ភ្នំពេញៈប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) លោក JENS Ruebbert ថ្លែងកោតសរសើរលើភាពជាអ្នកដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងមានសុទិដ្ឋិនិយមខ្ពស់លើការដឹកនាំ ខណៈលោក ហ៊ុន ម៉ាណែត បង្ហាញពីគោលដៅគាំទ្រលើវិស័យឯកជន និងស្វាគមន៍ការវិនិយោគនានាផងដែរ។
ការថ្លែងកោតសរសើរ និងការឆ្លើយតបរវាងលោក ហ៊ុន ម៉ាណែត និងលោក JENS Ruebbert ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងភាគីទាំង ២ នៅវិមានសន្តិភាព កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤ ដែលមានការចូលរួមពីគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន។
ក្នុងនោះ គណៈប្រតិភូចំនួន ២៥ រូប ក្នុងចំណោម ៧៥ រូប ជាតំណាងក្រុមហ៊ុនធំៗក្នុងវិស័យភេសជ្ជៈនិងអាហារ, សវនកម្ម, ថាមពល, ឱសថ, ដឹកជញ្ជូន, និងថ្នាំជក់ ជាដើម ក៏ដូចជាវត្តមានលោក IGOR Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។
យោងតាមខ្លឹមសារនៃជំនួបដែលផ្សព្វផ្សាយតាមរយៈតេឡេក្រាមលោក ហ៊ុន ម៉ាណែត បានអះអាងថា លោក JENS Ruebbert ជឿជាក់ថា ភាពជាអ្នកដឹកនាំរបស់លោកហ៊ុន ម៉ាណែត នឹងរុញច្រានការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យបន្ថែមទៀត។
នាឱកាសនោះដែរ លោកហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះវត្តមានគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ក៏ដូចជាវត្តមានតំណាងក្រុមហ៊ុនធំៗ ដែលចង់ស្វែងរកឱកាសវិនិយោគ និងពង្រីកទំហំវិនិយោគដែលមានស្រាប់នៅកម្ពុជា ខណៈរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះ បើកចំហរាល់វិនិយោគទុនពីពិភពលោក រួមទាំងសហភាពអឹរ៉ុប តាមរយៈគោលនយោបាយលើកទឹកចិត្តនានា។
លោកហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖ «រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ និងលើកកម្ពស់ការចូលរួមរបស់វិស័យឯកជនក្នុងនាមជាដៃគូដ៏ល្អ តាមរយៈការបង្កើតនូវយន្តការភ្ជាប់ទំនាក់ទំនងជាប្រចាំ ដែលអាចផ្តល់នូវការគាំទ្រតាមគ្រប់លទ្ធភាព សំដៅធ្វើយ៉ាងណាឱ្យវិស័យឯកជនទទួលបានជោគជ័យ ពីព្រោះជោគជ័យរបស់ក្រុមហ៊ុន-សហគ្រាសឯកជន បានផ្តល់នូវឱកាសការងារសម្រាប់ប្រជាជនកម្ពុជា»។
លោកប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលនៅថ្ងៃទី២៥ ខែតុលា បានលើកឡើងថា រដ្ឋាភិបាលបន្តវេនថ្មី ជាពិសេសនាយករដ្ឋមន្ត្រីថ្មី មានចំណុចពិសេស ៣យ៉ាង ដែលពោរពេញទៅដោយសម្ទុះអភិវឌ្ឍន៍ជាតិ។
លោកថា ៖ «ទី១ សុទ្ធសឹងតែជាយុវជនវ័យក្មេង មានថាមពលពេញលេញ ទី២ សុទ្ធសឹងតែជាធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ ទទួលបានការអប់រំកម្រិតខ្ពស់ ហើយនិងទី៣ សុទ្ធសឹងតែជាមនុស្សដែលមានឆន្ទៈការងារខ្ពស់»។
លោកប៉ែន បូណា បានថ្លែងទៀតថា៖ «រយៈពេលទើប ២ខែទេ យើងឃើញថា នាយករដ្ឋមន្ត្រីយើងបានបំពេញការងារជាផ្លែផ្កា ច្រើនណាស់ ទាំងក្នុងនិងក្រៅប្រទេស ដែលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ និងអាទិភាព៦យ៉ាង ហើយអនុវត្តភ្លាមៗ ដូចការសន្យា តួយ៉ាងដូចជា ការលើកកម្ពស់សេវាសុខាភិបាលជូនប្រជាជន លើកកម្ពស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រព័ន្ធគាំពារសង្គម លើកស្ទួយកម្មករជាដើម»។
លោកបន្តថា សូម្បីអតីតនាយករដ្ឋមន្ត្រីលោកហ៊ុន សែន ក៏លាន់មាត់សរសើរដល់សមត្ថភាពនិងភាពជាអ្នកដឹកនាំរបស់លោកហ៊ុន ម៉ាណែត ផងដែរ ដែលដោះស្រាយបញ្ហាធំៗបាន មានទាំងសមត្ថភាពការទូត បានជួបនឹងវិនិយោគិនបរទេស វិស័យឯកជន សំដៅទាក់ទាញការវិនិយោគនៅកម្ពុជា។
សម្រាប់លោកប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានថ្លែងថា តាមរយៈការសង្កេតរបស់លោករយៈពេលកន្លងមកនេះ លោកឃើញពីការប្តេជ្ញាចិត្តដ៏មុតមាំ និងការយកចិត្តទុកដាក់ខ្ពស់របស់នាយករដ្ឋមន្ត្រីថ្មីក្នុងការទាក់ទាញអ្នកវិនិយោគ ការអភិវឌ្ឍជាតិ ជាពិសេដើម្បីសម្រេចផែនការប្រែក្លាយប្រទេសទៅប្រទេសដែលមានចំណូលមធ្យមក្នុងឆ្នាំ២០៣០ និងប្រទេសចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
លោកប៉ា ចន្ទរឿន បាននិយាយថា ៖ «កន្លងមកយើងក៏ឃើញដែរពីការលើកឡើងពីគោលនយោបាយលើកកម្ពស់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏មានការជួបជាមួយអ្នកវិនិយោគនានាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម ការជួបអ្នកនយោបាយពង្រឹងផ្នែកការទូត ដែលនេះជាការជំរុញសកម្មភាពសេដ្ឋកិច្ចមួយដែរ»។
លោកក៏បានលើកឡើងពីចំណុចអវិជ្ជមានរបស់រដ្ឋាភិបាលថ្មីនេះ លើការលើកម្ពស់ផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យផងដែរ ដោយលោកបានសង្កតធ្ងន់ថា ជាធាតុសំខាន់មួយ ក្នុងការរុញច្រានការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយដៃគូលោកខាងលិច តួយ៉ាងសហភាពអឺរ៉ុប ដែលជាទីផ្សារធំសំខាន់របស់កម្ពុជា៕