ភ្នំពេញៈ ​ក្រសួងសុខាភិបាល និង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ បាន​សម្ពោធ​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នូវ​គម្រោង ATscale សម្រាប់​ពង្រឹង​សេវា​ស្តារ​លទ្ធភាព​ពលកម្ម​ជនពិការ និង​កម្មវិធី​សុខភាព​ភ្នែក ដែល​គម្រោង​នេះ​ចង់​ផ្ញើ​សា​រថា ​រដ្ឋាភិបាល​មិន​បោះបង់ចោល​ជន​មាន​ពិការភាព​ម្នា​ក់ណា​ឡើយ និង​ផ្តល់នូវ​សេចក្តីសង្ឃឹម​ដល់​ជន​មាន​ពិការភាព​គ្រប់ៗ​រូប។​

​ពិធី​ដាក់ឱ្យអនុវត្ត​គម្រោង ATscale ត្រូវបាន​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​២៦​ ខែតុលា ឆ្នាំ២០២៣ ក្រោម​អធិបតីភាព រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ឈាង រ៉ា និង​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​លោក ជា សុ​មេធី​ ដោយមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​ក្រសួងសុខាភិបាល បានឱ្យដឹងថា គម្រោង ATscale ដែលជា​គម្រោង​១​ក្នុងចំណោម​គម្រោង​ផ្សេងៗ​ទៀត​ ​មិន​គ្រាន់តែ​ផ្តល់នូវ​ឧបករណ៍​អវយវៈ​សិប្ប​និម្មិត​នោះទេ តែ​ក៏​ផ្តល់​ដល់​ពួកគាត់​នូវ​សេចក្តីថ្លៃថ្នូរ និង​ការផ្លាស់​ប្តូរជីវិត​ឱ្យ​ប្រសើរឡើង​។​

​ក្នុងឱកាស​នោះ​លោក ឈាង រ៉ា បាន​ថ្លែងថា គោលនយោបាយ​ជា​អាទិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា គឺ​ការរក្សាបាន​សន្តិភាព​ពេញលេញ មាន​ស្ថិរភាព​នយោបាយ និង​មាន​សន្តិសុខ ​ដែលជា​លក្ខខណ្ឌ​ដ៏​សំខាន់​សម្រាប់​ធ្វើឱ្យមាន​ការអភិវឌ្ឍ និង​ការរីកចម្រើន​សេដ្ឋកិច្ច កាត់បន្ថយ​ភាពក្រីក្រ និង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាជន​។

​លោក​បញ្ជាក់ថា​៖«​នា​អាណត្តិ​មុនៗ របស់​រាជរដ្ឋាភិបាល​កម្ពុជា វិស័យ​សុខាភិបាល​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ដែល​ក្នុងនោះ​ការងារ​ថែទាំ​សុខភាព​បឋម ត្រូវបាន​កែលម្អ និង​បាន​ចូលរួមចំណែក​ដល់​ភាព​រីកចម្រើន និង​ជោគជ័យ ផ្នែក​សុខភាព ក្នុងប្រទេស​កម្ពុជា ដោយបាន​កាត់បន្ថយ​បានជា​អតិបរមា នូវ​អត្រា​ឈឺ និង​ស្លាប់ របស់​ទារក កុមារ​មាន​អាយុ ៥ ​ឆ្នាំ និង​ស្ត្រី ជំងឺឆ្លង ដូចជា អេដស៍ គ្រុនចាញ់ របេង​ជាដើម​»​។

​លោក​បន្ថែមថា ការរីកចម្រើន​ខាង​សេដ្ឋកិច្ច និង​ប្រជាសាស្ត្រ បាន​នាំឱ្យ​មានការ​រំពឹងថា​នឹងមាន​ការកើនឡើង​នូវ​ចំនួន​ប្រជាជន និង​ចំនួន​វ័យចាស់​ជរា​ ដែល​នឹង​នាំមក​នូវ​បន្ទុក​ជំងឺមិនឆ្លង បញ្ហា​សុខភាព​ផ្លូវចិត្ត និង​សេចក្តីត្រូវការ​សេវា​សម្រាប់​ជន​ដែលមាន​វ័យ​កាន់តែ​ចាស់ជរា​ទៅ​អនាគត​។

​លោក​ ថ្លែងថា​៖«​ការសហការ​គ្នា និង​បំពេញ​គ្នា​ទៅវិញទៅមក​នេះ បាន​នឹង​បង្កើតឱ្យមាន​ប្រព័ន្ធ និង​សេវា​ស្តារ​លទ្ធភាព​ពលកម្ម និង​ឧបករណ៍​អវយវៈ​សិប្ប​និម្មិត គ្រប់​ជ្រុងជ្រោយ​ដើម្បី​បម្រើឱ្យ​ផលប្រយោជន៍​ជន​មាន​ពិការភាព​»​។

​លោក ជា សុ​មេធី ថ្លែងថា ​ពិធី​សម្ពោធ​នេះ​គឺជា​ការបង្ហាញ​ពី​ការយកចិត្តទុកដាក់​និង​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងការ​ពង្រីក និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សេវា​ស្ដារ​លទ្ធភាព​ពលកម្ម​ប្រកបដោយ​និរន្តរភាព​នៅ​កម្ពុជា និង​មាន​គោលបំណង​បំពាក់​ឧបក​រណ៍​បច្ចេកវិទ្យា​ជំនួយ​ជូន​ជន​មាន​ពិការភាព ព្រមទាំង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​កម្មវិធី ​និង​ការសម្របសម្រួល​ភាពជា​ដៃគូ​អនុវត្ត​គម្រោង​សេវា​ស្ដារ​លទ្ធភាព​ពលកម្ម​ជូន​ជន​មាន​ពិការភាព។​

​លោក​ ថ្លែងថា ​នៅ​កម្ពុ​ជាមាន​អត្រា​ជន​មាន​ពិការភាព អាយុ​៥​ឆ្នាំ​ឡើង​សរុប​ចំនួន ៦៨៩ ៤៥៧ នាក់ ស្មើនឹង ៤.៩% នៃ​ប្រជាជន​សរុប (​យោងតាម​ជំនឿ​ឆ្នាំ​២០១៩)​។

​មូលហេតុ​ចម្បងៗ​ ដែលនាំឱ្យ​មាន​ពិការភាព គឺ​បណ្តាលមកពី​ជំងឺ​ផ្សេងៗ កង្វះ​អាហារូបត្ថម្ភ តំណពូជ គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​ការងារ គ្រោះថ្នាក់​ដោយសារ​មីន​ និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ អំពើហិង្សា គ្រោះមហន្តរាយ ចាស់ជរា និង​មូលហេតុ​ផ្សេងៗ​ទៀត ដែល​មូលហេតុ​ទាំងនេះ​ប្រែប្រួល​ទៅតាម​បម្រែបម្រួល​ប្រជាសាស្ត្រ និង​សម័យកាល​។​ជាមួយគ្នា​នោះ​លោក​បានបង្ហាញ​នូវ​ក្តី​សង្ឃឹមថា ក្រោម​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​របស់​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​ទាំង២ និង​កម្មវិធី​អេ​ធី​ស្កេ​ល នឹង​បង្កើន​កម្រិត​កិច្ចសហប្រតិបត្តិការ​ទ្វេឡើង​បន្ថែមទៀត ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​​បច្ចេកវិទ្យា​ជំនួយ​សម្រាប់​ជន​មាន​ពិការភាព​នៅ​កម្ពុជា​។​

​បើតាម​ក្រសួងសុខាភិបាល ក្នុងចំណោម​ជន​មាន​ពិការភាព​ដែលមាន​ការលំបាក​ខ្លាំង ក្នុងការ​ធ្វើ​ចលនា ទាំងនោះ មាន​ចាស់ជរា អ្នក​ជំងឺរ៉ាំរ៉ៃដែលមាន​បញ្ហា​ភ្នែក និង​ធ្វើ​ចលនា អតីតយុទ្ធជន និង​ជន​មាន​ពិការភាព​ដោយសារមីន និង​គ្រោះថ្នាក់​ចរាចរណ៍​។ សម្រាប់បញ្ហា​ភ្នែក អត្រា​ប្រេ​វ៉ាឡង់​ពិការភ្នែក គឺ ០.៣៧% ក្នុង​ឆ្នាំ ២០១៩៕