ភ្នំពេញៈ នគរបាលជាតិជប៉ុនបានស្នើមកកាន់នគរបាលជាតិកម្ពុជា ចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញឱ្យបានកាន់តែខ្លាំងក្លានិងសកម្មថែមទៀត ខណៈសព្វថ្ងៃពលរដ្ឋជប៉ុនកំពុងរងគ្រោះខ្លាំងពីបទល្មើសនេះ ជាពិសេសមានការបង់ខាតទឹកប្រាក់ទំហំរាប់ពាន់លានដុល្លារអាមេរិក។
ការស្នើពីភាគីជប៉ុននេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងលោក ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជានិងលោក Yoshimi Ogata អគ្គនាយករងទទួលបន្ទុកកិច្ចការបរទេស នៃទីភ្នាក់ងារជាតិនគរបាលជប៉ុន នៅអំឡុងសន្និសីទអាស៊ានណាប៉ូលលើកទី៤១ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី ២០ ខែតុលា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៣។
សេចក្តីប្រកាសលើកឡើងថា ក្នុងកិច្ចជំនួបនោះ លោក Yoshimi Ogata បានកោតសរសើរចំពោះនគរបាលជាតិកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តច្បាប់ ដោយបានចាត់ទុកឆ្នាំ ២០២២-២០២៣ នេះ ជាឆ្នាំនៃសមិទ្ធផលកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងទីភ្នាក់ងារនគរបាលជាតិជប៉ុន។ លោក Yoshimi Ogata បានលើកឡើងពីវិបត្តិនៃករណីបទល្មើសឆបោកតាមប្រព័ន្ធអនឡាញដែលកំពុងកើនឡើងទាំងក្នុងតំបន់ និងសកលលោកជាពិសេសនៅក្នុងប្រទេសជប៉ុនដែលកំពុងយាយីដល់ប្រជាជនជប៉ុនជាច្រើននាក់ជាពិសេសការបង់ខាតទ្រព្យសម្បត្តិក្នុងទំហំរាប់ពាន់លានដុល្លារ។
ជាមួយគ្នានោះលោកស្នើដល់ភាគីកម្ពុជា បន្តផ្តល់កិច្ចសហការឱ្យបានជិតស្និទ្ធនិងរឹងមាំបន្ថែមទៀត ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យាមួយនេះឱ្យបានទាន់ពេលវេលាតាមរយៈការផ្តល់មុខសញ្ញាដែលសំងំលាក់ខ្លួន ដែលកំពុងលួចប្រព្រឹត្តបទល្មើសទាំងនេះ។
ជាការឆ្លើយតប លោក ស ថេត បានប្រាប់ភាគីជប៉ុនថា កម្ពុជានឹងបន្តពូនជ្រំសមិទ្ធផលឱ្យកាន់តែទូលំទូលាយ រឹងមាំ ជិតស្និទ្ធនិងស៊ីជម្រៅដើម្បីឆ្លើយតបទៅនឹងជំនួយគាំទ្រផ្តល់ដោយទីភ្នាក់ងារនគរបាលជាតិជប៉ុន ជាមធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេស ដល់កងកម្លាំងនគរបាលកម្ពុជារយៈកាលកន្លងទៅ។
លោក ស ថេត ថ្លែងថា៖ «អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់កិច្ចសហការតាមការស្នើសុំស្របតាមគោលការណ៍ច្បាប់ និងបទដ្ឋានក្រោមច្បាប់ដែលពាក់ព័ន្ធ និងរាល់សំណើសុំកិច្ចសហការនឹងផ្តល់ជូនភ្លាមៗនៅពេលទទួលបានព័ត៌មានច្បាស់លាស់និងមានភ័ស្តុតាងឯកសារគ្រប់គ្រាន់ដែលជាមូលដ្ឋាននៃការបើកកិច្ចប្រតិបត្តិការ»។
លោក ស ថេត ក៏បានស្នើទៅកាន់ភាគីជប៉ុនក្នុងការពិនិត្យលទ្ធភាពជួយអន្តរាគមន៍ចំពោះពលរដ្ឋកម្ពុជា ដែលជួបប្រទះបញ្ហាផ្លូវច្បាប់អន្តោប្រវេសន៍ក្នុងពេលរស់នៅនិងបម្រើការងារ ក្នុងប្រទេសជប៉ុន ដើម្បីឆាប់បានបញ្ជូនត្រឡប់មកកម្ពុជាវិញ និងបានស្នើសុំលើការងារបណ្តុះបណ្តាល កសាងធនធានមន្ត្រីអនុវត្តច្បាប់លើជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ ហើយភាគីជប៉ុនបានទទួលយកទៅពិចារណា។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុកបានថ្លែងថា បញ្ហាបទល្មើសឆបោកតាមប្រព័ន្ធអនឡាញជាបញ្ហាធំហើយជារឿងចាស់របស់កម្ពុជាដែលជាបញ្ហាកម្រិតអន្តរជាតិមួយប៉ះពាល់ដល់មុខមាត់ជាតិកម្ពុជា ដែលអាជ្ញាធរកម្ពុជាគួរបង្កើនការយកចិត្តទុកដាក់ដោះស្រាយបទល្មើសទាំងនេះ ដោយពួតដៃជាមួយភាគីជប៉ុន និងភាគីអន្តរជាតិដទៃទៀត។
លោកថា៖ «យើងមិនចង់ឱ្យករណីបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះបន្តកើតមានតទៅទៀតឡើយ។ យើងចង់ឱ្យអាជ្ញាធរមានសមត្ថកិច្ចដុតដៃដុតជើង មានវិធានការច្បាស់លាស់ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសបច្ចេកវិទ្យានេះ»។
លោកថា បើសិនបញ្ហាបទល្មើសអនឡាញនេះនៅបន្តកើតមានតទៅទៀតហើយនៅបន្តអូសបន្លាយពេលក្នុងការបង្ក្រាបជនល្មើស នោះនឹងបន្តធ្វើឱ្យខាតប្រយោជន៍ជាតិកម្ពុជាទៅលើកេរ្តិ៍ឈ្មោះប្រទេស និងខាតប្រយោជន៍ជាលក្ខណៈអន្តរជាតិពិសេសកម្ពុជាកំពុងប៉ះពាល់ទៅលើលំហូរទេសចរណ៍ ការវិនិយោគ និងទំនាក់ទំនងការបរទេសពាក់ព័ន្ធបញ្ហាឧក្រិដ្ឋកម្មអនឡាញនេះ៕