ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ និងក្រសួង​វប្បធម៌​និងវិចិត្រ​សិល្បៈ បានចុះ​អនុស្សរណៈ (MoU) រួមគ្នា​លើកិច្ច​សហការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ (verify.gov.kh) ដើម្បី​រៀបចំ​ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត។

ពិធីចុះ​អនុស្សរណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​ទាំងពីរ ត្រូវបានធ្វើ​ឡើងកាល​ពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព​រវាង​លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ។

សេចក្តី​ប្រកាសព័ត៌មាន​ស្តីពី MoU នេះ បានឱ្យដឹង​ថា ក្រសួង​ប្រៃសណីយ៍ នឹងផ្តល់​ការគាំទ្រ​ដល់ក្រសួង​វប្បធម៌ លើការដាក់​ឱ្យ​ប្រើថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ (verify.gov.kh) សម្រាប់ផ្ទៀងផ្ទាត់​ឯកសារ ការរៀបចំ​ប្រព័ន្ធ​បច្ចេកវិទ្យាឌីជីថល និងការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​និងតភ្ជាប់​អ៊ីនធឺណិត​នៅក្នុង​ក្រសួង​វប្បធម៌ ព្រមទាំង​ការសហការរៀបចំ​ថ្នាលបច្ចេកវិទ្យាឌីជីថល​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​វប្បធម៌​និងវិចិត្រសិល្បៈ។

សេចក្តីប្រកាសបញ្ជាក់​ថា៖«MoU នេះ ក៏មានគោលបំណង​ក្នុងការជំរុញ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ការបណ្តុះបណ្តាល​មូលធនមនុស្ស​ឌីជីថល និងការធ្វើ​បរិវត្តកម្ម​ឌីជីថល​ក្នុងរដ្ឋបាល​សាធារណៈនិងការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ របស់​ក្រសួង ស្ថាប័ន ស្របតាម​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២២-២០៣៥»។

ផ្អែកតាម​ខ្លឹមសារ​នៃ MoU នេះ រួមមាន ការដាក់​បញ្ចូល QR Code ស្តង់ដា​នៅលើ​ឯកសារ និងការលើក​កម្ពស់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​ឌីជីថល​របស់​ក្រសួង, លុបបំបាត់​ការក្លែងបន្លំ​ឯកសារ

ផ្តល់ភាពងាយ​ស្រួលក្នុង​ការប្រើប្រាស់ និងផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​នៃ​ឯកសារ ព្រមទាំង​ជំរុញ​ការធ្វើ​បរិវត្តកម្ម​ឌីជីថល។

ពិធីចុះ​ហត្ថលេខា​ក្នុងថ្ងៃនេះ គឺជាលើក​ទី៥ ហើយ ដែល ក.ប.ទ. បានរៀបចំ​ពិធីចុះ​ហត្ថលេខា​លើអនុស្សរណៈ​និងកិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុងការដាក់​ឱ្យ​ប្រើថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ verify.gov.kh និងការធ្វើ​ឌីជីថលូបនីយកម្ម​ក្នុង​ក្រសួង ស្ថាប័នរដ្ឋ និង​គ្រឹះស្ថាន​ឧត្តមសិក្សា បន្ទាប់ពី​បានធ្វើ​ជាមួយ​ក្រសួង​ចំនួន ៣ និង គ្រឹះស្ថាន​ឧត្តម​សិក្សា​ចំនួន ២១ កាលពី​ពេល​កន្លងមក។

សូមបញ្ជាក់​ផងដែរ​ថា ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ verify.gov.kh គឺជាថ្នាល​របស់​រាជរដ្ឋាភិបាល ដែលអភិវឌ្ឍ​ដោយ ក.ប.ទ. និងត្រូវបាន​ដាក់ឱ្យ​ប្រើក្នុងគោលបំណង​លុបបំបាត់​ការក្លែងបន្លំ​ឯកសារ ផ្តល់​ភាពងាយ​ស្រួល​ក្នុងការប្រើ និងផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​នៃ​ឯកសារ ផ្តល់​ទំនុកចិត្ត ចំណេញ​ពេលវេលា និងកាត់​បន្ថយ​ចំណាយ​នានា ព្រមទាំង​ជំរុញ​ការធ្វើ​បរិវត្តកម្ម​ឌីជីថល ស្របតាម​ឧត្តមានុវត្ត​ជា​អន្តរជាតិ។

ការផ្ទៀងផ្ទាត់​ឯកសារ​នៅលើ​ថ្នាល verify.gov.kh ត្រូវធ្វើ​ឡើងតាម​រយៈការដាក់​បញ្ចូល QR Code ស្តង់ដា ដោយប្រើ​បច្ចេកវិទ្យា​ប្លុកឆេន (Blockchain) ដែលមាន​សុវត្ថិភាព​ខ្ពស់​នៅលើ​សន្លឹក​នៃឯកសារ​នីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើ​ឯកសារ​ដែលមាន​ដាក់​បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវ​ឱ្យមានការ​ធ្វើ​នីត្យានុកូលកម្ម លើឯកសារ​ថត​ចម្លង​ក្នុងទម្រង់​ជាក្រដាស​ឡើយ៕