ភ្នំពេញៈ កម្ពុជា និងឥណ្ឌា បានឯកភាពគ្នាពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក បន្ទាប់ពីភាគីទាំង ២ បានពង្រឹងទំនាក់ទំនងផ្នែកកងទ័ពជើងគោករួច តាមរយៈការចុះអនុស្សរណៈយោគយល់ (MoU) គ្នាកាលពីដើមខែកុម្ភៈឆ្នាំនេះ ខណៈភាគីទាំង ២ កត់សម្គាល់ពីវឌ្ឍនភាពនៃទំនាក់ទំនងវិស័យការពារជាតិ។
ការឯកភាពគ្នានេះធ្វើឡើងតាមរយៈជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងលោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជានៅទីស្តីការក្រសួងការពារជាតិកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣។ នេះបើយោងតាមការប្រកាសពីគេហទំព័រផ្លូវការក្រសួងការពារជាតិ។
ប្រភពដដែលបានឱ្យដឹងថា នៅក្នុងជំនួបនោះ លោក ទៀ សីហា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល កងទ័ព និងប្រជាជនឥណ្ឌាដែលបានជួយកម្ពុជាក្នុងដំណើរការអភិវឌ្ឍជាតិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងការពារជាតិ ជាដើម។ ជាមួយគ្នានេះ លោកបានរំពឹងដែរថា កម្ពុជានិងឥណ្ឌានឹងពង្រីកវិសាលភាពទំនាក់ទំនងទ្វេភាគីកាន់តែទូលំទូលាយថែមទៀតជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិលើផ្នែកសន្តិសុខអ៊ីនធឺណិត ជាដើម សម្រាប់ប្រយោជន៍ប្រជាជននៃប្រទេសទាំង ២។
ចំណែកលោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត បានលើកឡើងពីទំនាក់ទំនងល្អជាលក្ខណៈប្រវត្តិសាស្ត្រ រវាងប្រទេសទាំង ២ ជាពិសេសផ្នែកវប្បធម៌ និងវិទ្យាសាស្ត្រ ក៏ដូចជាវិស័យពាណិជ្ជកម្មដែលភាគីទាំង ២ បានចរចាលើកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មទ្វេភាគីក្នុងពេលបច្ចុប្បន្ន។
លោកស្រីបានបន្តថា៖ «ប្រទេសទាំង ២ គ្រោងនឹងដាក់ឱ្យមានការហោះហើរត្រង់ រវាងកម្ពុជា-ឥណ្ឌា នៅក្នុងអំឡុងខែតុលា ឆ្នាំ ២០២៣ នេះ។ ការងារនេះនឹងជំរុញឱ្យថាមពលនៃវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ក៏ដូចជា វិស័យពាក់ព័ន្ធផ្សេងៗទៀតកាន់តែមានសម្ទុះខ្លាំងឡើង។ ឥណ្ឌាក៏គ្រោងពង្រីកវិសាលភាពលើបច្ចេកវិទ្យាសម្រាប់ការគាំទ្រដល់ការអភិវឌ្ឍឌីជីថលនៅកម្ពុជា»។
បើតាមក្រសួងការពារជាតិ «ភាគីទាំង ២ បានកត់សម្គាល់ពីវឌ្ឍនភាពទំនាក់ទំនងផ្នែកការពារជាតិ បន្ទាប់ពីកម្ពុជា និងឥណ្ឌាចុះអនុស្សរណៈនៃការយោគយល់គ្នារវាងកងទ័ពជើងគោកប្រទេសទាំង ២ និងការរៀបចំការហ្វឹកហ្វឺនរួមគ្នាលើការងារជួយបណ្ដុះបណ្ដាលជំនាញដល់កងកម្លាំងថែរក្សាសន្តិភាពរបស់កម្ពុជាសម្រាប់ចូលរួមជាលក្ខណៈមនុស្សធម៌ក្របខ័ណ្ឌអង្គការសហប្រជាជាតិ»។
លើសពីនេះភាគីទាំង ២ បានឯកភាពពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការបន្ថែមទៀតដល់កងទ័ពជើងទឹកប្រទេសទាំង ២ ដោយភាគីឥណ្ឌាបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងផ្នែកការពារជាតិ រវាងប្រទេសទាំង ២ នឹងកាន់តែមានសម្ទុះទ្វេឡើងថែមទៀត។
លោករដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា បានលើកឡើងស្រដៀងគ្នាថា ចំណងមិត្តភាពប្រទសទាំង ២ ជាពិសេសក្នុងវិស័យការពារជាតិនឹងកាន់តែរឹងមាំនៅថ្ងៃខាងមុខ បន្ទាប់ពីព្រះរាជដំណើរយាងទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជានិងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែត ទៅកាន់ប្រទេសឥណ្ឌា នាពេលកន្លងទៅ។
នៅក្នុងជំនួបនោះ លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាក៏បានអញ្ជើញលោក ទៀ សីហា ទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌាផងដែរ ដើម្បីពង្រឹងចំណងកិច្ចសហប្រតិបត្តិការរវាងយោធាប្រទេសទាំង ២ បន្ថែមទៀត។
ពាក់ព័ន្ធរឿងនេះលោក ថុង ម៉េងដាវិត ប្រធានផ្នែកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានថ្លែងថា ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងឥណ្ឌា ជាកិច្ចសហប្រតិបត្តិការបែបយុទ្ធសាស្ត្រ និងកិច្ចការពារក្នុងតំបន់ ខណៈប្រទេសទាំង ២ ក៏មានទំនាក់ទំនងល្អនឹងគ្នាតាមទិដ្ឋភាពប្រវត្តិសាស្ត្រ។
លោកបានបញ្ជាក់ថា៖ «ក្នុងវិស័យយោធា កម្ពុជា និងឥណ្ឌា គួរផ្តោតសំខាន់លើការពង្រឹងសមត្ថភាពនិងចែករំលែកបទពិសោធន៍ ជំនាញបច្ចេកទេសព័ត៌មានវិទ្យា និងការចែករំលែកព័ត៌មាន និងការកសាងធនធាន និងសមត្ថភាពយោធិនក្នុងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជាក្របខ័ណ្ឌអាស៊ាន»។
ក្នុងបរិបទជាមួយឥណ្ឌា លោក ថុង ម៉េងដាវិត លើកឡើងថា ជាយុទ្ធសាស្ត្រ ឥណ្ឌាជាដៃគូអភិវឌ្ឍន៍វប្បធម៌ និងធនធាមនុស្សនៅកម្ពុជា ហើយឥណ្ឌាក៏តួអង្គរដ្ឋមួយដ៏សំខាន់ផងដែរក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
គួរជម្រាបជូនថា កាលពីដើមខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅលោក ហ៊ុន ម៉ាណែត ក្នុងឋានៈជាមេបញ្ជាការកងទ័ពជើងគោកបានទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌា ហើយបានចុះហត្ថលេខាលើឯកសារលក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកនៃសាធារណរដ្ឋឥណ្ឌាសំដៅជំរុញសកម្មភាព កិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែសកម្មរស់រវើក ជាពិសេសតាមរយៈការបើកច្រកឱ្យមានទំនាក់ទំនងផ្ទាល់រវាងអង្គភាព និងអង្គភាពចំណុះនៃកងទ័ពជើងគោកប្រទេសទាំង ២៕