ភ្នំពេញៈ ក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា ជួបពិភាក្សាជាមួយក្រសួងយុត្តិធម៌កម្ពុជា ដើម្បីស្វែងយល់ពីរបៀបដែលកម្ពុជា លើកស្ទួយនីតិរដ្ឋ ជាពិសេសការប្រយុទ្ធប្រឆាំងអំពើពុករលួយ ក្នុងន័យសិក្សាស្រាវជ្រាវ និងវាយតម្លៃ។
កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោក ជិន ម៉ាលីន រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ តំណាងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បានជួបពិភាក្សាការងារ និងពិគ្រោះយោបល់ជាមួយប្រធានក្រុមបេសកកម្ម Article IV Consultation របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា។ នេះបើយោងការគូសបញ្ជាក់ពីលោកជិន ម៉ាលីន ផ្ទាល់។
លោកជិន ម៉ាលីន បញ្ជាក់ថា ក្រុមបេសកកម្មរបស់ IMF ប្រចាំកម្ពុជា ចង់ស្វែងយល់ពីដំណើរការរបស់រដ្ឋាភិបាលកម្ពុជា លើការលើកស្ទួយនីតិរដ្ឋ ដែលគ្រោងនឹងជួបគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់។ ដោយឡែក ក្នុងជំនួបជាមួយក្រសួងយុត្តិធម៌ ភាគី IMF ចង់ដឹងពីយន្តការផ្លូវច្បាប់ និងប្រព័ន្ធយុត្តិធម៌ក្នុងការលើកស្ទួយដល់នីតិរដ្ឋ។
លោកបន្តថា ភាគីកម្ពុជា បានបញ្ជាក់ប្រាប់ភាគី IMF ពីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ក្នុងការលើកស្ទួយនីតិរដ្ឋតាមរយៈការរៀបចំច្បាប់សំខាន់ៗមួយចំនួន រួមទាំងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការអនុវត្តច្បាប់របស់សមត្ថកិច្ច ក្នុងនោះមានកិច្ចសហប្រតិបត្តិការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ការពង្រឹងវិន័យ ក្រមសីលធម៌មន្ត្រី និងតុលាការជាដើម ជាពិសេសការពង្រឹងផ្នែកអធិការកិច្ច ។
លោកសង្កត់ធ្ងន់ថា៖«យើងបានបញ្ជាក់ប្រាប់ភាគី IMF ច្បាស់លាស់ណាស់ថា រដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ ដែលយើងមានច្បាប់សំខាន់ៗ ក្នុងការជំរុញលើកស្ទួយនីតិរដ្ឋ ហើយប្រឆាំងអំពើពុករលួយ ហើយមានវិធានការអធិការកិច្ចម៉ឺងម៉ាត់ផង ដើម្បីធានាមន្ត្រីយើងអនុវត្តត្រឹមត្រូវតាមគោលការណ៍ និងនីតិវិធីច្បាប់ប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈ»។
តាមរយៈជំនួបនោះ ភាគីទាំង២ បានលើកឡើងនូវប្រធានបទសំខាន់ៗចំនួន ៤ ក្នុងនោះ ទី១វឌ្ឍនភាពនៃយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដើម្បីធ្វើឱ្យប្រសើរឡើងនូវនីតិរដ្ឋ និងការងារកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌។
ទី២កិច្ចដំណើរការនីតិកម្មនៃសេចក្តីព្រាងច្បាប់ស្តីពីការការពារបុគ្គលរាយការណ៍ និងសាក្សី និងច្បាប់ផ្សេងទៀតក្នុងការលើកស្ទួយនីតិរដ្ឋ។ ទី៣ការអនុវត្តកិច្ចសន្យា វិវាទធុរកិច្ច និងការការពារសិទ្ធិលើទ្រព្យសម្បត្តិ និងទី៤ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លើកឡើងថា ប្រទេសជាច្រើនជុំវិញសកលលោកកំពុងមានស្ថានភាពធ្លាក់ចុះនូវសន្ទស្សន៍នីតិរដ្ឋ ដែលគេរកឃើញថា ប្រជាជនប្រមាណ ៦ពាន់លាននាក់ កំពុងរស់នៅក្នុងបរិបទទន់ខ្សោយនៃនីតិរដ្ឋ ហើយមិនអាចទ្រទ្រង់ផ្នែកយុត្តិធម៌បាន។ ក្នុងនោះ តំបន់អាស៊ីប៉ាស៊ីហ្វិក ក៏មានការធ្លាក់ចុះធ្ងន់ធ្ងរ បូករួមទាំងកម្ពុជាផងដែរ។
លោកបន្តថា រដ្ឋាភិបាលកម្ពុជាគួរតែមានការពិនិត្យលើសូចនាករនានា សំដៅលើកកម្ពស់នីតិរដ្ឋ ដើម្បីទទួលបានកំណើនវិនិយោគ ការធានាបាននូវប្រព័ន្ធយុត្តិធម៌ក្នុងសង្គម។
លោកថ្លែងថា៖«មានទិដ្ឋភាព៣ យ៉ាង ទី១ កម្ពុជាគួរជំរុញអភិបាលកិច្ច ពិនិត្យតុល្យភាពអំណាចកំពូលទាំង៣ ពោលគឺអង្គនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងអង្គតុលាការ។ ទី២ ការប្រឆាំងអំពើពុករលួយ ជាប្រព័ន្ធ បក្ខពួកនិយម គ្រួសារនិយម ទាំងខ្នាតតូច និងធំ ដើម្បីពង្រឹងសេវាសាធារណៈ និងទី៣ កម្ពុជាគួរពង្រឹងការពិនិត្យលើម៉ាក្រូសេដ្ឋកិច្ច អំពើពុករលួយក្នុងអាជីវកម្ម ពិពិធកម្មឧស្សាហកម្មនិងវិស័យផ្សេងៗ ដែលទ្រទ្រង់ដំណើរការសេដ្ឋកិច្ចជាតិ»។
លោកបន្ថែមថា ក្រៅពីនេះ រដ្ឋាភិបាលគួរជំរុញការគាំទ្រទៅដល់វិស័យអាទិភាពនានា ដែលជាផ្នែកទ្រទ្រង់សេដ្ឋកិច្ច តួយ៉ាង វិស័យទេសចរណ៍ កសិកម្ម សហគ្រាសខ្នាតតូច និងមធ្យម ដោយពិនិត្យមើលលទ្ធភាពជួយតាមរយៈជំនួយហិរញ្ញវត្ថុ ឬជំនួយរដ្ឋបាល ដើម្បីបង្កើនសម្ទុះសេដ្ឋកិច្ច។
គួរជម្រាបជូនថា របាយការណ៍ចេញផ្សាយកាលពីពេលថ្មីៗនេះ អំពីសន្ទស្សន៍នីតិរដ្ឋសកលដោយអង្គការគម្រោងយុត្តិធម៌សកល (World Justice Project) បានចាត់ថ្នាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ ១៤១ ក្នុងចំណោម ១៤២ប្រទេស ដែលមានពិន្ទុត្រឹម ០,៣១ ពោលគឺមានពិន្ទុនីតិរដ្ឋទាបជាងគេ បន្ទាប់ពីប្រទេសវេណេស៊ុយអេឡា ដែលជាប់ចំណាត់ថ្នាក់លេខ ១៤២ ជាមួយពិន្ទុ ០,២៦។ ក្នុងនោះដែរ ប្រទេសភូមា ជាប់ចំណាត់ថ្នាក់ល្អជាងកម្ពុជា ទៅវិញក្នុងលំដាប់ថ្នាក់ទី ១៣៥ ជាមួយពិន្ទុ ០,៣៥។
ប៉ុន្តែ លោក ជិន ម៉ាលីន បានប្រតិកម្មតបថា របាយការណ៍របស់រគម្រោងយុត្តិធម៌សកល ជារបាយការណ៍ដែលមិនមានតម្លាភាព ហើយប្រើប្រាស់វិធីសាស្ត្រដដែលៗដូចទៅនឹងបណ្តាឆ្នាំមុនៗ មិនមានភាពច្បាស់លាស់ ដែលមិនបានឆ្លុះបញ្ចាំងនឹងស្ថានភាពជាក់ស្តែងនៅកម្ពុជានោះទេ។
លោកថា របាយការណ៍នេះយកបណ្តុំទិន្នន័យនិងព័ត៌មានពីបណ្តាអង្គការ ស្ថាប័ន ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ឬបង្កប់ចេតនានយោបាយ ហើយមិនបានទទួលព័ត៌មាននិងធាតុបញ្ចូលពីជ្រុងរដ្ឋាភិបាលកម្ពុជា។ និយាយជារួម ជារបាយការណ៍មិនអាចទុកចិត្តបាន។
លោកបញ្ជាក់ថា៖«យើងមើលរបាយការណ៍ហ្នឹងចុះ មិនដឹងគេប្រើវិធីសាស្រ្តយ៉ាងម៉េច ប្រទេសភូមាមានសង្គ្រាមស៊ីវិល មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ប្រទេសជាច្រើននាំគ្នាដាក់ទណ្ឌកម្មលើ បែរជាមានពិន្ទុនីតិរដ្ឋល្អជាងកម្ពុជាទៅវិញ ជារបាយការណ៍មានមន្ទិលសង្ស័យ គ្មានបែបបទវិទ្យាសាស្រ្ត»៕