ភ្នំពេញ : ​ជា​ដំណឹង​សាទរ​ សម្រាប់​​អ្នក​ចូលចិត្ត​បច្ចេកវិទ្យា និង​អ្នក​អភិវឌ្ឍន៍​ដែល​កំពុង​រីកចម្រើន SabaiCode បានប្រកាស​កម្មវិធី Full-Stack Web Development Bootcamp ជា​លើក​ទី​៣​ របស់ខ្លួន​។​

​កម្មវិធីសិក្សា​ផ្នែក​បច្ចេកវិទ្យា​នេះ បើក​ទូលាយ​ចំពោះនិស្សិត​​ដោយ​មិន​គិតពី​បទពិសោធន៍​សរសេ​រកូដ​ពីមុន​ ​ដើម្បី​ក្លាយជា​អ្នក​អភិវឌ្ឍន៍​ពេញលេញ​ជាមួយ​វគ្គ​សិក្សា​ជំនាញ​ក្នុង​រយៈពេល​ត្រឹមតែ ៦ ខែ ​ប៉ុណ្ណោះ​។​

លោក ឡេង​ ពិសិដ្ឋ សហ​ស្ថាបនិក Sabai Code បាន​ឱ្យ​ដឹង​ថា​៖ «​​​វា​ជា​អាហារូបករណ៍ ១០០​ ភាគរយ​។ នៅពេល​បញ្ចប់​ការសិក្សា និស្សិត​នឹងត្រូវ​បាន​ធានា​នូវ​ការងារ​ហាត់​ការ​​ជាមួយ​គណៈកម្មាធិការ​រ​ដ្ឋា​ភិ​បាល​ឌីជីថល​កម្ពុជា (DGC)»​។​

​ឧបត្ថម្ភ​ដោយ DGC ​ជា​អង្គភាព​រដ្ឋាភិបាល​ ដែល​ទទួលខុសត្រូវ​ក្នុងការ​បង្កើត​ និង​អនុវត្ត​ការអនុម័ត​បច្ចេកវិទ្យា​សម្រាប់​រដ្ឋាភិបាល​កម្ពុជា វគ្គ​បណ្តុះបណ្តាល​កម្រិត​ខ្ពស់​នេះ​បាន​ទាក់ទាញ​ការយកចិត្តទុកដាក់​ក្នុង​សហគមន៍​បច្ចេកវិទ្យា​សម្រាប់​កម្មវិធីសិក្សា​ និង​លទ្ធភាព​នៃ​ការស្វែងរក​ការងារ​ធ្វើ​។​

​​យោងតាម​ការ​បង្ហោះ​របស់ DGC នៅលើ ហ្វេសប៊ុក​របស់ខ្លួន បាន​បង្ហាញ​ថា​៖ «តើ​អ្នក​ពិតជា​មានបំណង​ក​សាង​អាជីព​ក្នុង​វិស័យ​ឌីជីថល​ពិតមែន​ដែរឬទេ​? តើ​អ្នក​ទាំងអស់គ្នា​គួរ​ធ្វើ​អ្វីខ្លះ​ដើម្បីឱ្យ​រូបភាព​នោះ​ក្លាយជា​ការពិត​?​ លោកអ្នក​អាច​ចូលរួម​ជាមួយ​ពួកយើង​ដើម្បី​បង្ហាញ​ពី​ភាព​ច្នៃប្រឌិត ការ​ស្រមើល​ស្រមៃ និង​ក្តី​ប្រាថ្នា​របស់​អ្នក​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន រួមទាំង​មានឱកាស​ចូលរួម​កិច្ចការងារ​ជាមួយ​គណៈកម្មាធិការ​រ​ដ្ឋា​ភិ​បាល​​ឌីជីថល​-Digital Government Committee ថែម​ទៀតផង​»។

Bootcamp របស់ SabaiCode មិន​គ្រាន់តែ​អំពី​ការសរសេរ​កូដ​ប៉ុណ្ណោះ​ទេ វា​ផ្តល់នូវ​បទពិសោធន៍​​​ដែល​គ្រប​ដណ្តប់​ទិដ្ឋភាព​ផ្សេងៗ​នៃ​ការ​អភិវឌ្ឍ​គេហទំព័រ​។​

​កម្មវិធីសិក្សា​ចាប់ផ្តើម​ជាមួយ​នឹង​ភាពចាំបាច់​នៃ​ការអភិវឌ្ឍគេហទំព័រ ហើយ​នាំ​អ្នកចូលរួម​ធ្វើដំណើរ​តាមរយៈ​បច្ចេកវិទ្យា front-end, back-end និង cloud computing។​

ទោះជា​យ៉ាង​ណា​ក៏ដោយ ​អាហារូបករណ៍ពេញ​លេញ​នេះ​សម្រាប់​តែ​បេក្ខជន​​ចំនួន ១៥ នាក់​ ប៉ុណ្ណោះ​ដែលស្មើ​នឹង​ទឹក​ប្រាក់​ ១ ៥០០ ដុល្លារ​​ សម្រាប់​កម្មវិធី​ទាំងមូល។ ​​​វា​ក្លាយជា​ឱកាស​​សម្រាប់​អ្នក​ដែល​ស្រឡាញ់​បច្ចេកវិទ្យា​យ៉ាងពិត​ប្រាកដ​។​

​ក្នុង​អំឡុង​ពេល Bootcamp របស់ SabaiCode បេក្ខជន​​នឹង​ចាប់ផ្តើម​ផ្ដោត​លើ​ការ​អភិវឌ្ឍ​គេហទំព័រ​ (Web Development)។​

​កម្មវិធី​នេះ​ចាប់ផ្តើម​​ពី​ម៉ូឌុល​មួយ​​រយៈពេល ៦ សប្តាហ៍ ​ចំពោះ​ Project Discoveries & Web Development Fundamentals ដោយ​សង្កត់ធ្ងន់​ទៅលើ​ការចាប់ផ្តើម​​ផ្នែក​ធុរកិច្ច​ គោលការណ៍​រចនា UI/UX និង​ការរួម​បញ្ចូល​ឧបករណ៍​គ្រប់គ្រង​គម្រោង​សំខាន់ៗ ​ដូចជា Trello, Jira និង Figma​។​

​វគ្គ​សិក្សា Bootcamp ផ្ដល់​នូវ​ចំណេះ​ដឹង​​ផ្នែក​ Advanced Front-End Development ដោយ​ផ្ដោត​​ការអភិវឌ្ឍ​កម្មវិធី micro frontend architecture និង​ការ​ធ្វើ​តេស្ត​ជាមួយ​ឧបករណ៍ ​ដូចជា Jest/Cypress ជាដើម​។​

​បន្ទាប់មក ​និស្សិត​​ផ្លាស់ប្តូរ​ទៅធ្វើជា​​ការអភិវឌ្ឍ Back-End ជាមួយ Microservices ដោយ​រៀន​រួមបញ្ចូល​សេវា​កម្ម​តាម​រយៈ​ការ​​ប្រើ​បច្ចេកវិទ្យា ​ដូចជា Node.js/Express និង MongoDB ជាដើម​។​

​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​ការ​ផ្ដោត​ស៊ីជម្រៅ​​ទៅក្នុង Cloud Development និង Microservices Orchestration ដែល​អ្នកចូលរួម​ទទួល​បាន​ជំនាញ​បច្ចេកវិទ្យា cloud, Docker, Kubernetes និង Infrastructure as Code (IaC)។​

ធានា​ជោគជ័យ​ក្នុង​អាជីព​

SabaiCode និង DGC យល់​ពី​សារៈ​សំខាន់​នៃ​បទពិសោធន៍​ជាក់ស្តែង​នៅក្នុង​ទីផ្សារការ​ងារ​ដែលមាន​ការប្រកួតប្រជែង​នាពេល​បច្ចុប្បន្ន​នេះ​។​

​នៅពេល​បញ្ចប់​កម្មវិធី Bootcamp អ្នកចូលរួម​ត្រូវបាន​ធានា​នូវ​កម្មសិក្សា​រយៈពេល​ ៣ ខែ​ជាមួយ​គណៈកម្មាធិការ​រ​ដ្ឋា​ភិ​បាល​ឌីជីថល​កម្ពុជា​។​

​អ្នក​ហាត់​ការ​ពោរពេញ​ដោយ​សមត្ថភាព​​ក្នុងអំឡុងពេល​កម្មសិក្សា​នេះ​អាច​ធានាបាន​នូវ​មុខតំណែង​វិស្វកម្ម​អចិន្ត្រៃយ៍​ជាមួយ​គណៈ​កម្មាធិការ​។​

​ជាងនេះ​ទៅទៀត​ សម្រាប់​អ្នក​ដែល​មិន​មាន​តួនាទី​ជា​អចិន្ត្រៃយ៍ SabaiCode សន្យា​គាំទ្រ​​ជួយ​ពួកគេ​ក្នុងការ​ស្វែងរក​ការងារ​បង្កើត​កម្មវិធី​របស់​ពួកគេ​។​

លោក​ ពីសិដ្ឋ បា​នប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​អ្វីដែលខ្ញុំសង្កេត​ឃើញ​ តម្រូវការ​ ចំណង់​ចំណូល​ចិត្ដ​រៀន​ផ្នែក​បច្ចេកវិទ្យា​នេះ​មាន​ច្រើន​មែនទែន​។ ពេល​យើង​បើក​ Bootcamp យើង​មាន​អាហារូបករណ៍​ពី ១០ ទៅ ១៥ កន្លែង តែ​ចំនួន​អ្នក​ដាក់​ពាក្យ​រហូត​ដល់​ ៤៥០ នាក់​»។

លោក​ទទួល​ស្គាល់​ថា ការ​សិក្សា​ផ្នែក​បច្ចេកវិទ្យា​នេះ​មិន​ងាយស្រួល​ទេ តែ​ក៏​មិន​លំបាក​ណាស់​ណា​សម្រាប់​អ្នក​ចូលចិត្ដ​។ ពួកគេ​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​ដោយ​ខ្លួន​ឯង​​ ជាពិសេស ស្វ័យ​សិក្សា​។

លោក​បាន​និយាយ​អំពី​បទពិសោធ​ន៍កន្លង​មក​ថា កម្មវិធី​សិក្សា​អនុលោម​ទៅតាម​ទីផ្សារ​ការងារ គួប​ផ្សំ​នឹង​សមត្ថភាព​​និស្សិត​​ ពួកគេ​មាន​គុណភាព​ ដោយ​ក្រុម​ Bootcamp II ទទួល​បា​នការងារ​នៅ​ក្រុមហ៊ុន​សែលកាត ១០០ ភាឍគរយ​ក្នុង​ចំណោម ១៥ នាក់​។

លោក​បាន​បន្ដថា​៖ «​សម្រាប់ Bootcamp ថ្មី​នេះ DGC ផ្ដល់​ការងារ​ហាត់​ការ​ដល់​ពួកគេ​ទាំង ១៥ នាក់​ និង​អាច​ចូលបម្រើ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​តែ​ម្ដង​»។

គណៈ​កម្មាធិការ​រដ្ឋាភិបាល​ឌីជីថល​នៃ​កម្ពុជា​ដែល​គាំទ្រ​កម្មវិធី​ Bootcamp គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​គំនិត​ផ្តួចផ្តើម​បែបនេះ​នៅក្នុង​យុគ​សម័យ​ឌីជីថល​នាពេល​បច្ចុប្បន្ន​​។​

​នៅពេលដែល​ថ្ងៃ​ផុតកំណត់​​ថ្ងៃទី១០ ខែវិច្ឆិកា វេលា​​ពាក់​កណ្តាលអធ្រាត្រ ឱកាស​នេះ​ផ្ដល់​ជូន​​សម្រាប់តែ​និស្សិត និង​និស្សិត​បញ្ចប់​ការសិក្សា​នៅ​សាកល​វិទ្យាល័យ​ប៉ុណ្ណោះ​។ សូម​ចូលទៅ​កាន់ SabaiCode Facebook សម្រាប់​ព័ត៌មាន​លម្អិត​៕

លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន បញ្ចុក​អាហារ​ទារក​។ រូបថត CRC