ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងតំណាងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) ប្រចាំកម្ពុជាបានចូលរួមកិច្ចប្រជុំអន្តរជាតិដើម្បីអនុម័តលើសេចក្តី ថ្លែងការណ៍ជាសកលស្តីពីការអភិរក្សសត្វផ្សោតទន្លេនៅទីក្រុងបូហ្កូតា ប្រទេសកូឡុំប៊ី។
គេហទំព័ររបស់ក្រសួងកសិកម្មដែលចេញផ្សាយនៅថ្ងៃទី ២៥ ខែតុលា បានឱ្យដឹងថា លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូក្រសួងនិងតំណាងអង្គការ WWF ប្រចាំនៅកម្ពុជាចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិរយៈពេល ២ ថ្ងៃ ដើម្បីរៀបចំនិងអនុម័តសេចក្តីថ្លែងការណ៍ជាសកលស្តីពីការអភិរក្សសត្វផ្សោតទន្លេ។
ប្រភពដដែលបានបន្ដថា នៅថ្ងៃទី ២៤ ខែតុលាដែលជាថ្ងៃទិវាសត្វផ្សោតទន្លេពិភពលោក លោក ប្រាក់ ដាវីដ ជាប្រធានប្រតិភូកម្ពុជានិងមន្ត្រីជំនាញបានចូលរួមពិភាក្សា និងកែសម្រួលសេចក្តីថ្លែងការណ៍ជាសកលស្តីពីការអភិរក្សសត្វផ្សោតទន្លេ។
ក្រោយទទួលបានការឯកភាពជារួម លោក ប្រាក់ ដាវីដ រួមជាមួយនឹងប្រធានប្រតិភូនៃបណ្តាប្រទេសផ្សេងៗទៀតបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ជាសកលដើម្បីទទួលស្គាល់សេចក្ដីថ្លែងការណ៍រួម និងដាក់ឱ្យអនុវត្តជាផ្លូវការ។
ក្រសួងកសិកម្មបានបញ្ជាក់ថា៖ «សេចក្តីថ្លែងការណ៍នេះគឺជាឯកសារតម្រង់ទិសសម្រាប់ប្រទេសទាំង ១៤ ដែលមានសត្វផ្សោតទន្លេ ប្តេជ្ញាអនុវត្តរួមគ្នាក្នុងកិច្ចការពារសត្វផ្សោតទឹកសាបប្រកបដោយការទទួលខុសត្រូវ»។
ក្រសួងបន្តថា សេចក្តីថ្លែងការណ៍នេះ បានផ្តោតលើសកម្មភាពជាអាទិភាពចំនួន ៨ ដែលមានដូចជា ការបង្កើតបណ្តាញទំនាក់ទំនងតំបន់ការពារសត្វផ្សោត, ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព, ការស្រាវជ្រាវនិងការតាមដាន, ការផ្សារភ្ជាប់ជាមួយសហគមន៍មូលដ្ឋាន, ការលុបបំបាត់សកម្មភាពនេសាទពុំស្របច្បាប់, ការកែលម្អគុណភាពទឹក, ការរៀបចំទិវាសត្វផ្សោតទន្លេ និងការធានាធនធានសម្រាប់ការអនុវត្តសកម្មភាព។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី ២៣ ខែតុលា បណ្តាប្រទេសចំនួន ១៤ នៅតំបន់អាស៊ី និងអាមេរិកខាងត្បូងដែលមានសត្វផ្សោតទន្លេបានចែករំលែកបទពិសោធន៍ពីកិច្ចការពារសត្វផ្សោត និងបញ្ហាចម្បងៗដែលត្រូវដោះស្រាយ។
ក្នុងកិច្ចប្រជុំនោះ កម្ពុជាក៏បានចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ដោយផ្តោតលើការរៀបចំលិខិតបទដ្ឋានច្បាប់ ការស្រាវជ្រាវ ការអនុវត្តច្បាប់ ការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី ការអប់រំផ្សព្វផ្សាយនិងការលើកកម្ពស់ជីវភាពរបស់សហគមន៍មូលដ្ឋាន។
ជាងនេះទៅទៀត កម្ពុជាក៏បាននាំបទចម្រៀងក្រោមចំណងជើងថា «ផ្សោតដួងចិត្ត» ទៅចាក់ផ្សាយក្នុងកិច្ចប្រជុំនេះដែរ ដោយបានទទួលការចាប់អារម្មណ៍និងសាទរយ៉ាងខ្លាំងពីបណ្តាប្រទេសចូលរួម។
នាយកអង្គការ WWF ប្រចាំកម្ពុជា លោក សេង ទៀក នៅថ្ងៃទី ២៥ ខែតុលា បានសរសេរលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា វាជាកិត្តិយសមួយរបស់គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមអនុម័តសេចក្តីថ្លែងការណ៍ជាសកលសម្រាប់ សត្វផ្សោតទន្លេដែលប្រារព្ធឡើងនៅទីក្រុងបូហ្កូតា ប្រទេសកូឡុំប៊ី ពីថ្ងៃទី ២៣-២៤ ខែតុលា ឆ្នាំ ២០២៣។
លោកបានបន្តថា៖ «ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១៤ នៅអាស៊ី និងអាមេរិកខាងត្បូង ដែលនៅមានវត្តមានសត្វផ្សោតទន្លេនៅតាមដងទន្លេមេគង្គរបស់យើង។ ផ្សោតទន្លេ គឺជាសូចនាករសំខាន់នៃសុខភាពទន្លេដែលពួកគេរស់នៅ។ សេចក្តីថ្លែងការណ៍រួមជាសកលនេះ ត្រូវបានចុះហត្ថលេខាដោយតំបន់សត្វផ្សោតទន្លេទាំងអស់នៅពេលនេះក្នុងទិវាអន្តរជាតិផ្សោតទឹកសាប»។
លោកសេង ទៀក បានបញ្ជាក់ថា៖«សង្ឃឹមថាសេចក្តីថ្លែងការណ៍ជាសកលនេះនឹងប្រមូលផ្តុំនូវសមត្ថភាពនិងធនធានបន្ថែមទៀត ដើម្បីដោះស្រាយនូវការប្រឈមនៃចំនួនសត្វផ្សោតទន្លេនិងការយល់ដឹងពីសក្ដានុពលសេដ្ឋកិច្ចសង្គមនៅទូទាំងរដ្ឋនានាផងដែរ»។
សូមបញ្ជាក់ដែរថា សត្វផ្សោតទន្លេមេគង្គ ឬផ្សោតក្បាលត្រឡោក (Orcaellabrevirostris) ជាសត្វផ្សោត ១ ប្រភេទ ក្នុងចំណោមសត្វផ្សោតទឹកសាប តែ៦ប្រភេទគត់ដែលមានរស់នៅក្នុងភពផែនដីនេះ។ សត្វផ្សោតប្រភេទនេះ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមជា «ប្រភេទសត្វជិតផុតពូជ» ដោយអង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN)។
បច្ចុប្បន្នសត្វផ្សោតទន្លេមេគង្គមានវត្តមាននៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ក្នុងប្រព័ន្ធទន្លេតែ ៣ ប៉ុណ្ណោះ រួមមាន ទន្លេមេគង្គ (កម្ពុជា) ទន្លេអាយ៉ាយ៉ារវ៉ាឌី (ប្រទេសមីយ៉ាន់មា) និងទន្លេមហាកាម (ឥណ្ឌូនេស៊ី)។
ផ្អែកតាមទិន្នន័យឆ្នាំ ២០២០ អ្នកវិទ្យាសាស្ត្របានប៉ាន់ប្រមាណថា សត្វផ្សោតទន្លេមេគង្គដែលធំពេញវ័យមាន ប្រមាណតែ ៨៩ ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅតាមដងទន្លេមេគង្គនៃប្រទេសកម្ពុជា។
នៅរដូវប្រាំងចាប់ពីខែមករា ដល់ខែឧសភា ក្នុងអំឡុងពេលទឹកស្រក សត្វផ្សោតប្រមូលផ្តុំគ្នានៅអន្លង់ទឹកជ្រៅចំនួន ៨ កន្លែងតាមដងទន្លេមេគង្គ ដែលមានចម្ងាយប្រមាណ ១៨០ គីឡូម៉ែត្រលាតសន្ធឹងពីខេត្តក្រចេះដល់ខេត្តស្ទឹងត្រែង៕