ភ្នំពេញៈ កីឡាករជើងខ្លាំងជាម្ចាស់មេដាយមាសស៊ីហ្គេមត្រកូល «ឡៅ» គឺ ឡៅ ចន្ទ្រា និង ឡៅ ចិត្ត្រា រួមទាំង យ៉េន ឌីណា, ទូច ដេវីត និង ធន់ វណ្ណា ត្រូវបានសង្វៀនប្រដាល់ទូរទស្សន៍ជាតិកម្ពុជា (ទទក) ដាក់ឱ្យប្រកួតដណ្តើមខ្សែក្រវាត់ចំនួន៣ស្ថាប័នជាមួយអ្នកប្រដាល់បរទេស ក្នុងព្រឹត្តិការណ៍ Krud Kun Khmer ដែលធ្វើនៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី២៩ ខែតុលា ហើយម្ចាស់មេដាយមាស ឃីម ឌីម៉ា រួមទាំងអ្នកប្រយុទ្ធ ធន់ រិទ្ធី និង អ៊ុង វីរៈ ក៏ត្រូវដាក់ឱ្យប្រកួតអន្តរជាតិ ក្នុងពេលជាមួយគ្នានេះដូចគ្នា។
ជាមួយគ្នានេះ លោក ម៉ុល នី ប្រធានផ្គូផ្គងរបស់សង្វៀនប្រដាល់ទទក បានអះអាងថា ការប្រកួត Krud Kun Khmer ដែលនឹងចាប់ផ្តើមពីល្ងាចម៉ោង ៦ តទៅ នាថ្ងៃទី២៩ ខែតុលានេះ វាជាព្រឹត្តិការណ៍ធំ លើកទី២ បន្ទាប់ពីការប្រកួត Krud Kun Khmer កាលពីថ្ងៃទី៣ ខែកញ្ញា ដែលជាការប្រកួតដណ្តើមខ្សែក្រវាត់ចំនួន ៦ ស្ថាប័ន ក្នុងពេលតែមួយ មិនធ្លាប់មាន នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រដាល់។
លោកបាននិយាយថា៖ «នេះជាព្រឹត្តិការណ៍ធំទី២របស់ Krud Kun Khmer ហើយវាក៏ជាលើកដំបូងផងដែរ ដែលយើងបានរៀបចំឱ្យមានការប្រកួតម៉ារ៉ាតុង ដណ្តើមខ្សែក្រវាត់ចំនួន២ ប្រភេទទម្ងន់ក្នុងពេលតែមួយ ព្រមទាំងមានការប្រកួតដណ្តើមខ្សែក្រវាត់ ទម្ងន់៧៣គីឡូក្រាម និងការប្រកួតមិត្តភាពចំនួន៣គូទៀត ដែលសម្រិតសម្រាំងសុទ្ធតែកីឡាករមានសមត្ថភាពខ្ពស់ មកប្រកួតគ្នា»។
នៅក្នុងការប្រកួតដ៏ធំនេះ កីឡាករកម្ពុជា ទូច ដេវីត និង ធន់ វណ្ណា នឹងត្រូវដាក់ឱ្យប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ទម្ងន់ ៦០ គីឡូក្រាម ជាមួយកីឡាករមីយ៉ាន់ម៉ា និងថៃ ចំណែកជើងខ្លាំង ឡៅ ចិត្ត្រា និង យ៉េន ឌីណា ត្រូវដាក់ឱ្យប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ទម្ងន់ ៦៥ គីឡូក្រាមជាមួយថៃ និងមីយ៉ាន់ម៉ាដូចគ្នា។
ចំពោះលក្ខខណ្ឌនៃការប្រកួតម៉ារ៉ាតុង ដណ្តើមខ្សែក្រវាត់ទាំង២ប្រភេទទម្ងន់នេះ ត្រូវបានកំណត់រួចហើយ គឺការប្រកួតជម្រុះ តម្រូវឱ្យកីឡាករកម្ពុជា ត្រូវប៉ះកីឡាករបរទេសដូចគ្នា ដោយក្នុងនោះ ទូច ដេវីត ត្រូវជួបមីយ៉ាន់ម៉ា Sow Aye See រីឯ ធន់ វណ្ណា ត្រូវប៉ះថៃ Phanpich R. PiTik ចំណែក ឡៅ ចិត្ត្រា ប្រកួតជាមួយថៃ Noppakao Petchyindee ហើយ យ៉េន ឌីណា ត្រូវជួបមីយ៉ាន់ម៉ា Anasin Pumea។
ចំណែកម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ឡៅ ចន្ទ្រា ត្រូវប្រកួតដណ្តើមខ្សែក្រវាត់ ក្នុងទម្ងន់៧៣គីឡូក្រាមជាមួយជើងខ្លាំង Dabmorn Phumpanmoung ដែលថៃម្នាក់នេះ ធ្លាប់បានចាញ់ពិន្ទុអ្នកល្បី ព្រំ សំណាង សម្រាប់ការប្រកួតការពារខ្សែក្រវាត់គ្រុឌគុនខ្មែរ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣។
ដោយឡែកសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិវិញ ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០១៧ ឃីម ឌីម៉ា ត្រូវជួបអ្នកប្រដាល់លេងសក់មកពីបារាំង Seyed Bagher ក្នុងទម្ងន់ ៦០ គីឡូក្រាម រីឯ អ៊ុង វីរៈ ត្រូវជួបខ្លាចាស់របស់ថៃ Sudsakorn ក្នុងទម្ងន់ ៧៥ គីឡូក្រាម ហើយជំនួបរវាងកីឡាករជើងចាស់ទាំង២ នេះ ត្រូវបានធ្វើឡើងស្របតាមការចង់បានរបស់អ្នកគាំទ្រ ជាពិសេស អ៊ុង វីរៈ ព្រោះ វីរៈ ចង់ជម្រះបញ្ជីចាស់ជាមួយ Sudsakorn ដែលរូបគេធ្លាប់ចាញ់ នៅលើទឹកដីថៃ កាលពីប្រមាណ ១០ ឆ្នាំ មុន។
ចំណែក ធន់ រិទ្ធី ដែលត្រូវបានគេប្រសិទ្ធនាមថា ជា «អធិរាជអ្នកលេងអំបោះឆៅ» បន្ទាប់ពីរូបគេ បានផ្តួលជើងខ្លាំងរបស់ថៃ Sammy Bengchagmek ឱ្យសន្លប់ត្រឹមទឹកទី២ ដើម្បីឈ្នះបានខ្សែក្រវាត់ កាលពីថ្ងៃទី៣ ខែកញ្ញានោះ នឹងត្រូវប្រកួតអំបោះឆៅជាមួយអ្នកប្រយុទ្ធមកពីអ៊ីរ៉ង់ Arvin Mehboudi ក្នុងទម្ងន់ ៧៣ គីឡូក្រាម ដែលគេម្នាក់នេះធ្លាប់ឈ្នះពិន្ទុ អ៊ុង វីរៈ សម្រាប់ការប្រកួតបែបគុនខ្មែរ កាលពីថ្ងៃទី៣ ខែកញ្ញា។
ចំពោះការប្រកួតនេះ ធន់ រិទ្ធី បាននិយាយថា៖ «ដៃគូរបស់ខ្ញុំ គាត់មានកម្លាំងខ្លាំង វ៉ៃចេញចូលបានលឿន និងល្អដៃដូចខ្ញុំដែរ តែគាត់អាចមានប្រៀបជាងខ្ញុំបន្តិច ដោយសារជាកីឡាករគីឡូធំ សម្រកមកវ៉ៃជាមួយយើងគីឡូតូច។ តែទោះបីជាយ៉ាងណា ការវ៉ៃអំបោះឆៅនេះ អាចនឹងសន្លប់ដូចគ្នា ឱ្យតែវ៉ៃចូលបានមុន ព្រោះវាមានទម្ងន់ធ្ងន់ជាងវ៉ៃដោយកណ្តាប់ដៃទទេ ហើយខ្ញុំនឹងខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព។ ខ្ញុំបានត្រៀមទាំងចិត្ត និងកាយ ហើយខ្ញុំសប្បាយចិត្ត ដែលបានជួបអ្នកខ្លាំងដូចគាត់»។
យ៉ាងណាក៏ដោយ សម្រាប់អ្នកគាំទ្រ ដែលមានបំណងចង់ចូលរួមទស្សនាផ្ទាល់ មហាព្រឹត្តិការណ៍ការ Krud Kun Khmer នាថ្ងៃទី២៩ ខែតុលានេះ ត្រូវធ្វើការទិញសំបុត្រ ដោយមាន៣ប្រភេទគឺប្រភេទទី១ VVIP ១ សន្លឹក តម្លៃ ៥ ម៉ឺន រៀល ប្រភេទទ២ VIP ១ សន្លឹក តម្លៃ៣ម៉ឺន និងប្រភេទទី៣ (តំបន់ធម្មតា) ១ សន្លឹក តម្លៃ ១៥ ០០០ រៀល តែរាល់សំបុត្រទាំងអស់នេះនឹងប្តូរបានមកវិញនូវភេសជ្ជៈ។
លោក ម៉ុល នី បានបញ្ជាក់ថា៖ «រាល់ការប្រកួត Krud គុនខ្មែរ នៅតែរក្សាការលក់សំបុត្រ ហើយថវិកាទទួលបានពីការលក់សំបុត្រ យើងនឹងយកទៅទិញសម្ភារកីឡា ដើម្បីយកទៅចែកជូនដល់បណ្តាក្លិបប្រដាល់គុនខ្មែរទាំងអស់ ដែលមានការខ្វះខាត ហើយការប្រកួត Krud Kun Khmer កាលពីថ្ងៃទី៣ ខែកញ្ញា យើងទទួលបានជោគជ័យខ្លាំង ដោយក្នុងនោះសំបុត្រជិត ១ ម៉ឺន សន្លឹក ត្រូវបានលក់អស់»៕