ភ្នំពេញៈ អាជ្ញាធរ​មីនបន្ត​អំពាវនាវ​ជាថ្មី​ដល់​ពលរដ្ឋ​ទាំង​​អស់​កុំ​ចូលទៅ​តំបន់​ដែល​មិន​ស្គាល់​ប្រវត្តិ​ច្បាស់លាស់ និង​សូមកុំ​ប៉ះពាល់​នៅពេល​ឃើញ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ខណៈដែល​មាន​ករណី​ផ្ទុះ​មីន​នៅ​ខេត្តបន្ទាយមានជ័យ បាន​បណ្ដាលឱ្យ​ពលរដ្ឋ​ម្នាក់​ពិការ​ជើង​។​

​ការបន្ត​អំពាវនាវ​បែបនេះ ដោយសារ​មាន​ពលរដ្ឋ​ម្នា​ក់នៅ​ខេត្តបន្ទាយមានជ័យ បាន​ដើរចូល​ព្រៃ​ដែលជា​តំបន់​មិន​ស្គាល់ ដើម្បី​គាស់​គល់ឈើ មិន​ប្រយ័ត្ន​ធ្វើឱ្យ​ផ្ទុះ​មីន បណ្ដាលឱ្យ​រង​របួស​ដាច់​ជើង​ខាងឆ្វេង​។ នេះ​បើតាម​អាជ្ញាធរ​មីន បានឱ្យដឹង​នៅ​ថ្ងៃទី​ ​២៥ ខែតុលា​នេះ​។​

​លោក លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានឱ្យដឹងថា ក្នុងនាម​ជា​អាជ្ញាធរ​មីន គឺ​ពិតជា​សោកស្ដាយ​ខ្លាំង​ចំពោះ​ករណី​ផ្ទុះ​មីន​នេះ ខណៈ​ទាំង​ថ្នាក់ដឹកនាំ និង​ទាំង​អាជ្ញាធរ​មីន គឺ​ពិតជា​មិន​ចង់ឱ្យមាន​ករណីបែបនេះ​កើតឡើង​ចំពោះ​ប្រជាជន​កម្ពុជា​នោះទេ ដូច្នេះ​រាល់​គ្រោះថ្នាក់​ទាំងនេះ គឺ​បាន​លើកទឹកចិត្ត​ដល់​កងកម្លាំង​ដែល​កាន់​ខាង​វិស័យ​មីន ប្រតិ​​ប​ត្តិ​ករ​ទាំងអស់​ដែលមាន​អ្នក​បោសសម្អាត​មីន​ជាង ៥​ ពាន់​នាក់ នឹង​បន្ត​ខិតខំ​ការងារ​បោសសម្អាត​មីន​ស្របតាម​​ចក្ខុវិស័យ​របស់​នាយ​ក​រដ្ឋមន្ត្រី​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​យើង​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំងអស់ សូមកុំ​ចូលទៅ​តំបន់​ណា​ដែល​មិនដឹង​ប្រវត្តិ​ច្បាស់លាស់ និង​ត្រូវ​សាកសួរ​អាជ្ញាធរ​មូល​ដ្ឋា​ន​មុន​ចូល​តំបន់​នោះ និង​សូមកុំ​ប៉ះពាល់​នៅពេល​ឃើញ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ហើយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ដែល​នៅ​ជិត​ទីនោះ​ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កម្ទេចចោល​»​។​

​លោក​ថ្លែងថា ក្រៅពីនេះ​អាជ្ញាធរ​មីន នឹង​បង្កើន​ការ​ផ្សព្វ​ផ្សាយ​អំពី​គ្រោះថ្នាក់​ដោយ​សារ​មីន នៅតាម​មូលដ្ឋាន ជា​ពិសេស​តំបន់​ដែលមាន​គ្រាប់រំសេវ​ច្រើន​ជា​បន្តទៅទៀត តាមរយៈ​ការគាំទ្រ​ពី​ក្រសួង​អប់រំ ដើម្បី​ជួយ​ផ្សព្វផ្សាយ​នៅតាម​សាលារៀន​ដែល​ស្ថិតក្នុង​តំបន់​ដាច់ស្រយាល និង​តាមរយៈ​មន្ត្រីនគរបាល​ជាតិ អង្គភាព​ស៊ីម៉ាក់ កាកបាទក្រហម និង​កងទ័ព​មួក​ខៀវ​ជាដើម​។​

​យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​មីន រយៈពេល ៩​ ខែ ឆ្នាំ​ ២០២៣​ នេះ​ជនរងគ្រោះ​ថ្នាក់​ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​មាន​ចំនួន ២៧ ​នាក់ ក្នុងនោះ​ជនរងគ្រោះ​ដោយសារ​មីន​មាន​ចំនួន​ ១៣ ​នាក់ និង​ជនរងគ្រោះ​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មាន​ចំនួន ១៤​ នាក់​។ បើ​ប្រៀបធៀប​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ជនរងគ្រោះ​ថ្នាក់​ដោយសា​រ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​មាន​ចំនួន ៤០​ នាក់ ដូច្នេះ​ក្នុង​ឆ្នាំ​ ២០២៣ ​នេះ​ថយចុះ​ចំនួន ១៣​ នាក់ ឬ​ស្មើ​ ៣៣ ​ភាគរយ​៕