ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា បានទទួលយកពានរង្វាន់កោតសរសើរ «AIBD Appreciation Award 2023 » ពីលោកស្រី PhiloMena Gnanapra Gasam នាយិកាវិទ្យាស្ថានតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ AIBD ដែលបានយកមកប្រគល់ជូននៅទីស្តីការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។ នេះបើតាមការផ្សាយរបស់ក្រសួងព័ត៌មាន។
លោកស្រី PhiloMena Gnanapra Gasam ស្នើដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តជួយគាំទ្រនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយ AIBD ឱ្យកាន់តែល្អប្រសើរថែមទៀត ខណៈ AIBD សន្យានឹងបន្តជួយបណ្តុះបណ្តាលធនធានមនុស្សលើវិស័យព័ត៌មាន រួមទាំងការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនិងការលាងលុយកខ្វក់ផងដែរ។ នេះបើតាមតាមការផ្សាយលើគេហទំព័រក្រសួងព័ត៌មានដែលបានដកស្រង់សម្តីលោកស្រី PhiloMena Gnanapra Gasam ។
ក្រសួងព័ត៌មានបានឱ្យដឹងថា លោក នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អរវាងក្រសួងព័ត៌មានកម្ពុជាជាមួយAIBDអស់រយៈពេលជាច្រើនឆ្នាំមកនេះ។លោករដ្ឋមន្ត្រីថានឹងបន្តគាំទ្រដល់កិច្ចការងាររបស់AIBDទៅមុខទៀតហើយលោកបានលើកឡើងពីក្តីសង្ឃឹមថា AIBD នឹងបន្តជួយដល់ក្រសួងព័ត៌មាន លើការងារបណ្តុះបណ្តាលធនធានមនុស្សឱ្យបានកាន់តែច្រើនបន្ថែមទៀត ព្រោះក្រសួងមានទីតាំងសមរម្យជាវិទ្យាស្ថានសម្រាប់កិច្ចការងារបណ្តុះបណ្តាល ។ ចំណែក AIBD មានគ្រូបង្គោលអាចបញ្ជូនមកឧទ្ទេសនាមពន្យល់បង្ហាត់បង្រៀនគឺជាការល្អ និងចំណាយតិចផង។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងឱកាសនោះ ថ្នាក់ដឹកនាំវិទ្យាស្ថានតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ AIBD បានចូលរួមអបអរសាទរ ចំពោះលោកនេត្រ ភក្ត្រា ដែលត្រូវបានឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជានិងសង្ឃឹមថា លោកនៅតែបន្តការគាំទ្រនិងផ្តល់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូក្នុងវិស័យព័ត៌មានដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ។
សេចក្តីប្រកាសព័ត៌មានរបស់ AIBD បានឱ្យដឹងថា វិទ្យាស្ថានតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ AIBD មានមោទនភាពក្នុងការទទួលស្គាល់ការលះបង់ដ៏វិសេសវិសាលនិងការគាំទ្រការមិនរាថយរបស់កម្ពុជាក្នុងរយៈពេល ២២ ឆ្នាំ ចុងក្រោយនេះ។ ក្រសួងព័ត៌មានរបស់កម្ពុជា ឈ្នះពានរង្វាន់កិត្តិយសដ៏មានកិត្យានុភាពនៅក្នុងការសន្ទនាក្នុងសន្និសីទទូទៅ AIBD លើកទី២១ នៅទីក្រុង Balaclava ប្រទេស Mauritius កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។
ប្រភពដដែលបានឱ្យដឹងថា ពានរង្វាន់ AIBD Appreciation Award ឆ្នាំ២០២៣ គឺជាការយកចិត្តទុកដាក់ និងការគាំទ្រជាបន្តបន្ទាប់របស់កម្ពុជា បានធ្វើឱ្យប្រទេសនេះ ក្លាយជាបេក្ខភាពដ៏ស័ក្តិសម សម្រាប់ពានរង្វាន់ AIBD Appreciation Award សម្រាប់ឆ្នាំ២០២៣។ ពានរង្វាន់នេះ ជាការទទួលស្គាល់ការខិតខំប្រឹងប្រែងជាប់លាប់របស់កម្ពុជា ក្នុងការបន្តបេសកកម្មរបស់ AIBD ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងវិស័យផ្សាយនិងរួមចំណែកដល់ការរីកលូតលាស់នៃឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្នុងសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖«ភាពជាដៃគូរបស់កម្ពុជា ជាមួយ AIBD ត្រូវបានកត់សម្គាល់ ដោយការចូលរួមយ៉ាងសកម្ម ភាពជាអ្នកដឹកនាំ និងការគាំទ្រ ដែលមិនផ្លាស់ប្តូរ។ការចូលរួមនិងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះបេសកកម្មរបស់ AIBD មានសារៈសំខាន់ក្នុងការជំរុញឧស្សាហកម្មផ្សព្វផ្សាយ និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»។
សេចក្តីប្រកាសព័ត៌មាននោះ បានឱ្យដឹងទៀតថា ក្រៅពីពានរង្វាន់ AIBD Appreciation Award ឆ្នាំ២០២៣ នៅមានចំណុចគួរឱ្យកត់សម្គាល់នៃការគាំទ្រពិសេសរបស់កម្ពុជា មួយចំនួនទៀតដូចជា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី (AMS) លើកទី១៦ នៅខែមិថុនា ឆ្នាំ២០១៩ ដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវដោយសប្បុរស នៅខេត្តសៀមរាប ដោយមានការចូលរួមពីប្រតិភូជាង ៥០០ នាក់ មកពីជុំវិញពិភពលោក។
បន្ថែមលើនោះ មានការធ្វើជាក្រុមប្រឹក្សាប្រតិបត្តិរបស់ AIBD ភាពជាអ្នកដឹកនាំអំឡុងពេលជំងឺរាតត្បាត និងធ្វើជាអនុប្រធាន AIBD ដែលចំណុចនេះ កម្ពុជា ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់នៅក្នុងសន្និសីទទូទៅ
AIBD លើកទី២១ នៅប្រទេស Mauritius កាលពីពេលថ្មីៗនេះ ដោយត្រូវបានបោះឆ្នោតជ្រើសរើសជាអនុប្រធានជាលើកដំបូង ទទួលបានការគាំទ្រពីប្រទេសជាង១៤។ ការបោះឆ្នោតនេះ ធ្វើឡើងក្រោមអធិបតីភាពសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងបច្ចេកវិទ្យាគមនាគមន៍នៃប្រទេស Papua New Guinea លោក Timothy Masiu និងម្ចាស់ផ្ទះនៃសន្និសីទទូទៅសាជីវកម្មផ្សព្វផ្សាយ Mauritius (MBC)៕