ភ្នំពេញៈ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានស្នើដល់រាជរដ្ឋាភិបាលចំនួន ២ ចំណុច រួមមានការគាំទ្រផ្នែកហិរញ្ញវត្ថុ តាមរយៈការផ្តល់ហិរញ្ញប្បទានដល់អ្នកអភិវឌ្ឍន៍លំនៅឋាន និងការផ្តល់សិទ្ធិដល់ជនបរទេស ក្នុងការទិញលំនៅឋាននៅតាមគម្រោងបុរីនានា ដើម្បីស្រោចស្រង់វិស័យសំណង់នៅកម្ពុជា។
យោងតាមហ្វេសប៊ុកសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីថ្ងៃទី២៤ ខែតុលា បានលើកឡើងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានរៀបចំកិច្ចប្រជុំបន្ទាន់១ដោយមានការចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងលោក លី ហួរ ប្រធានសមាគមកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។
កិច្ចប្រជុំបន្ទាន់នេះពិភាក្សាអំពីស្ថានភាពវិស័យសំណង់នៅកម្ពុជា ជាពិសេសពិភាក្សាទៅលើបញ្ហាប្រឈមបច្ចុប្បន្ន ដែលវិស័យសំណង់នៅកម្ពុជាកំពុងជួបប្រទះ, ពិភាក្សាលើស្ថានភាពហិរញ្ញវត្ថុ ដើម្បីជួយគាំទ្រ និងទ្រទ្រង់ដល់វិស័យសំណង់នៅកម្ពុជា និងពិភាក្សាលើទិដ្ឋភាពច្បាប់ ដើម្បីអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញលំនៅឋាន និងដីនៅក្នុងគម្រោងបុរី។
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានបន្តថា នៅក្នុងកិច្ចប្រជុំនោះ លោក សាយ សំអាល់ បានលើកបន្ថែមថា ក្រសួងក៏បានរៀបចំសំណើ និងគោលនយោបាយមួយចំនួនបន្ថែមទៀត ដើម្បីដាក់ស្នើជូនទៅប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រដល់វិស័យសំណង់។
ប្រភពដដែលបានបញ្ជាក់បន្ថែមថា៖«តាមពិតទៅគោលការណ៍នេះ យើងបានស្នើទៅកាន់រាជរដ្ឋាភិបាលរួចហើយ ដោយយើងចង់ស្នើរដ្ឋាភិបាលទម្លាក់ថវិកា និងសិក្សាលទ្ធភាពក្នុងការបង្កើតច្បាប់ផ្តល់សិទ្ធិឱ្យជនបរទេសទិញលំនៅឋាននៅក្នុងបុរីបាន»។
សមាគមបានបន្តទៀតថា កន្លងទៅ នៅតាមប្រទេសមួយចំនួននៅក្នុងតំបន់ និងក្នុងពិភពលោក ដូចជាចិន ជាដើម រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ ដើម្បីជួយស្រោចស្រង់វិស័យសំណង់ ឬវិស័យផ្សេងៗទៀតឱ្យរស់រានឡើងវិញខណៈដែលវិស័យសំណង់នេះ ជាវិស័យដ៏ធំនិងសំខាន់១ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងទីភ្នាក់ងារអចលនវត្ថុ ថ្លែងថា រាជរដ្ឋាភិបាល និងវិស័យឯកជនក្នុងស្រុក គួរមានការកែលម្អ បរិយាកាសវិនិយោគ និងជំរុញការគាំទ្របន្ថែមទៀត ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសដែលទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ។
លោកបានប្រាប់បន្ថែមនៅថ្ងៃទី២៥ ខែតុលាថា ការវិនិយោគបន្ថែមពីក្រៅបន្ថែម អាចនឹងជួយវិស័យនេះវិញដែរ ដូចនេះរាជរដ្ឋាភិបាលគួរមានការធ្វើកំណែទម្រង់ច្បាប់មួយចំនួនទៅលើវិស័យអចលនទ្រព្យតាមយន្តការដែលអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិកាន់កាប់ ឬវិនិយោគលើអចលនទ្រព្យ។
លោកច្រឹក សុខនីម បានបញ្ជាក់ថា៖«ទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ រដ្ឋាភិបាលគួរតែផ្តល់ឱកាស ឬនាំយកប្រភពទុនធំៗចូលមកព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ឱកាសឱ្យអ្នកនៅក្នុងស្រុកនិងបរទេសមានលទ្ធភាពមកវិនិយោគនៅកម្ពុជា និងអាចទទួលបានប្រាក់កម្ចីធ្វើការវិនិយោគនៅក្នុងគម្រោងរបស់ខ្លួនផងដែរ»។
របាយការណ៍ពីធនាគារជាតិនៃកម្ពុជា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣នេះ ក្នុងចំណោមឥណទានលើវិស័យសេដ្ឋកិច្ចទាំងមូល មានទំហំទឹកប្រាក់២៣៨,៧ទ្រីលានរៀល ដោយក្នុងនោះ ឥណទានក្នុងវិស័យអចលនទ្រព្យ មានទំហំទឹកប្រាក់១៩,៦ទ្រីលានរៀល កើនឡើង១៦ភាគរយ, ឥណទានក្នុងវិស័យសំណង់១៨,៣ទ្រីលានរៀល កើនឡើង៩,២ភាគរយ បើធៀបនឹងឆមាសទី១ កាលពីឆ្នាំ២០២២៕