ភ្នំពេញៈ ក្រសួងការបរទេស និងស្ថានទូតជប៉ុន នឹងចុះហត្ថលេខាលើឯកសារផ្តល់ជំនួយរបស់រដ្ឋាភិបាលជប៉ុនដែលមានទឹកប្រាក់ប្រមាណ ៩,៧ លានដុល្លារអាមេរិកនាថ្ងៃទី ២៦ ខែតុលា ដើម្បីអនុវត្តគម្រោងសម្រាប់ការកសាងបណ្ដាញស្ថានីយវាស់វែងអចិន្រៃ្តយ៍ដោយផ្កាយរណបទូទាំងប្រទេស។
លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក Ueno AtsushI ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជានឹងចុះហត្ថលេខារួមគ្នាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ជំនួយឥតសំណងនេះនៅទីស្តីការក្រសួង។
គោលបំណងនៃគម្រោងនេះ គឺដើម្បីពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈការដំឡើងស្ថានីយវាស់វែងអចិន្រៃ្តយ៍ដោយផ្កាយរណប ដើម្បីរួមចំណែកដល់ការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។
ក្រសួងការបរទេសបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទិ ២៤ ខែតុលាថា៖ «កាយវិការដ៏សប្បុរសនេះបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុន ក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ ជំនួយនេះ រួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២ដែលកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូត»។
ក្នុងជំនួបជាមួយលោក Komura Masahiko អតីតរដ្ឋមន្ត្រីការបរទេសជប៉ុននាថ្ងៃទី ២៤ ខែតុលា នៅវិមានសន្តិភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងមានការកើនឡើងលើគ្រប់វិស័យ ជាពិសេសនៅក្នុងវិស័យទេសចរណ៍, វិនិយោគ និងការប្រស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំង ២៕