ភ្នំពេញៈ ​រដ្ឋាភិបាល​នៃ​ប្រទេស​កាណាដា និង​អង្គការ​ដៃគូ នឹង​បន្ត​គាំទ្រ​កម្ពុជា​លើ​ការងារ​បោស​សម្អាត​មីន និង​ជួយ​ជនពិការ​ដោយសារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ និង​គាំទ្រ​ដល់​សហ​គម​ន៍​ឱ្យ​ទទួលបាន​នូវ​ឱកាស​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ឬ​ការបង្កើត​មុខរបរ​ថ្មី​មួយ​ផង​ដែរ​។ នេះ​ជាការ​លើកឡើង​របស់លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុ​ប្រធាន​ទី​១ ​អាជ្ញាធរ​មីន​កម្ពុជា​។​

​លោក​បានលើកឡើង​បែបនេះ បន្ទាប់ពី​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Ping M. Kitnikone ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​ប្រទេស​កាណាដា​ប្រចាំ​កម្ពុជា ស្តីពី​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​ស​កម្ម​ភាព​មីន​នៅ​កម្ពុជា នា​រសៀល​ថ្ងៃទី​ ២៤ ខែតុលា ឆ្នាំ ​២០២៣​។​

​លោក លី ធុជ បានលើកឡើង​តាមរយៈ​ហ្វេ​ស​ប៊ុ​កលោក​ថា​៖ «​ក្នុងនាម​រាជរដ្ឋាភិបាល​និង​ប្រជា​ជនកម្ពុជា​ខ្ញុំ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ​របស់​ប្រទេស​កាណាដា​ ក្នុង​វិស័យ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា ក្នុងនោះ​រួមមាន​ការគាំទ្រ​ដល់​ការសិក្សា​ស្រាវជ្រាវ​ទិន្នន័យ​ចម្ការមីន ជាដើម​»​។

​យោងតាម​អាជ្ញាធរ​មីន​កម្ពុជា ក្នុង​រយៈពេល​ជាង ៣០ ​ឆ្នាំ​នៃ​សកម្មភាព​មីន កម្ពុជា​សម្រេចបាន​នូវ​សមិទ្ធផល​យ៉ាង​ធំធេង ព្រមទាំង​ទទួលបាន​នូវ​បទ​ពិ​សោ​ធន៍​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​ចែករំលែក​ជំនាញ និង​ចំណេះដឹង ទៅកាន់​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក ដែល​ទទួលរង​គ្រោះថ្នាក់​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដូច​កម្ពុជា​ដែរ​។ ជាមួយនឹង​បទពិសោធន៍​ទាំងនេះ កម្ពុជា​ធ្លាប់​បានទទួល​ធ្វើ​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ ឬ​សិក្ខាសាលា​ឬ​ស​ន្និ​សីទ​ជាច្រើន​ទាំង​ថ្នាក់​តំបន់ និង​សកលលោក​ពាក់ព័ន្ធ​នឹង​វិស័យ​សកម្មភាព​មីន និង​កិច្ចសង្គ្រោះ​ជនរងគ្រោះ​ដោយសារ​មីន​។​

​នៅ​ថ្ងៃ​ដដែល​នោះដែរ លោក លី​ធុជ ក៏បាន​ជួប​ជាមួយ​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ភ្នំពេញ (Exceed Worldwide),​ អង្គការ ICRC និង​សមាគម KhAPO ផងដែរ​។​

​លោក លី ធុជ បាន​លើកឡើងថា មជ្ឈមណ្ឌល Exceed Worldwide, អង្គការ ICRC និង សមាគម KhAPO ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ច​គាំ​ពារ​និង​ការផ្តល់សេវា​កម្មនា​នាដ​ល់​ជន​មាន​ពិការភាព​ជាពិសេស​ជន​រងគ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទះ​ពី​សង្គ្រាម រួមទាំង​ការគាំទ្រ​សហគមន៍​ឱ្យទទួល​បាន​នូវ​ឱកាស​អប់រំ បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ ការងារ ឬ​ការបង្កើត​អាជីវកម្ម​ថ្មីៗ​ជាដើម​។

​លោក​បញ្ជាក់ថា​៖ «​កិច្ចការ​សង្គ្រោះ​ជនរងគ្រោះ​ថ្នាក់​ដោយ​​សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​គឺជា​កិច្ចការ​មួយ​ចាំបាច់​ផងដែរ ដែល​យើងទាំងអស់គ្នា​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ទាំង​ជន​មាន​ពិការភាព គ្រួសារ និង​សហគមន៍ ហើយ​ការបញ្ចូល​កិច្ចការ​សង្គ្រោះ​ជនរងគ្រោះ ចូលទៅក្នុង​គោលនយោបាយ និង​ផែនការ​ជាតិ ព្រមទាំង​ក្រប​ខ័​ណ្ឌ​ច្បាប់​នានា គឺ​ដើម្បី​ធានាថា ជនរងគ្រោះ​ទាំងអស់​ទទួលបាន​សិទ្ធិ និង​ការគាំទ្រ​ពេញលេញ​ពី​រាជរដ្ឋាភិបាល​»​។

​លោក​បាន​អះអាងថា​៖ «​សម្រាប់​គោលដៅ​កម្ពុជា​គ្មាន​មីន​ឆ្នាំ ២០២៥ គឺ​មានន័យថា កម្ពុជា​គ្មាន​ទុក​ជនណាម្នាក់​ឬ​ប្រជាពលរដ្ឋ​ខ្មែរ​ណា​ម្នាក់ បន្ត​រងគ្រោះថ្នាក់​ដោយសា​រ​គ្រាប់មីន​ក្រោយ​ឆ្នាំ​ ២០២៥ ទៀតឡើយ​»​។​

​តាមរយៈ​អាជ្ញាធរ​មីន​កម្ពុជា លោក Carson Harte នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ភ្នំពេញ ​(Exceed Worldwide) ក៏បាន​លើកឡើង​ពី​សកម្មភាព​មួយចំនួន​របស់​ម​ជ្ឈ មណ្ឌល ដែល​ចូលរួម​ជាមួយ​រាជ​​រដ្ឋាភិបាល​កម្ពុជា​អស់​រយៈពេល​ជិត​ ២៥ ​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​ ១៩៨៩ ក្នុង​ការស្តារ​កាយសម្បទា ការ​បណ្តុះបណ្តាល និង​ការលើក​កម្ពស់​គុណភាព​ជីវិត​ដល់​ជន​​មាន​ពិការភាព​រងគ្រោះ​ដោយ​សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។

លោក Carson Harte បាន​ថ្លែងថា​៖ «​យើង​ចង់ឃើញ​ជនរងគ្រោះ​ថ្នាក់​ដោយ​សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា រួមទាំង​ក្រុម​គ្រួសារ និង​សហគមន៍ ទទួលបាន​នូវ​ការថែទាំ​បីបាច់​កាន់តែ​ប្រសើរឡើង​»៕