ភ្នំពេញៈក្រសួងបរិស្ថាន នឹងជំរុញបន្ថែមដល់វិស័យឯកជនឱ្យចូលរួមក្នុងចលនានៃការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ«ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដើម្បីអាចនាំឱ្យកម្ពុជាក្លាយទៅជាប្រទេសនាំមុខគេក្នុងការប្រយុទ្ធប្រឆាំងសំណល់រឹង ជាពិសេសសំណល់ប្លាស្ទិក។
យោងតាមសេចក្ដីជូនដំណឹងដែលបានចុះហត្ថលេខាដោយលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែតុលា បានឱ្យដឹងថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីថែរក្សាបរិស្ថានឱ្យបានស្អាត និងរក្សាបានអនាម័យល្អជាប្រយោជន៍ដល់ការការពារសុខភាព និងសុខុមាលភាពសាធារណៈនៅក្នុងប្រទេសកម្ពុជា។
លោកបានលើកឡើងទៀតថា ដើម្បីឱ្យយុទ្ធនាការនេះក្លាយទៅជាចលនាមួយមានកម្លាំងខ្លាំងក្លា អាចនាំឱ្យកម្ពុជាក្លាយទៅជាប្រទេសនាំមុខគេក្នុងការប្រយុទ្ធប្រឆាំងសំណល់រឹង ជាពិសេសសំណល់ប្លាស្ទិក ក្រសួងស្នើឱ្យវិស័យឯកជនទាំងអស់ចូលរួមដឹកនាំកម្មករនិងបុគ្គលិករបស់ខ្លួនអនុវត្តយុទ្ធនាការនេះនៅតាមស្ថាប័នរបស់ខ្លួនផងដែរ។
លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា៖ «ខ្ញុំសូមស្នើដល់ម្ចាស់ឬនាយករោងចក្រ សហគ្រាស ក្រុមហ៊ុន វិស័យឯកជន មេត្តាជំរុញចលនាចូលរួម និងដឹកនាំបុគ្គលិក កម្មករទាំងអស់អនុវត្តយុទ្ធនាការនេះនៅតាមបណ្ដារោងចក្រ សហគ្រាស ក្រុមហ៊ុន សំដៅជំរុញអនុវត្តការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅកម្ពុជាឱ្យទទួលបាន ជោគជ័យទាំងអស់គ្នាកុំបីអាក់ខានឡើយ»។
បើតាមលោក អ៊ាង សុផល្លែត គ្រាន់តែក្នុងរយៈពេលមិនដល់៦០ថ្ងៃ ក្រោយដាក់ចេញនៃយុទ្ធនាការនេះ មានសិស្សានុសិស្សទូទាំងប្រទេស ព្រមទាំងលោកគ្រូ អ្នកគ្រូ ប្រមាណជាង២លាននាក់មកពីសាលាជាង ៩០០០ បានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្ថែមទៀតថា ជាមួយគ្នានេះ រោងចក្រ សហគ្រាសមួយចំនួន កាកបាទក្រហមកម្ពុជា សង្គមស៊ីវិល អង្គការមិនមែនរាជរដ្ឋាភិបាល និងវត្តអារាមមួយចំនួន ក៏បាននិងកំពុងចូលរួមយ៉ាងផុសផុលនៅទូទាំងប្រទេសក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកផងដែរ។
ទាក់ទិននឹងបញ្ហាប្លាស្ទិកនេះ លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) បានប្រាប់ឱ្យដឹងដែរថា បើទោះបីជាក្រសួងបរិស្ថានបានខិតខំធ្វើការច្រើនទៅលើបញ្ហាប្លាស្ទិកជាមួយដៃគូពាក់ព័ន្ធក៏ដោយ ប៉ុន្តែចំពោះចំណាត់ការទូទៅដែលមានលើបញ្ហាប្លាស្ទិកនេះ វាហាក់បីដូចជាមិនទាន់មានប្រសិទ្ធភាពនោះទេ។
លោកបន្តថា មិនទាន់មានប្រសិទ្ធភាពដោយសារមិនទាន់ឃើញមានយន្តការណាមួយរបស់ស្ថាប័នរដ្ឋ បានធ្វើការលើកទឹកចិត្តឱ្យមានការវិនិយោគដោយកែច្នៃបន្ថែមទៅលើបញ្ហាប្លាស្ទិក ខណៈមានការរកឃើញថា ឧស្សាហកម្មកែច្នៃប្លាស្ទិក ឬក៏សិប្បកម្មកែច្នៃប្លាស្ទិកទាំងអស់នោះ សុទ្ធសឹងតែកំពុងស្ថិតក្នុងស្ថានភាពលំបាកដែលមិនអាចធ្វើការប្រកួតប្រជែងបាន។
មួយវិញទៀត ទាក់ទងនឹងគោលនយោបាយកំណត់ថ្លៃប្លាស្ទិកឬកំណត់ដំឡើងពន្ធប្លាស្ទិកនេះ គឺឃើញថាវានៅមានកម្រិកតិចតួចនៅឡើយ ហេតុនេះការចរាចរប្លាស្ទិកនៅលើទីផ្សារ វាហាក់ដូចជាមានភាពងាយស្រួលខ្លាំងមែនទែន ខណៈតម្លៃប្លាស្ទិកវិញវាក៏មានតម្លៃថោកខ្លាំងដែរ ទើបធ្វើឱ្យប្រជាពលរដ្ឋកាន់តែងាយស្រួលប្រើ។
លោក ហេង គឹមហុង បានបញ្ជាក់ថា៖ «ដូច្នេះបញ្ហាទាំងអស់នេះឯងដែលរាជរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន និងស្ថាប័នជំនាញ គួរតែពិចារណាក្នុងការជំរុញបង្កើនតម្លៃប្លាស្ទិកនៅលើទីផ្សារ និងបញ្ឈប់ការចែកចាយប្លាស្ទិកដោយឥតគិតថ្លៃ ដើម្បីដាក់កាតព្វកិច្ចឱ្យប្រជាពលរដ្ឋទាំងអស់ បានកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទើបមានប្រសិទ្ធភាព»។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដែលយុទ្ធសាស្ត្រស្នូលនេះ ផ្តោតលើមុំសំខាន់៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីឆ្លើយតបនឹងបញ្ហាសកលការប្រែប្រួលអាកាសធាតុ៕