ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចបានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពលើខ្លឹមសារចំនួន ៨ ចំណុច ជាមួយគណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន ២៧ គណបក្ស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា និងជួយគ្នា ទៅវិញទៅមកដោយស្មើភាព។
ពិធីចុះហត្ថលេខានេះ បានរៀបចំធ្វើឡើងនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ នៅវិមាន ៧ មករា ដែលជាទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ក្រោមវត្តមានលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយនឹងប្រធានគណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន ២៧។
គណបក្សនយោបាយទាំង ២៨ ដែលបានចុះហត្ថលេខាចងសម្ព័ន្ធភាពនៅពេលនេះរួមមាន៖ គណបក្សប្រជាជនកម្ពុជា,គណបក្សខ្មែររួបរួមជាតិ, គណបក្សពន្លឺថ្មី, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរក្រោក, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សរស្មីខេមរា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សយុវជនកម្ពុជា, គណបក្សធម្មាធិបតេយ្យ, គណបក្សជនជាតិប្រជាធិបតេយ្យកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សកសិករ, គណបក្សស្ត្រី ដើម្បីស្ត្រី,គណបក្សបំណងពលរដ្ឋ, គណបក្សខ្មែរអភិរក្ស, គណបក្សមហាសាមគ្គីជាតិខ្មែរ គណបក្សនគរប្រជាធិបតេយ្យ, គណបក្សអំណាចប្រជាពលរដ្ឋ, គណបក្សខ្មែរអង្គរ, គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ, គណបក្សម៉ូលីណាកា, គណបក្សចលនាប្រជាធិបតេយ្យ, គណបក្សអភិវឌ្ឍន៍កម្ពុជា និងគណបក្សមហានគរ។
លោក ហ៊ុន សែន បានថ្លែងក្នុងពិធីនោះដោយកោតសរសើរដល់គណបក្សទាំង ២៧ ដែលបានរៀបចំឱ្យមានការចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនាពេលនេះ។ លោក ហ៊ុន សែន អះអាងថា៖ «កិច្ចព្រមព្រៀងចងសម្ព័ន្ធភាពនៅពេលនេះ គឺមិនស្ថិតនៅក្នុងការគ្រប់គ្រងរបស់គណបក្សនយោបាយណាមួយនោះទេ តែជាកិច្ចព្រមព្រៀងជាដៃគូស្មើភាព ស្មើសិទ្ធិជាមួយគ្នា និងមិនមែនជាចំណុះឱ្យគណបក្សប្រជាជនក៏ទេដែរ»។
លោក ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា គណបក្សនយោបាយទាំងអស់បានស្ម័គ្រចិត្តនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ទោះបីជាគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច មានធនធានមនុស្ស ធនធានហិរញ្ញវត្ថុច្រើនលើសលប់ បើធៀបជាមួយនឹងគណបក្សផ្សេងទៀតក៏ដោយក៏ប៉ុន្តែគណបក្សប្រជាជនកម្ពុជាមិនបានចាត់ទុកគណបក្សនយោបាយទាំងនោះ ជាគណបក្សតូចតាចទេ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ខ្លឹមសារនៅទីនេះ ខ្ញុំចង់បញ្ជាក់ថា គណបក្សទាំងអស់នៅតែមានស្វ័យភាពហើយមានសិទ្ធិគ្រប់គ្រាន់ក្នុងការដាក់ទិសដៅ នយោបាយដែលស្របជាមួយនឹងគោលការណ៍ទាំងឡាយដែលយើងបានឯកភាពគ្នា នៅទីនេះ ព្រោះអ្នកទាំងអស់គ្នានឹងទទួលនូវការវាយប្រហារភ្លាមៗ ចាប់ពីពេលនេះតទៅថា ជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា ព្រោះពាក្យអាយ៉ងនេះ វាក្លាយទៅជាទម្លាប់របស់ក្រុមប្រឆាំង»។
ជាមួយគ្នានោះ លោក ហ៊ុន សែន បានឌឺដងទៅកាន់ គណបក្សនយោបាយដែលមាននិន្នាការប្រឆាំងចំនួន ៤ គឺគណបក្សភ្លើងទៀន គណបក្សកែទម្រង់កម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបានចងសម្ព័ន្ធភាពក្នុងទិសដៅសម្រាប់តែចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ ២០២៤ ប៉ុណ្ណោះ។ រីឯការចងសម្ព័ន្ធភាពរវាងបក្សនយោបាយ ២៨ នៅពេលនេះ គឺមានគោលដៅយូរអង្វែងសម្រាប់ប្រទេសកម្ពុជា។
លោក ហ៊ុន សែន បានថ្លែងថា៖ «ការចងសម្ព័ន្ធនេះ ជាការឆ្លុះបញ្ចាំងពីសាមគ្គីភាពនៃការថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជាយូរអង្វែង។ យើងត្រូវការកម្លាំងមួយដើម្បីការពាររដ្ឋធម្មនុញ្ញ របបរាជានិយម អធិបតីភាព និងសន្តិភាព ទប់ស្កាត់កម្លាំងជ្រុលនិយម។ ជាពិសេស ការចងសម្ព័ន្ធនេះមិនមែនជាបញ្ហាកញ្ឆក់កណ្តៀត ដូចសម្ព័ន្ធភាពរបស់គណបក្សនយោបាយខ្លះ ដែលមានគោលដៅរយៈពេលខ្លីនោះទេ»។
ទាក់ទិននឹងការចងសម្ព័ន្ធភាពនេះ លោក ជ័យ តិច អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមសេដ្ឋកិច្ច បានថ្លែងថា ការចងសម្ព័ន្ធភាពរបស់គណបក្សក្រៅរដ្ឋាភិបាល ដែលមាននិន្នាការប្រឆាំង គឺជាការចងសម្ព័ន្ធភាពមួយ ដើម្បីពង្រឹងសំឡេងដើម្បីប្រកួតប្រជែង ឱ្យមានតុល្យភាពជាមួយគណបក្សកាន់អំណាច ប៉ុន្តែសម្រាប់ការចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយគណបក្សតូចៗ មិនមានសារៈសំខាន់ខ្លាំងក្លានោះទេ។
លោកបានថ្លែងថា៖ «ចង់មិនចង់ គណបក្សតូចៗទាំងនោះ មាននិន្នាការស្របទៅលើគណបក្សកាន់អំណាចរួចស្រេចហើយ ព្រោះយើងមើលឃើញយន្តការពិគ្រោះ និងផ្តល់យោបល់។ អ៊ីចឹងទេ គណបក្សទាំងនោះ បានចូលរួមជាមួយជាស្រេចហើយ ដែលជារាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា»។
លោក ជ័យ តិច បន្តថា ការចងសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច មិនមានសារៈសំខាន់អ្វីទេ វាដូចតែគ្នា ដែលវាខុសពីការចងសម្ព័ន្ធភាពរបស់គណបក្សក្រៅរដ្ឋាភិបាល ដើម្បីបានសំឡេងក្នុងការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។
យ៉ាងណាក្តី លោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ ថ្លែងថា សម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធរបស់គណបក្សនយោបាយទាំង ២៨ នៅពេលនេះ គឺឈរលើគោលការណ៍ និងដំណើរវិវឌ្ឍន៍ ១ នៃស្ថានភាពសេរីពហុបក្សនៅក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងវ័យចំណាស់ បន្ទាប់ពីមានការឆ្លងកាត់នូវសង្គ្រាម និងការយល់ដឹងរបស់គណបក្សនយោបាយ និងប្រជាពលរដ្ឋ។
លោក អ៊ិត សារម្យ ថ្លែងថា៖ «យើងឃើញថា វោហារសាស្ត្រនយោបាយខ្លះ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងឯកភាពជាតិ ដែលសម្តេច (ហ៊ុន សែន) បានលើកឡើងថា វប្បធម៌ ជ្រុលនិយម បង្កជាហិង្សា និងជាជម្លោះ។ ដូច្នេះគណបក្សបំណងពលរដ្ឋ យើងយល់ឃើញថា ការចងសម្ព័ន្ធភាពនេះ ជាដំណើរល្អនៃអ្នកនយោបាយ ព្រោះការធ្វើនយោបាយត្រូវប្រជែងគ្នាលើទស្សនៈគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្ស ហើយការចងសម្ព័ន្ធភាព យើងមិនស្ថិតនៅក្រោមឥទ្ធិពលរបស់គណបក្សណាមួយនោះទេ»។
យោងតាមខ្លឹមសារនៃកិច្ចព្រមព្រៀងចំនួន ៨ ចំណុចសំខាន់ៗ ដែលត្រូវបានមេដឹកនាំគណបក្សនយោបាយទាំង ២៨ បានចុះហត្ថលេខាមានដូចជា៖ ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដោយស្មើភាព, ប្តេជ្ញាគោរព ប្រតិបត្តិ ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, ប្ដេជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, រួមសហការគ្នាដើម្បីទប់ស្កាត់ និងកម្ចាត់ចោលនូវនយោបាយជ្រុលនិយមចេញផុតពីកម្ពុជា។
ខ្លឹមសារបន្តថា ប្រឆាំងដាច់ខាតចំពោះឧបាយកល និងសកម្មភាពរបស់មជ្ឈដ្ឋានណាដែលព្យាយាមបំផ្លាញ ឯកភាពជាតិ បង្កអស្ថិរភាពក្នុងសង្គម, សហប្រតិបត្តិការល្អជាមួយគ្នា, គោរពអនុវត្តដោយស្មោះត្រង់ និងយកផលប្រយោជន៍ជាតិជាធំ និងកសាងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ ដើម្បីអនុវត្តឱ្យបានសម្រេចលទ្ធផលល្អនៃកិច្ចព្រមព្រៀងនេះ៕