ភ្នំពេញៈ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលោក គិន ភា បានឱ្យដឹងថា សៀវភៅក្រោមចំណងជើងថា «សម្តេចតេជោ ហ៊ុន សែន៖ អ្នកគូសវាសជោគវាសនាកម្ពុជា» ជាភាសាអង់គ្លេសត្រូវបានសម្ពោធឱ្យប្រើនៅថ្ងៃទី ២៥ តុលា បន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាបានបកប្រែរួចរាល់ដោយប្រើពេលអស់ ៦ ខែ។
សៀវភៅដែលនិយាយពីលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាក្នុងដំណើរប្រវត្តិសាស្ត្រសម័យទំនើបកម្ពុជា គឺជាស្នាដៃរបស់លោកកែវ បាភ្នំ ប្រធានគណៈស្រាវជ្រាវប្រវត្តិសាស្ត្រគណបក្សប្រជាជន និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីដែលមានតម្លៃជាមេរៀនការទូតហើយសៀវភៅនេះបោះពុម្ពជាភាសាខ្មែរ កាលពីឆ្នាំ ២០២២ ក្រោមការចាត់ចែងរបស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា។
លោក គិន ភា បានឱ្យដឹងថា លោកជាអ្នកចាត់ចែងការបកប្រែស្នាដៃសៀវភៅនេះទៅជាភាសាអង់គ្លេស «SAMDECH DECHO HUN SEN: MAN OF CAMBODIA''S DESTINYÈ»ដែលក្រុមការងារមាន ៤នាក់ បានចំណាយពេលជាង៦ខែ ក្នុងការបកប្រែសៀវភៅនេះដោយទទួលបានជោគជ័យ និងបានប្រកាសសម្ពោធជាផ្លូវការក្នុងវេទិកាភ្នំពេញ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។
លោកបានបញ្ជាក់ថា៖ «ការបកប្រែនេះមានការលំបាកខ្លះៗដែរ ដោយសារជាឯកសារពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើបចាប់ពីអំឡុងទសវត្សរ៍ឆ្នាំ១៩៦០, ១៩៧០ និង១៩៨០ ជាពិសេសមានការលំបាកទៅលើពាក្យបច្ចេកទេសមួយចំនួនដែលពាក់ព័ន្ធនឹងមនោគមន៍វិជ្ជានយោបាយគ្រាសម័យនោះក៏ដូចជាឈ្មោះទីតាំងភូមិសាស្ត្រមួយចំនួនទៅវៀតណាម ដែលក្រុមការងារលំបាកក្នុងការសរសេរជាភាសាអង់គ្លេស»។
លោក គិន ភា បានបន្តថា សៀវភៅនេះបានរំលេចពីរឿងសម្ងាត់ក្នុងជីវិតរបស់លោកហ៊ុន សែន និងបញ្ហានយោបាយប្រហែលពី៧០ភាគរយ ទៅ៨០ភាគរយ មិនមាននរណាធ្លាប់ដឹង ហើយជាស្នាដៃដែលមានតម្លៃផ្នែកការទូតជាខ្លាំងដោយបានឆ្លុះបញ្ចាំងពីរបបការទូតនៃរដ្ឋតូចដូចជាកម្ពុជាក្នុងការតស៊ូក្នុងព្យុះភ្លៀងសង្គ្រាមត្រជាក់ ក៏ដូចជាការរើបម្រះខ្លួនចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
សៀវភៅនេះ ក៏និយាយពីការតស៊ូទាំងលំបាកក្រោមគំនាប និងសម្ពាធអន្តរជាតិពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ និងដំណើរស្វែងរកសន្តិភាពពេញលេញដែលពុំធ្លាប់មានរយៈពេល៥០០ឆ្នាំ។
លោក គិន ភា សង្កត់ធ្ងន់ថា៖ សៀវភៅនេះផ្ដល់ព័ត៌មានបានគ្រប់គ្រាន់ដល់មជ្ឈដ្ឋានអ្នកអានបរទេស ដើម្បីស្វែងយល់ពីសម្ដេចតេជោ ហ៊ុន សែន និយាយដោយឡែក និងកម្ពុជានិយាយជារួម ក៏ដូចជាបរិបទនយោបាយតំបន់និងពិភពលោកផងដែរ»។
លោកបានបន្តដែរថា កន្លងមក បរទេសមួយចំនួនពុំដែលយល់ពីរបៀបដែលកម្ពុជាប្រឹងរស់យ៉ាងត្រដរពីរបបប្រល័យពូជសាសន៍ និងកិច្ចខិតខំស្វះស្វែងរកសន្តិភាពនោះឡើយ ជាពិសេសពីរបៀបដែលកម្ពុជាអាចអភិវឌ្ឍប្រទេសរហូតមានការអភិវឌ្ឍដូចបច្ចុប្បន្ន។
លោកថា៖ «ការទូតនៃរដ្ឋតូចរបស់កម្ពុជា គឺពិតជាមេរៀនដ៏សំខាន់មួយសម្រាប់ពិភពលោក ដែលចាំបាច់ត្រូវតែសិក្សា រៀនសូត្រ ជាពិសេស គឺស្វែងយល់ពីរបៀបដែលសម្ដេចតេជោកាច់ចង្កូតការទូតកម្ពុជាក្នុងឋានៈជារដ្ឋតូចមួយដែលអាចប្រឈមនឹងសម្ពោធអន្ដរជាតិផងនិងប្រឹងរស់ឡើងវិញ ស្តារ កសាង និងអភិវឌ្ឍជាតិ រហូតក្លាយជារដ្ឋមួយដែលដើរតួនាទីយ៉ាងសំខាន់ និងសកម្ម នៅក្នុងកិច្ចការតំបន់និងអន្ដរជាតិ»។
ជាមួយគ្នានេះលោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាក៏បានលើកឡើងដែរថា ស្នាដៃនេះមានតម្លៃសត្យានុម័តសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា ក៏ដូចជាមេរៀនសម្រាប់ពិភពលោកផង ខណៈលោកហ៊ុន សែន ជាតួអង្គសំខាន់មួយរូបក្នុងដំណើរប្រវត្តិសាស្ត្រសម័យទំនើបនិងជាម៉ូដែលគំរូមួយក្នុងផ្នែកការទូត ដែលជាបុគ្គលសំខាន់នាំយកសន្តិភាពនិងការអភិវឌ្ឍរយៈពេលយូរដល់កម្ពុជា។
លោកបានថ្លែងថា៖ «ការបកប្រែស្នាដៃសៀវភៅអំពីសម្តេចតេជោ ហ៊ុន សែន ដែលនិពន្ធដោយលោកកែវ បាភ្នំទៅជាភាសាអង់គ្លេសនេះនឹងចូលរួមចំណែកបង្កើនភាពងាយស្រួលដល់ការសិក្សាស្វែងយល់អំពីកម្ពុជាពីសំណាក់ជនបរទេស ជាពិសេសពាក់ព័ន្ធកម្ពុជាសម័យទំនើប»។
ពាក់ព័ន្ធនឹងចំណុចនេះដែរ លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់លោកហ៊ុន សែន និងជាអ្នកធ្លាប់បានសរសរស្នាដៃមួយចំនួនពាក់ព័ន្ធនឹងអតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានឱ្យដឹងដែរថា សៀវភៅ «សម្តេចតេជោ ហ៊ុនសែន៖ អ្នកគូសវាសជោគវាសនាកម្ពុជា» ជាឯកសារមានតម្លៃសម្រាប់ផ្គូផ្គងប្រវត្តិសាស្ត្រកម្ពុជារយៈពេល ៥០០ឆ្នាំចុងក្រោយ និងជាស្នាដៃដែលយុវជនខ្មែរគួរអាន។
លោកបន្ថែមថា៖«ការបកប្រែសៀវភៅនេះ ទៅជាភាសាអង់គ្លេសគឺជាឱកាសដ៏ល្អមួយក្នុងការធ្វើឱ្យមិត្តបរទេសបានដឹងកាន់តែច្បាស់ពីដំណើរនិងរបត់នយោបាយនិងការដឹកនាំដ៏ស្មុគស្មាញរបស់មហាបុរសរដ្ឋកម្ពុជា គឺសម្តេចតេជោហ៊ុនសែន»៕