
អ្នកញៀនគ្រឿងញៀនជិត ៨០ នាក់ បានបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កាលពីថ្ងៃទី ២២ ខែតុលា។ រូបថត រដ្ឋបាលខេត្តបាត់ដំបង
បាត់ដំបងៈ អ្នកញៀនគ្រឿងញៀនចំនួន ៧៩ នាក់ដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង ក្នុងស្រុករតនមណ្ឌល បានបញ្ចប់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈដោយជោគជ័យ និងទទួលបានវិញ្ញាបនបត្រផងដែរ កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៣។
យោងតាមហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបង បានសរសេរថា លោក កែ ស៊ីនួន ប្រធានមជ្ឈមណ្ឌលបន្សាបព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបងបានថ្លែងនាឱកាសនោះថា យុវជនអ្នកញៀនគ្រឿងញៀនចំនួន ៧៩ នាក់ បានទទួលវិញ្ញាបនបត្រដែលមានការទទួលស្គាល់ពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង។
លោកបានថ្លែងថា៖ «សម្រាប់ថ្ងៃនេះ ប្អូនៗបានរៀនជំនាញវិស្វកម្មសំណង់ស៊ីវិលត្រូវបានបញ្ចប់ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលល្អចំនួន ៧៩ នាក់ ហើយប្អូនៗដែលរៀនមិនទាន់ចប់សូមខិតខំរៀនដើម្បីបញ្ចប់ និងទទួលបានវិញ្ញាបនបត្រនេះដែរដើម្បីយកទៅប្រើប្រាស់ក្នុងការប្រកបរបរចិញ្ចឹមខ្លួនឯង និងគ្រួសារ»។
ថ្លែងក្នុងពិធីនោះដែរ លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានបង្ហាញក្ដីរីករាយចំពោះក្រុមយុវជនដែលបានមកទទួលយកការបន្សាប និងព្យាបាលសារធាតុគ្រឿងញៀននៅមជ្ឈមណ្ឌល កែ ស៊ីនួន ខេត្តបាត់ដំបងនាពេលនេះ និងទទួលបានចំណេះជំនាញបច្ចេកទេស។
លោកបានបញ្ជាក់ថា៖ «បច្ចុប្បន្នជំនាញវិជ្ជាជីវៈដែលប្អូនៗបានរៀនសូត្រគឺយើងកំពុងត្រូវការខ្លាំងណាស់ ខណៈដែលយើងកំពុងមានការខ្វះខាតកម្មករជំនាញយ៉ាងច្រើនផងដែរ ដូចជា ជំនាញតបណ្តាញអគ្គិសនី ជួសជុលទូរស័ព្ទ ជួសជុលម៉ូតូនិងម៉ាស៊ីនត្រជាក់ជាដើម»។
លោកបានបន្តថា៖ «សូមយុវជន យុវនារីទាំងអស់ដែលទទួលបានការបន្សាបសារធាតុញៀនហើយ មិនត្រូវទៅប្រព្រឹត្តម្តងទៀតឡើយ ក្នុងនោះពេលបានជំនាញវិជ្ជាជីវៈនេះហើយ ក៏សូមយកទៅប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីបម្រើជីវភាពរស់នៅរបស់ខ្លួន ក៏ដូចជាជួយលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរឡើងផងដែរ»។
ជុំវិញរឿងនេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពបានថ្លែងនៅថ្ងៃទី ២៣ តុលាថា ការបណ្តុះបណ្តាលសម្រាប់អ្នកញៀនគ្រឿងញៀននេះ គឺជារឿងល្អ។ លោកថា មជ្ឈមណ្ឌលបន្សាបព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀននៅទូទាំងប្រទេសផ្សេងទៀត គួរតែរៀបចំវគ្គបណ្តុះបណ្តាលជំនាញបែបនេះដល់ពួកគាត់ឱ្យបានច្រើនដើម្បីអាចឱ្យពួកគាត់មានជំនាញសម្រាប់ចិញ្ចឹមជីវិត។
យ៉ាងណាក្ដី លោក យង់ គិមអេង បានស្នើថា៖ «សូមឱ្យមជ្ឈមណ្ឌលដទៃទៀតបង្កើតវគ្គបណ្តុះបណ្តាលណាមួយដល់ពួកគាត់ ដោយធានាថា ពួកគាត់រៀនចប់មានជំនាញដែលច្បាស់លាស់ និងមានគុណភាពអាចចិញ្ចឹមជីវិតបាន ហើយក៏សូមឱ្យអាជ្ញាធរពាក់ព័ន្ធ ពិសេសក្រុមគ្រួសារត្រូវតែបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ តាមរយៈការលើកទឹកចិត្ត និងមិនមានការរើសអើងលើពួកគាត់ណាមួយឡើយ ដើម្បីឱ្យពួកគាត់អាចប្រកបរបរបាន»។
បើតាមរដ្ឋបាលខេត្តបាត់ដំបង គិតត្រឹមរយៈពេល ៥ ឆ្នាំចុងក្រោយពោលពីឆ្នាំ ២០១៨-២០២២ ខេត្តបានបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងខេត្តបានចំនួន ៣ ៦៩៨ ករណី និងឃាត់ខ្លួន ៦ ០២០ នាក់។ លោក សុខ លូ បានថ្លែងបន្ថែមទៀតថា រដ្ឋបាលខេត្តបាត់ដំបងបាននិងកំពុងខិតខំដោយបន្តធ្វើយ៉ាងណាផ្តាច់ឫសគល់អ្នកចែកចាយគ្រឿងញៀនឱ្យបាន៕