ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ អង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការមូលនិធិសិទ្ធិកុមារ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ដើម្បីដាក់ឱ្យដំណើរការជាផ្លូវការនូវក្របខ័ណ្ឌសាលារៀនសុវត្ថិភាព។ សិក្ខាសាលានេះ ធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែតុលា ដោយមានការគាំទ្រពីមូលនិធិព្រូដិនស៍។
សិក្ខាសាលានេះ មានគោលបំណងចែករំលែក ពីគោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌសុវត្ថិភាពសាលារៀន ទៅដល់អ្នកពាក់ព័ន្ធសំខាន់ៗរួមមាន នាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងអប់រំ យុវជននិងកីឡា និងមន្ទីរអប់រំខេត្ត។ ពង្រឹងការសហការ រវាងក្រសួងអប់រំ និង មន្ទីរអប់រំខេត្ត ការិយាល័យអប់រំស្រុក និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីកវិសាលភាព នៃការអនុវត្តគោលការណ៍ណែនាំនេះ ទៅដល់ស្ថាប័នអប់រំ នៅក្នុងប្រទេសកម្ពុជា។នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម នៃក្រសួងអប់រំ និងអង្គការភ្លែនអន្តរជាតិ។
ប្រភពដដែលឱ្យដឹងថា ក្នុងកិច្ចសហការនេះ ក្រុមហ៊ុនព្រូដិនសល ដើរតួនាទីសំខាន់ ក្នុងការផ្តល់ឥទ្ធិពលជាវិជ្ជមានដល់ ជីវិតរបស់កុមារកម្ពុជា តាមរយៈការធានាសុវត្ថិភាពរបស់ពួកគេ និងធ្វើឱ្យពួកគេរីកចម្រើន ដោយអនុវត្តគោលការណ៍ណែនាំស្តីពីសុវត្ថិភាពសាលារៀន នៅក្នុងសាលារៀន ដើម្បីលើកទឹកចិត្តដល់គ្រូបង្រៀន ឪពុកម្តាយ និងសមាជិកសហគមន៍ក្នុងការយកចិត្តទុកដាក់ និងផ្តោតរួមទៅលើសុខុមាលភាពរបស់កុមារ និងការពារហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមាន។
លោក យី គឹមថាន តំណាងស្តីទីប្រចាំប្រទេស នៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថា គោលការណ៍ណែនាំនេះបានអនុម័ត និងកំពុងអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា នៅសាលាគោលដៅចំនួន៩៦ ដើម្បីដោះស្រាយគ្រោះមហន្តរាយ ដែលកើតឡើងក្នុងវិស័យអប់រំ។ លោកថា គោលបំណងសំខាន់នៃឯកសារនេះ មាន៣គឺ ទី១ការពារអ្នកសិក្សា អ្នកអប់រំ និងបុគ្គលិកពីការស្លាប់ របួស អំពើហិង្សា និងប៉ះពាល់ដល់សាលារៀន និងកន្លែងសិក្សាផ្សេងទៀត។
ចំណែកទី២ គឺការរៀបចំផែនការសម្រាប់ការអប់រំ ដើម្បីការការពារជាបន្តបន្ទាប់ និងការបន្ថយការរំខានផ្សេងៗ ដល់ការសិក្សារបស់កុមារ ក្នុងគោលបំណងឱ្យពួកគេរៀន សម្របខ្លួនទៅនឹងភាពតក់ស្លុត ភាពតានតឹង មុខសញ្ញាគ្រោះថ្នាក់ និងការគំរាមកំហែងគ្រប់ប្រភេទ។ទី៣គឺ លើកកម្ពស់ចំណេះដឹង និងជំនាញរបស់សិស្ស និងអ្នកកាន់កាតព្វកិច្ច រួមចំណែកដល់ការកាត់បន្ថយហានិភ័យ ការកសាងភាពធន់ និងការអភិវឌ្ឍដោយចេរិ៍ភាព។
លោកថ្លែងថា៖«ការអនុវត្តគោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌសុវត្ថិភាពសាលា នឹងជួយគាំទ្រ និងលើកទឹកចិត្តអ្នកពាក់ព័ន្ធសំខាន់ៗ ក្នុងការជួយដល់សុវត្ថិភាព និងកិច្ចការពារកុមារ។យើងសង្ឃឹមថា តាមរយៈគោលការណ៍ណែនាំនេះ សិស្សនឹងរៀនដោយមិនមានភាពភ័យខ្លាចនៅក្នុងកន្លែង ដែលមានសុវត្ថិភាព និងប្រកបដោយគុណភាព ដូច្នេះ ពួកគេអាចសម្រេចបាននូវក្តីសុបិនរបស់ពួកគេបាន»។
លោក Chee Weng Yip នាយកផ្នែកលក់ និងចែកចាយ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ថ្លែងថា កង្វល់របស់មនុស្សគ្រប់គ្នាគឺការប្រែប្រួលអាកាសធាតុ មិនថា ពួកគេមកពីកន្លែងណា ធ្វើការនៅទីណា មកពីឧស្សាហកម្ម ឬវិស័យណានោះទេ។ កំណើននៃការបំផ្លិចបំផ្លាញ ដែលកើតឡើង ដោយការប្រែប្រួលអាកាសធាតុ ជារឿងទុក្ខកង្វល់១ ជាពិសេសពេលដែលកុមារជាជនរងគ្រោះដោយបញ្ហាទាំងនោះ។
លោកបន្ថែមថា ការការពារ និងការធានានូវសុវត្ថិភាពកុមារនៅក្នុងសហគមន៍ ដែលងាយរងគ្រោះ គឺជាការងារដ៏សំខាន់ ក្នុងការជួយដល់សហគមន៍។ទន្ទឹមនឹងនេះ កិច្ចសហការជាមួយដៃគូអង្គការភ្លែនអន្តរជាតិ ជាមោទនភាពរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា ព្រោះក្នុងការអនុវត្តគម្រោងសាលាសុវត្ថិភាពនេះ គឺដើរស្របគ្នាជាមួយនឹងបេសកកម្ម នៃក្រុមហ៊ុន។
លោកថ្លែងថា៖ «តាមរយៈការលើកស្ទួយក្នុងវិស័យអប់រំ និងលើកកម្ពស់ភាពរឹងមាំ ក្នុងការប្រឈមមុខជាមួយនឹងគ្រោះមហន្តរាយ។ គោលដៅសំខាន់បំផុតរបស់យើង គឺដើម្បីបង្កើតអនាគតប្រកបដោយចីរភាព១ ដែលកុមារគ្រប់រូបអាចលូតលាស់រីកចម្រើន និងបំពេញបាននូវសក្តានុពលរបស់ពួកគេ»។
លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា ថ្ងៃបញ្ចប់សិក្ខាសាលាជាថ្ងៃចាប់ផ្តើមអនុវត្តសកម្មភាព តាមក្របខ័ណ្ឌសាលារៀនសុវត្ថិភាព នៅតាមសាលារៀន តាមតំបន់ទីតាំង ដែលសាលារៀនអាចមានលទ្ធភាពទទួលធ្វើបានឱ្យមានលទ្ធផលចេញជាផ្លែផ្កាក្នុងរយៈពេលណាមួយ ដែលអាចកន្លះឆ្នាំ ឬ ១ ឆ្នាំសិក្សា។ លោកបានលើកឡើងទៀតថា ក្រសួងអប់រំ យុវជននិងកីឡា និងខិតខំជំរុញការងារនេះ ទៅដល់មធ្យមសិក្សាបន្ថែមទៀត ក្នុងការបញ្ជ្រាបការយល់ដឹងពីការប្រែប្រួលអាកាសធាតុ និងការបង្ការទុកមុននូវគ្រោះមហន្តរាយដែលអាចកើតឡើង។
លោកថ្លែងថា មានហេតុបច្ច័យមួយចំនួនដែលធ្វើឱ្យកុមារាកុមារី បាត់ឱកាសក្នុងការសិក្សារៀនសូត្រ នោះគឺ បញ្ហាគ្រោះមហន្តរាយ ដែលចែកចេញជាគ្រោះមហន្តរាយធម្មជាតិ ដែលមានទឹកជំនន់ ខ្យល់កន្ត្រាក់ បាក់ដី រន្ទះបាញ់ជាដើម និងគ្រោះមហន្តរាយដែលកើតឡើងដោយសារមនុស្សបង្កើតឡើង ដែលមានអាវុធជាតិផ្ទុះគ្រប់ប្រភេទ និងម្សៅគីមីបំពុល។
លោកថ្លែងថា៖ «គ្រោះមហន្តរាយធម្មជាតិយើងអត់អាចទប់បានទេ ជាបច្ច័យប្រែប្រួលធម្មជាតិ មានខ្យល់កន្ត្រាក់ ភ្នំភ្លើង រញ្ជួយផែនដីជាដើម ប៉ុន្តែដែលគេបារម្ភ១ ទៀតនោះគឺគ្រោះមហន្តរាយ ដែលបង្កើតដោយមនុស្សក្រោមមេឃ មានអាវុធជាតិផ្ទុះផ្សេងៗ ម្សៅពុល ព្រោះសព្វថ្ងៃនាំគ្នាប្រកួតប្រជែង»។
លោកបានបន្ថែមលើនេះនៅមានបញ្ហាមួយចំនួនទៀត ដែលនាំឱ្យកុមារបាត់ឱកាសសិក្សារៀនសូត្រ គឺបញ្ហាជំងឺរាតត្បាត សង្គ្រាម ពិការភាព និងការស្ថិតនៅក្នុងភូមិសាស្ត្រដែលងាយរងគ្រោះ៕