ភ្នំពេញៈ ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា លោក ស្តេហ្វិន ម៉េសសឺរឺរ (Stefan Messerer) បានលើកឡើងថា រដ្ឋាភិបាលអាល្លឺម៉ង់នៅតែបន្តគាំទ្រដល់កម្ពុជា ពិសេសក្រសួងការងារលើកិច្ចសហប្រតិបត្តិការវិស័យអាទិភាព ដើម្បីជំរុញនិងបង្កើនប្រសិទ្ធភាព និងបរិយាកាសកាន់តែប្រសើរនៅក្នុងវិស័យទាំងនេះ។
ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជាដូច្នេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួង។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការងារតាមប្រព័ន្ធតេឡេក្រាម។
បើតាមក្រសួងការងារ ក្នុងឱកាសនោះ លោក ស្តេហ្វិន ម៉េសសឺរឺរ បានលើកឡើងថា រដ្ឋាភិបាលអាល្លឺម៉ង់នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើវិស័យការងារអាទិភាពមួយចំនួន។
លោកបានបញ្ជាក់ថា៖ «អាល្លឺម៉ង់នៅតែបន្តគាំទ្រកម្ពុជាលើវិស័យអាទិភាព រួមមាន វិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីជំរុញនិងបង្កើនប្រសិទ្ធភាពនិងបរិយាកាសកាន់តែប្រសើរក្នុងវិស័យទាំងនេះបន្ថែមទៀត»។
ជាកិច្ចឆ្លើយតប លោក ហេង សួរ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ និងទីភ្នាក់ងាររបស់ខ្លួន ដែលតែងតែជួយជ្រោមជ្រែងដល់សកម្មភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកបានថ្លែងថា៖ «រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ នេះ បានយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសការងារនិងទំនាក់ទំនងវិជ្ជាជីវៈ និងការបំពាក់ជំនាញស្តង់ដាដែលមានការទទួលស្គាល់ពីទីផ្សារការងារទៅដល់ប្រជាពលរដ្ឋកម្ពុជាឱ្យក្លាយជាកម្លាំងចលករសេដ្ឋកិច្ចដ៏សកម្មនិងមានផលិតភាពការងារខ្ពស់»។
អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានបង្ហាញការគាំទ្រនិងសាទរ ដោយលោកថ្លែងថា នេះគឺជារឿងល្អដែលក្រសួងការងារ និងភាគីអាល្លឺម៉ង់ បានពង្រឹងលើការលើកកម្ពស់វិស័យការងារពាក់ព័ន្ធនឹងជំនាញបច្ចេកទេសដល់យុវជន និងប្រជាពលរដ្ឋកម្ពុជា ដើម្បីបំពេញតម្រូវការការងារនាពេលបច្ចុប្បន្ន និងអនាគត។
លោកបានបញ្ជាក់ថា៖ «ដើម្បីជំរុញលើវិស័យបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈនៅកម្ពុជាបានជោគជ័យគឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ពិសេសរដ្ឋាភិបាលគួរតែធានាបាននូវបរិយាកាសអំណោយផលដល់ភាគីពាក់ព័ន្ធហើយក៏សូមស្នើឱ្យក្រសួងពង្រីកកិច្ចសហការជាមួយមជ្ឈដ្ឋានខាងក្រៅឱ្យបានច្រើនថែមទៀត ដើម្បីទាញកំណើនសេដ្ឋកិច្ចលើវិស័យនេះ»។
សូមជម្រាបថា ក្នុងជំនួបនោះ លោក ហេង សួរ ក៏បានប្រាប់ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ពីគម្រោងបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យចំនួន ១,៥ លាននាក់ ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលផងដែរ ដើម្បីជួយប្រជាពលរដ្ឋដែលស្ថិតក្នុងស្ថានភាពលំបាកនេះឱ្យមានជំនាញជាក់លាក់ ហើយទទួលបានការងារធ្វើសមរម្យដែលទីផ្សារការងារទទួលស្គាល់។
ក្រៅពីនេះ លោករដ្ឋមន្ត្រីក្រសួងការងារក៏បានស្នើដល់ភាគីអាល្លឺម៉ង់ឱ្យបន្តនិងបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍនៅកម្ពុជា និងឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលផងដែរ៕