ភ្នំពេញៈក្រុមសិង្ហក្រហមភ្នំពេញក្រោនរបស់កម្ពុជា នឹងត្រូវធ្វើការប្រកួតជម្រុះសន្សំពិន្ទុវគ្គចែកពូលនៃពានរង្វាន់ AFC Cup ជាមួយក្រុមខ្លាំង Macarthur FC របស់ប្រទេសអូស្ត្រាលី នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅល្ងាចម៉ោង ៧ ថ្ងៃទី ២៦ ខែតុលា ដើម្បីប្រជែងគ្នាយក ៣ ពិន្ទុដ៏មានន័យ សម្រាប់ការប្រកួតលើកទី៣ ក្នុងជុំទី១ នេះ។
ការវិលមកជួបគ្នាជាលើកដំបូងរវាងក្រុមម្ចាស់ផ្ទះភ្នំពេញក្រោននិងក្រុម Macarthur FC លើកនេះ បានក្លាយជាការប្រជែងគ្នាយ៉ាងសំខាន់បំផុតដើម្បីស្វែងរកក្រុមឈ្នះត្រូវឡើងទៅឈរនៅលេខ ១ ប្រចាំពូល F នៃការប្រកួតជុំទី១ នេះ ព្រោះ ២ ប្រកួតកន្លងមកនេះ ភ្នំពេញក្រោន និង Macarthur FC បានយកឈ្នះក្រុម DH Cebu របស់ហ្វីលីពីន និងក្រុម Shan United FC របស់មីយ៉ាន់ម៉ាដូចគ្នា។
យ៉ាងណាក៏ដោយ ក្រុមលីគកំពូលរបស់អូស្ត្រាលី Macarthur FC រកបានគ្រាប់បាល់ច្រើនជាងក្រុមភ្នំពេញក្រោន ដើម្បីឈរនៅលេខរៀងទី១ ជាបណ្តោះអាសន្ន ដោយក្នុងនោះពួកគេ បានឈ្នះក្រុម Shan United ៣-០ នៅក្រៅទឹកដីនិងបានលត់ក្រុម DH Cebu ៨-២ នៅក្នុងទឹកដី ចំណែកភ្នំពេញក្រោនបានយកឈ្នះក្រុម DH Cebu ៣-០ សម្រាប់ការប្រកួតបើកឆាកនៅក្រៅទឹកដី និងបានបន្តឈ្នះក្រុម Shan United ៤-០ នៅក្នុងទឹកដី កាលពីថ្ងៃទី ៥ ខែតុលា។
ជាមួយគ្នានេះ លោក Oleg Starynskyi គ្រូបង្គោលក្រុមភ្នំពេញក្រោនបានមើលឃើញថា ការប្រកួតជាមួយក្រុម Macarthur FC ជាលើកដំបូងនេះ នឹងមានភាពតានតឹងខ្លាំង ព្រោះពួកគេមកពីប្រទេសអូស្ត្រាលី ដែលមានកម្រិតបាល់ទាត់សម្បូរបែប និងជាប្រទេសធ្លាប់បានលេងដល់ World Cup ទៅហើយ ហេតុនេះសមាជិករបស់ Macarthur សឹងតែអាចចាត់ទុកថា ជាកីឡាករបរទេសទាំងអស់ទៅហើយ។
បន្ថែមលើនេះ Macarthur FC មានកីឡាករបរទេសល្បីឈ្មោះ៣នាក់ រួមមានខ្សែបម្រើម៉ិចស៊ិក Ulises Davila អ្នកចាំទីសញ្ជាតិប៉ូឡូញ Filip Kurto និងខ្សែប្រយុទ្ធរបស់បារាំង Valere Germain ដោយពួកគេសុទ្ធតែធ្លាប់ជាប់ជាជម្រើសជាតិយុវជនតំណាងឱ្យប្រទេសរបស់ខ្លួន ជាពិសេស Valere Germain ដែលធ្លាប់លេងជាមួយក្រុម Monaco ក្រុម Nice ក្រុម Marseille និងក្រុម Montpellier នៃលីគកំពូលបារាំង ដោយលេងសរុបបាន ៤៧០ ប្រកួត និងរកបានគ្រាប់បាល់សរុប ១០៥ គ្រាប់ ខណៈការប្រកួតពាន AFC Cup នេះ Germain រកបាន៣គ្រាប់ហើយ។
យ៉ាងណាក៏ដោយ លោក Mile Sterjovski គ្រូបង្គោលក្រុម Macarthur FC បានប្រាប់ក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃទី ២៥ ខែតុលាថា Valere Germain មិនបានធ្វើដំណើរមកកម្ពុជានោះទេ ដោយលោកបានបញ្ជាក់ថា ខ្សែប្រយុទ្ធម្នាក់នេះមានការប៉ះទង្គិចបន្តិចបន្តួចពីការប្រកួតមុនដែលត្រូវតែមានការផ្លាស់ប្តូរដើម្បីទុកពេលឱ្យគាត់បានសម្រាកសម្រាប់ការប្រកួតក្រោយៗទៀត។
ទោះបីជាយ៉ាងណា លោក Mile Sterjovski នៅតែមានការជឿជាក់ក្នុងការឈ្នះ ៣ ពិន្ទុ។ លោកបញ្ជាក់ថា៖ «យើងដឹងថា ភ្នំពេញក្រោន ជាក្រុមខ្លាំងដែលកើតចេញពីកីឡាករម្នាក់ៗ ព្រោះពួកគេទទួលការបង្វឹកបានល្អ ប៉ុន្តែយើងក៏មានក្រុមដែលខ្លាំងដែរ។យើងមានភាពជឿជាក់លើសមត្ថភាពរបស់ក្រុមយើងហើយយើងមកទីនេះ ដើម្បីទទួលបានពិន្ទុ ហើយយើងនឹងលេងតាមបាល់ទាត់របស់យើង ដោយខ្ញុំគិតថា វានឹងក្លាយជាប្រកួតដ៏អស្ចារ្យ»។
ចំណែកលោក Oleg Starynskyi ក៏បានបង្ហាញអន្ទះសា ក្នុងការប្រកួតជាមួយក្រុម Macarthur FC ផងដែរ ព្រោះលោកយល់ថា នេះវាជាពេលដ៏ល្អមួយ ដែលភ្នំពេញក្រោន បានជួបគូប្រកួតខ្លាំង ហើយវាក៏ជាលើកទី១ ផងដែរ ដែលក្រុមតំណាងកម្ពុជា បានប្រកួតជាមួយក្រុមតំណាងអូស្ត្រាលី។
លោកបានបញ្ជាក់ថា៖ «ក្រុមរបស់អូស្ត្រាលី មានការរៀបចំផ្សេងៗពីក្រុមនៅអាស៊ាន គឺបរិយាកាសរបស់ពួកគេ ប្រៀបដូចជានៅអឺរ៉ុប ដោយមានកីឡាករមានគុណភាពល្អ មានប្រវត្តិល្អ ពួកគេក៏លេងដល់ World Cup ហើយបាល់ទាត់អាចនិយាយបានថា កម្រិតខ្ពស់ដោយអាចលេងនៅអឺរ៉ុប ដូចជាក្នុង Europa League និង Champions League អ៊ីចឹងខ្ញុំអាចនិយាយបានថា Macarthur ជាក្រុមនឹងអាចឈ្នះពាន AFC Cup នេះ ដូច្នេះពួកគេនឹងសាកល្បងយើង ហើយយើងរង់ចាំមើលទាំងអស់គ្នា»៕