ន​ណា​ដែល​អនុវត្ត​បានល្អ​។

​រីឯ​ទី​៣ ការតាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ ត្រូវធ្វើឡើង​ជាប់​ជាប្រចាំ​លើ​វឌ្ឍន​ភាព​នៃ​ការអនុវត្ត​មុខងារ និង​ភារកិច្ច​របស់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។​សម្រាប់​លោក​ជា​រដ្ឋមន្ត្រីក្រសួង​អ​ធិ​​ការ​កិច្ច​នេះ តើ​លោក​អាចជួយ​បង្ហាញ​ការប្តេជ្ញាចិត្ត​បែបណា​ដើម្បី​តាមដាន​ការអនុវត្ត​ការងារ​របស់​មន្ត្រី ជាពិសេស​ការប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ​ស្របតាម​ទិសដៅ​រដ្ឋាភិបាល​ថ្មី​?

​លោក​រដ្ឋមន្ត្រី​៖ ខ្ញុំ​ប្តេជ្ញា​ចូលរួមចំណែក​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជ​រដ្ឋា​ភិ​បាល​នីតិកាល​ទី​៧ ​នៃ​រដ្ឋសភា និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ​តាមរយៈ​ការបន្ត​ពង្រឹងសមត្ថភាព អភិបាលកិច្ច និង​លើកកម្ពស់​គុណភាព​ស្ថាប័ន​ឱ្យ​បានជា​អតិបរមា ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ដើម្បី​ធានា​ឱ្យបាន​នូវ​ប្រសិទ្ធ​ភាព​នៃ​ការផ្តល់សេវា​សាធារណៈ​ក៏​ដូច​ជា​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​សម្រាប់រ​យៈ​ពេល​វែង​ពង្រឹង​អភិបាលកិច្ច​វិស័យ​ឯក​ជន និង​លើកកម្ពស់​បរិយាកាស​អំ​ណោ​យ​ផល​សម្រាប់​ធុរកិច្ច ការវិនិយោគ​និង​ពាណិជ្ជកម្ម​។

​ជាពិសេស​បន្ត​អនុវត្ត​អភិក្រម​ចំនួន​ ៥ ​ចំណុច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ «​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​»​។​

​ក្រសួង​អធិការកិច្ច​នឹង​លើក​វិធាន​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប លើ​ការ​​រំលោភ​ដោយ​អំណាច​និង​ប្រឆាំង​អំពើពុករលួយ​ចំពោះ​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​ដែលជា​អំពើ​អសកម្ម​ធ្វើឱ្យប៉ះពាល់​ដល់​ការស្តា​រការ​​អភិវឌ្ឍ​ជាតិ និង​អភិបាលកិច្ច​ល្អ​៕