ភ្នំពេញៈលោក ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាអតីតនាយករដ្ឋមន្ត្រី បានបង្ហាញក្ដីសង្ឃឹមថា ជប៉ុននឹងបន្តជួយកម្ពុជាថែមទៀតទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដោយស្នើសុំឱ្យជប៉ុនជំរុញការអភិវឌ្ឍនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីឱ្យកំពុងផែនេះអាចមានសមត្ថភាពប្រកួតប្រជែងខ្លាំង។
ក្នុងជំនួបជាមួយលោក គូម៉ូរ៉ា ម៉ាសាហីកូ (Kumura Masahiko) អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន និងជាអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យសេរីជប៉ុន នៅថ្ងៃទី២៤ ខែតុលា នៅរាជធានីភ្នំពេញ លោក ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ បើទោះបីជាឆ្លងកាត់ការរីករាលដាលនៃជំងឺកូវីដ១៩ តែការវិនិយោគរបស់ជប៉ុនមានការកើនឡើង។
បណ្តាញសង្គមរបស់លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «សម្តេចតេជោផ្តល់នូវសេចក្តីសង្ឃឹមថា ជប៉ុននឹងបន្តជួយកម្ពុជាថែមទៀតទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលត្រូវតែលើកតម្កើងក្នុងនោះសម្តេចបានសំណូមពរឱ្យមានការជំរុញការអភិវឌ្ឍនៅកំពង់ផែក្រុងព្រះសីហនុ ធ្វើយ៉ាងណាឱ្យជម្រៅភទឹកជ្រៅដើម្បីអាចឱ្យនាវាធំៗដឹកទំនិញចូលដល់កំពង់ផែក្រុងព្រះសីហនុដើម្បីឱ្យកំពង់ផែក្រុងព្រះសីហនុអាចមានសមត្ថភាពប្រកួតប្រជែងខ្លាំង រួមទាំងការពន្លឿនការតភ្ជាប់ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស»។
ក្នុងជំនួបនោះ លោក ហ៊ុន សែន បានលើកឡើងអំពីតួនាទីសំខាន់របស់ជប៉ុនក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាដោយលោកបន្ថែមថា ជប៉ុនបានដើរតួនាទីនិងផ្តល់មូលនិធិច្រើនជាងគេនៅអង្គការសហប្រជាជាតិ ដែលស័ក្តិសមទទួលបាននូវតួនាទីកំពូលនោះ។
លោកបានបន្តថា ថ្វីដ្បិតតែលោកលែងកាន់អំណាចជានាយករដ្ឋមន្ត្រី ប៉ុន្តែលោកនៅតែជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយគណបក្សនេះ និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រី មិនមានការប្រែប្រួលក្នុងនយោបាយការបរទេសរបស់ខ្លួនចំពោះប្រទេសជប៉ុននោះទេ។
លោក ហ៊ុន សែន បានបន្ថែមថា កម្ពុជានៅតែរក្សាទំនាក់ទំនង និងគោលនយោបាយល្អប្រសើរ និងពង្រឹងពង្រីកថែមទៀតនៃទំនាក់ទំនងរវាងប្រទេសទាំង២។កម្ពុជាគាំទ្រគោលនយោបាយ ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ ដែលគំនិតផ្តួចផ្តើមនេះឈរលើគោលដៅសំខាន់៣ រួមមាន ទី១ បម្រើឱ្យសន្តិភាព និងការអភិវឌ្ឍទី២ មិនប្រឆាំងនឹងប្រទេសណាមួយ និងទី៣គាំទ្រចំពោះមជ្ឈភាពរបស់អាស៊ាន។
លោកបានបន្ថែមទៀតថា លោក Kumura គឺជាឥស្សរជនជប៉ុនមួយរូប ដែលបានរួមចំណែកក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា និងធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំង២ មានការរីកចម្រើន ជាដៃគូដ៏ល្អ ពោលគឺចាប់តាំងពីឆ្នាំ១៩៩០មក ហើយថា ប្រទេសទាំង២ មានការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាតំបន់ និងអន្តរជាតិ។ ក្នុងនោះកម្ពុជាគាំទ្រជប៉ុន ជាសមាជិកអចិន្រៃ្ដយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅពេលមានការកែទម្រង់។
ជំនួបនោះក៏មានវត្តមានលោក ភីឌីអូ អូគុប៊ុក អគ្គនាយកក្រុមហ៊ុនសាជីវកម្មហ្វ៊រវ៉ើល និងជាប្រធានមូលនិធិស៊ីសេស ដែលជាអ្នកជំនួញនិងជាអ្នកសេដ្ឋកិច្ចមួយរូបដែលធ្លាប់បានមកកម្ពុជារយៈពេលជាង ១០ ឆ្នាំ កន្លងមកផងដែរ។លោកបានចូលមករួមចំណែកក្នុងការកសាងសេដ្ឋកិច្ច ជាទីប្រឹក្សាសេដ្ឋកិច្ច និងជាទីប្រឹក្សាផ្តល់យោបល់នៅកម្ពុជា។
ជាមួយគ្នានេះលោក ហ៊ុន សែន បានសំណូមពរឱ្យលោកអូគុប៊ុក បន្តវិនិយោគនិងលើកទឹកចិត្តឱ្យអ្នកវិនិយោគជប៉ុនបង្កើនសកម្មភាពនៅកម្ពុជាថែមទៀតនិងជួយរកទីផ្សារនាំទំនិញពីកម្ពុជាទៅប្រទេសជប៉ុន។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៤ ខែតុលា ថា ជប៉ុនគឺជាប្រទេសផ្តល់ជំនួយឈានមុខគេកាលពីមុនលើការកសាងហេដ្ឋារចនាសម្ព័ន្ធហើយឥឡូវនេះចិនឈានមុខ។ លោកបន្ថែមថា៖«ការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ជប៉ុនគឺប្រជាជនកម្ពុជាក៏ដូចជាយើងឃើញជាក់ស្ដែងទទួលស្គាល់ថាមានគុណភាពល្អ»។
លោកបន្តថា ជប៉ុនក៏បានជួយកសាង និងពង្រីកកំពង់ផែព្រះសីហនុជាលំដាប់លំដោយ ដែលបន្ថែមទៅលើអ្វីដែលជាជំនួយពីមុនមក។ កំពង់ផែនេះគឺជាច្រកសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ការលើកដាក់ទំនិញចេញទៅទីផ្សារអន្តរជាតិក៏ដូចជាពីទីផ្សារអន្តរជាតិចូលមកកម្ពុជាដែរ។
លោក យង់ ពៅ បានបន្ថែមថា៖«ម្យ៉ាងកំពង់ផែរបស់យើងនៅមិនទាន់គ្រប់ស្តង់ដាសម្រាប់នាវាធំៗ កប៉ាល់ធំៗចូលចតនៅឡើយទេ។ ដូច្នេះកន្លងទៅសម្រាប់នាវាធំៗគឺយើងប្រើប្រាស់កំពង់ផែរបស់វៀតណាមអីជាដើម។ អ៊ីចឹង កំពង់ផែកំពង់សោមមិនទាន់ដល់កម្រិតសមត្ថភាពដែលអាចឱ្យនាវាធំៗចូលបានទេ។ អ៊ីចឹងកម្ពុជាត្រូវការអភិវឌ្ឍបន្ថែមទៀត ដែលជាច្រកនៃការអភិវឌ្ឍសេដ្ឋកិច្ចដ៏សំខាន់ទៅលើផែដឹកជញ្ជូនហ្នឹង»៕