កំពង់ស្ពឺៈ អ្នកភូមិស្រែកិន ក្នុងស្រុកឱរ៉ាល់មួយចំនួនបានបង្វែរពីចូលព្រៃកាប់ឈើនិងបរបាញ់សត្វព្រៃមកចងក្រងគ្នាជាសហគមន៍ដាំដំណាំវិលជុំជំនួសវិញ។ សហគមន៍មួយនេះស្ថិតក្នុងភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។
ប្រជាកសិករជាង ២០ គ្រួសារ ហាក់កំពុងធ្វើជាគំរូដល់អ្នកភូមិស្រែកិន ខណៈពួកគាត់បានប្ដូរមុខរបរដើរបរបាញ់សត្វនិងកាប់ព្រៃឈើមកធ្វើកសិកម្មវិញម្តង។ នេះជាការអះអាងរបស់លោក អ៊ឹម សន ជាមេភូមិស្រែកិន ជំនួសឱ្យប្រជាសហគមន៍ទាំងជាង ២០ គ្រួសារនៅក្នុងភូមិរបស់លោក។
លោក អ៊ឹម សន បានឱ្យដឹងថា ប្រជាពលរដ្ឋធ្វើរបរកសិកម្មនេះមានជាង ២០ គ្រួសារ ហើយបច្ចុប្បន្នពួកគាត់បានចងក្រងគ្នាជាសហគមន៍មួយតូចនៅក្នុងភូមិ។ ប៉ុន្តែបើតាមលោកដឹង គឺប្រជាកសិករណាចង់ចូលក្នុងសហគមន៍ឬមិនចង់ចូលគឺអាស្រ័យទៅលើបុគ្គលរូបនោះពោលគឺមិនតម្រូវឱ្យគាត់ដាច់ខាតត្រូវតែចូលទេ។
លោកបានបន្តថា ចំពោះផ្ទៃដីដែលពួកគាត់កំពុងដាំដំណាំមានទំហំប្រមាណ ៣០ ហិកតា ហើយជាការធ្វើកសិកម្មវិលជុំ។ បានន័យថា ពួកគាត់ដាំដោយឡែកៗពីគ្នា ដូចជា ចម្ការត្រប់វែងដាំមួយកន្លែងទៅ រីឯដីដាំដើមចេកក៏ដាំមួយផ្នែកទៅដែលក្នុងដីនោះមានដាំដំណាំ អំពៅ ម្ទេស ល្ហុង ល្ពៅ ននង ត្រឡាច ត្រសក់ និងមានដំណាំផ្សេងទៀត។
លោកមេភូមិបានប្រាប់ថា ពួកគាត់ដាំដំណាំវិលជុំនិងបេះផលបានជារៀងរាល់ថ្ងៃ រាល់ខែ ហើយអ្វីដែលពិសេសនោះ គឺពីមុនពួកគាត់ក៏ដូចជាអ្នករស់នៅក្នុងភូមិស្រែកិនទាំងមូលដែរ ភាគច្រើនចូលព្រៃកាប់ឈើបរបាញ់សត្វ។តែឥឡូវពួកគាត់ប្តូរទម្លាប់ពីការកាប់ព្រៃឈើមកធ្វើកសិកម្មវិញម្តង។
លោកបានបញ្ជាក់ថា៖ «ពួកគាត់ចងក្រងជាកូនសហគមន៍តូចដើម្បីសហការគ្នាដាំដំណាំ។គាត់នាំគ្នាប្រមែប្រមូលមនុស្សដែលអ្នកខ្លះធ្លាប់បរបាញ់សត្វ កាប់ព្រៃឈើយកមកធ្វើកសិកម្មជាមួយគ្នាគាត់ បើពួកគាត់ចូលព្រៃវាធ្វើឱ្យបាត់បង់សម្បត្តិធម្មជាតិ»។
ចំពោះប្រភពទឹកសម្រាប់ស្រោចស្រពដំណាំវិញ លោក អ៊ឹម សន បានប្រាប់ថា គឺប្រជាសហគមន៍បានរួមគ្នាទិញទុយោទាញទឹកពីជើងភ្នំឱរ៉ាល់។ ហេតុដូច្នេះហើយទឹកមានខួបប្រាំងខួបវស្សាធ្វើឱ្យចម្ការរបស់គាត់មានទឹកជាប់រហូត។ លុះពេលពួកគាត់ប្រមូលផលបាន គឺយកទៅចែកចាយលក់នៅក្នុងខេត្តកំពង់ស្ពឺនិងតំបន់នៅក្បែរៗនោះដែលធ្វើឱ្យពួកគាត់អាចមានចំណូលបន្ថែមពីការធ្វើស្រែ។
លោក ទេព ណែម មេឃុំត្រពាំងជោរប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដែរថា ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំត្រពាំងជោរប្រកបរបរធ្វើស្រែនិងដាំដំណាំរួមផ្សំ។ក្រៅពីផុតរដូវធ្វើស្រែពួកគាត់តែងនាំគ្នាឡើងភ្នំដើម្បីកាប់ឈើ និងបរបាញ់សត្វ។ ដោយមើលឃើញស្ថានភាពបែបនេះ ហើយម្យ៉ាងទៀតដើម្បីកែប្រែទម្លាប់របស់ប្រជាពលរដ្ឋពីការកាប់ឈើបរបាញ់សត្វនោះ ទើបអាជ្ញាធរពាក់ព័ន្ធតែងតែផ្សព្វផ្សាយដល់មូលដ្ឋានភូមិ-ឃុំធ្វើយ៉ាងណាឱ្យពួកគាត់យល់ដឹងពីគុណតម្លៃព្រៃឈើនិងសត្វព្រៃធម្មជាតិ។
លោកបានបន្តថា អាជ្ញាធរពាក់ព័ន្ធតែងតែអប់រំណែនាំដល់ពលរដ្ឋក្នុងមូលដ្ឋានដែលទី១- ការឡើងភ្នំកាប់ឈើជាអំពើល្មើសច្បាប់ ប្រសិនបើជួបមន្ត្រីព្រៃឈើ។ ទី២- នៅពេលដែលប្រជាពលរដ្ឋឡើងភ្នំបើខែវស្សា អាចសត្វមូសខាំកើតជាជំងឺគ្រុនចាញ់ ឬគ្រុនឈាមឬក៏សត្វពស់ចឹកជាដើម។ ហេតុដូច្នេះបើបងប្អូនអាចបង្វែរទៅរកទទួលទានរបរអីផ្សេងស្របច្បាប់ជាការល្អជាពិសេសគឺការដាំដំណាំកសិកម្មក៏ជាការល្អមួយដែរ។
លោកបានថ្លែងថា៖ «ការរួមគ្នាចងក្រងជាសហគមន៍ដាំដំណាំកសិកម្មនេះខ្ញុំត្រេកអរណាស់ ព្រោះពួកគាត់បានយល់ពីរបរខុសច្បាប់ដោយបោះចោលអាការងារហ្នឹងហើយបាននាំគ្នាមកចាប់យករបរកសិកម្មខ្ញុំអរគុណគាត់ណាស់»។
លោកបានបន្ថែមថា ជាញឹកញាប់ប្រជាពលរដ្ឋរស់នៅក្នុងឃុំត្រពាំងជោរតែងទទួលបានការបណ្តុះបណ្តាលជំនាញកសិកម្មខ្លះៗដែរពីមន្ត្រីនៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ឬក៏ពីមន្ត្រីជំនាញស្រុកឱរ៉ាល់ ។ ជាទម្លាប់កាលពីមុនៗប្រជាពលរដ្ឋភាគច្រើន តែងឡើងភ្នំបរបាញ់សត្វកាប់ព្រៃឈើ តែពេលនេះពួកគាត់បង្វែរពីចូលព្រៃមកប្រកបរបរផ្សេងៗវិញ។ ពួកគាត់ខ្លះជាកម្មកររោងចក្រកាត់ដេរ ខ្លះប្រកបរបរកសិកម្មធ្វើស្រែ និងលក់ដូរជាដើម។
ពាក់ព័ន្ធការធ្វើកសិកម្មរបស់ប្រជាពលរដ្ឋក្នុងឃុំត្រពាំងជោរនេះដែរ លោក ឈាង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ដីនៅតំបន់ត្រពាំងជោរក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សម្រាប់ការធ្វើកសិកម្មគឺជាដីមិនអន់ទេ ហើយប្រជាកសិករក៏អាចដាំដំណាំកសិឧស្សាហកម្មដូចជាដំឡូង ពោត អំពៅ បានដែរ។កិច្ចការដាំដុះដំណាំនេះខាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តកំពង់ស្ពឺកំពុងតែជំរុញនិងពន្យល់ដល់ប្រជាកសិករបន្ថែមទៀតដើម្បីឱ្យគាត់យល់អំពីវិធីដាំដុះដំណាំផ្សេងៗ។
លោកបានបញ្ជាក់ថា៖ «រឿងដីកាលណាយើងប្រើប្រាស់យូរវាអាចខ្សោះជីជាតិដែរ ហើយដើម្បីឱ្យទិន្នផលបានល្អទី១- យើងត្រូវមានការថែទាំ។ ទី២- ត្រូវតែមានជីជាសារធាតុចិញ្ចឹមសម្រាប់ដំណាំឱ្យវាបានផលល្អ។ បើកាលណាយើងរំពឹងតែលើដីធម្មជាតិសុទ្ធសាធ វាមិនឱ្យផលសមប្រកបទៅតាមអ្វីដែលយើងចង់បានទេហើយប្រាក់ចំណេញក៏មានកំណត់តិចតួចដែរ»៕