ភ្នំពេញៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបង្កើតក្រុមការងារផ្តល់សេវាជួយគាំទ្រសេដ្ឋកិច្ចសង្គមដល់ជនពិការដោយសារមីន និងសំណល់ជាតិផ្ទុះសង្គ្រាម ក្នុងគោលដៅចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅនិងសុខុមាលភាពរបស់ជនពិការ។
លោក ហេង រតនា អគ្គនាយក CMAC បានលើកឡើងតាមរយៈហ្វេសប៊ុករបស់លោកកាលពីចុងថ្ងៃសប្តាហ៍មុនថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានបង្កើត «ក្រុមការងារ គម្រោងផ្តល់សេវាជួយគាំទ្រសេដ្ឋកិច្ចសង្គមដល់ជនពិការដោយសារមីននិងសំណល់ជាតិផ្ទុះសង្គ្រាម»។ ការបង្កើតនេះក្នុងគោលដៅចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ជនមានពិការភាពដោយសារមីន និងសំណល់ជាតិផ្ទុះសង្គ្រាម។
បើតាមលោក ហេង រតនា ខេត្តគោលដៅសម្រាប់ការអនុវត្តគម្រោងដំណាក់កាលទី១ នេះ មានខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ខណៈមន្ត្រីជំនាញបានទទួលការហ្វឹកហ្វឺននិងបំពាក់សម្ភារបច្ចេកទេសរួចជាស្រេច ដើម្បីចាប់ផ្តើមដំណើរការប្រតិបត្តិការតាមគោលដៅក្នុងផែនការគម្រោង។
លោកបញ្ជាក់ថា៖ «ក្រុមការងារ ផ្ដល់សេវាជួយគាំទ្រសេដ្ឋកិច្ចសង្គមដល់ជនពិការដោយសារមីន និងសំណល់ជាតិផ្ទុះសង្គ្រាមនេះមានភារកិច្ចអនុវត្តសកម្មភាពសំខាន់ៗរួមមាន ការផ្តល់សារអប់រំយល់ដឹងពីមីននិងប្រមូល កម្ទេចសំណល់ជាតិផ្ទុះសង្គ្រាម និងផ្ដល់សេវាកម្មជួសជុលជើង និងដៃសិប្បនិម្មិតជនពិការតាមលំនៅឋាន រួមនឹងការពិនិត្យនិងប្រឹក្សាយោបល់ពីសុខភាពរបស់ជនពិការ ចងក្រងសហគមន៍ជនពិការ»។
ការបង្កើតក្រុមការងារនេះ ក៏មានភារកិច្ចវាយតម្លៃពីតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារដោយផ្តល់ការហ្វឹកហ្វឺនជំនាញបច្ចេកទេសកសិកម្ម និងផ្ដល់ការគាំទ្រការបង្កើតមុខរបរខ្នាតតូចៗ ជាពិសេសគឺប្រមូលព័ត៌មាន និងភ័ស្តុតាងពាក់ព័ន្ធជនពិការ ចងក្រងឯកសារប្រវត្តិសាស្ដ្រដើម្បីរក្សាទុក និងផ្សព្វផ្សាយនៅសារមន្ទីរតេជោសន្តិភាពសម្រាប់អប់រំការយល់ដឹងពីផលវិបាកនៃសង្គ្រាមនៅកម្ពុជា។
ដោយឡែក កាលពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែតុលា អាជ្ញាធរមីនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងអង្គការ UNDP បានសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យសកម្មភាពមីនជូនគណៈប្រតិភូប្រទេសអាមេនី។ យោងតាមអាជ្ញាធរមីន ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានទៅទស្សនាការហ្វឹកហ្វឺនបោសសម្អាតមីននៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីននៅខេត្តកំពង់ឆ្នាំង នៅមជ្ឈមណ្ឌលស្តារកាយសម្បទា និងការបោសសម្អាតមីននៅខេត្តបាត់ដំបង។
នាព្រឹកថ្ងៃទី ២៣ ខែតុលា លោក ហេង រតនា បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយនឹងគណៈប្រតិភូប្រទេសអាមេនី ដែលដឹកនាំដោយលោក Vaghinak Sargsyan នាយកមជ្ឈមណ្ឌលបោសសម្អាតមីនមនុស្សធម៌ប្រទេសអាមេនី ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំង២។
បើតាមលោក ហេង រតនា តាមរយៈកិច្ចពិភាក្សានេះ អង្គភាពបោសសម្អាតមីនមនុស្សធម៌ប្រទេសអាមេនី បានបង្ហាញការចាប់អារម្មណ៍ខ្លាំង លើបទពិសោធន៍ជំនាញបច្ចេកទេសរបស់អង្គភាពស៊ីម៉ាក់ ក៏ដូចជាប្រសិទ្ធភាព និងល្បឿននៃប្រតិបត្តិការបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ តាមរយៈការធ្វើសមាហរណកម្មកម្លាំងជំនាញរួមគ្នា រួមមាន អ្នកឯកទេសបោសសម្អាតមីន ឧបករណ៍បោសសម្អាតមីន គ្រឿងចក្រ សុនខហិតមីន និងកណ្តុរហិតមីនជាដើម។
សូមជម្រាបថា ក្នុងរយៈពេល ៤ ថ្ងៃកន្លងទៅនេះ គណៈប្រតិភូរបស់អង្គភាពបោសសម្អាតមីន មនុស្សធម៌ប្រទេសអាមេនី បានមកទស្សនកិច្ចសិក្សានៅតាមការដ្ឋានបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ នៅខេត្តកំពង់ឆ្នាំង បាត់ដំបង និងខេត្តប៉ៃលិន។
សូមរំឭកថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ នេះ ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួន ២៧ នាក់ ក្នុងនោះខេត្តដែលមានជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមច្រើនជាងគេគឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង និងខេត្តរតនគិរី៕