ភ្នំពេញៈ សហរដ្ឋអាមេរិក នឹងបន្តកិច្ចសហការគាំទ្រកម្ពុជា លើវិស័យការងារ សន្តិសុខសង្គមនិងបណ្តុះបណ្តាលវិជ្ជាជីវៈបើទោះបីកន្លងមកកម្ពុជា និងសហរដ្ឋអាមេរិក មិនមានកិច្ចសហការគ្នាល្អទាក់ទងនយោបាយ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យក៏ដោយ។
ការលើកឡើងពីការបន្តគាំទ្រកម្ពុជាបែបនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣។
លោក ហេង សួរ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា ចក្ខុវិស័យរួមរបស់ក្រសួងការងារ ក្នុងអាណត្តិទី៧ នេះក្រសួងផ្ទាល់ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាចង់សម្រេចឱ្យបាន គឺវិស័យការងារដែលមានបរិយាកាស និងលក្ខខណ្ឌការងារកាន់តែល្អប្រសើរ និងមានសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលភាគីនិយោជក និងកម្មករនិយោជិតអាចរក្សាបាននូវឧត្តមប្រយោជន៍របស់ខ្លួនតាមរយៈការពង្រឹងសមត្ថភាព និងចំណេះដឹងពាក់ព័ន្ធនឹងច្បាប់ការងារ។
លោកអះអាងថា៖ «មុននឹងបញ្ចប់កិច្ចពិភាក្សានេះភាគីទាំង ២ បានឯកភាពបន្តកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងបរិយាកាស និងផលិតភាពការងារកាន់តែប្រសើរ ដែលជាចន្ទល់ដ៏សំខាន់សម្រាប់ការអភិវឌ្ឍក៏ដូចជារក្សាកំណើនសេដ្ឋកិច្ចជាតិ»។
ជាមួយគ្នានេះលោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងាររបស់ខ្លួនបានជួយកម្ពុជា ក៏ដូចជាវិស័យការងារសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកិច្ចសហប្រតិបត្តិការគ្រប់ទិដ្ឋភាព នាពេលកន្លងមកផងដែរ។
ជុំវិញរឿងនេះលោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាយល់ថា ការបន្តគាំទ្ររបស់សហរដ្ឋអាមេរិកមកលើវិស័យការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់អាទិភាពផ្តល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រីក្រនិងងាយរងគ្រោះដោយឥតគិតថ្លៃ។
មួយវិញទៀត ការបន្តគាំទ្រនេះក៏បង្ហាញថា កម្ពុជា និងសហរដ្ឋអាមេរិក គឺមានកិច្ចសហការគ្នាល្អលើចំណុចដែលមិនស្របគ្នា គឺភាគីទាំង ២ កំពុងសិក្សាស្វែងយល់ពីគ្នាជាបន្តទៅទៀត។ លោកថ្លែងថា៖ «ការគាំទ្រនេះ វាមានប្រយោជន៍សម្រាប់កម្ពុជា ទាំងទិដ្ឋភាពនយោបាយការទូត ទាំងទិដ្ឋភាពទៅលើសន្តិសុខសង្គម និងការបណ្ដុះបណ្ដាល ដែលក្នុងនោះបានផ្ដល់កម្រៃ និងការងារទៅដល់សហគមន៍ ប្រជាពលរដ្ឋ និងពលករ ដោយការគាំពាររបស់សហរដ្ឋអាមេរិកហ្នឹង»។
លោកបន្ថែមថា ទោះបីកន្លងមកសហរដ្ឋអាមេរិក និងកម្ពុជា មានបញ្ហាមួយចំនួន ទៅលើការមិនយល់គ្នាទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស បញ្ហានយោបាយ និងប្រជាធិបតេយ្យក៏ដោយ ប៉ុន្តែកម្ពុជាសហរដ្ឋអាមេរិកនៅតែមានទំនាក់ទំនងប្រក្រតីជាមួយគ្នានូវចំណុចមួយចំនួនដែល មិនមានបញ្ហា។
បើតាមលោក ហេង សួរ កម្មវិធីជាអាទិភាពសំខាន់ៗមួយចំនួន ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ នេះ បានដាក់ចេញលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រ ១ ក្រ ២ និងងាយរងគ្រោះចំនួន ១,៥ លាននាក់ដោយឥតគិតថ្លៃ ហើយទទួលបានប្រាក់ឧបត្ថម្ភបន្ថែម។ តាមរយៈកម្មវិធីថ្នាក់ជាតិនេះ នឹងអាចជួយពលរដ្ឋដែលស្ថិតក្នុងស្ថានភាពលំបាកទាំងឡាយអាចមានជំនាញជាក់លាក់ក្នុងរយៈពេលខ្លី ហើយទទួលបានឱកាសការងារដែលសម្បូរ បែប និងសមរម្យ៕