ភ្នំពេញៈ រាជរដ្ឋាភិបាលបន្តផ្តល់ប្រាក់ឧបត្ថម្ភ (លើកទី៩) ជូនកម្មករនិយោជិតនៅក្នុងវិស័យកាត់ដេរដែលបម្រើការងារនៅរោងចក្រចំនួន ៣៩ នៃវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣។
សេចក្តីជូនដំណឹងបញ្ជាក់ដែរថា៖ «ប្រាក់ឧបត្ថម្ភនឹងផ្តល់ជូនកម្មករនិយោជិតចំនួន ៣៩ រោងចក្រនៅរាជធានីភ្នំពេញ ១៦ រោងចក្រ ខេត្តកណ្តាល ៥ កំពង់ចាម ១ កំពង់ស្ពឺ ៧ តាកែវ ៦ កំពង់ឆ្នាំង ២ ស្វាយរៀង១ និងខេត្តព្រះសីហនុ ១រោងចក្រ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ក្នុងខែ កក្កដា សីហានិងកញ្ញាឆ្នាំ ២០២៣»។
ក្នុងនោះថវិកាចំនួន ៨១ ០០០ រៀល (២០ ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ ថ្ងៃ ដល់ ១៤ ថ្ងៃនិងថវិកាចំនួន ១៦២ ០០០ រៀល (៤០ ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ ថ្ងៃ ដល់ ១ ខែ។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជាលោក ប៉ាវ ស៊ីណា យល់ថា ការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល សម្រាប់កម្មករនិយោជិត គឺជាការឆ្លើយតបក្នុងស្ថានភាពដែលកម្មករកំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ច ដោយសារតែរោងចក្ររបស់ពួកគាត់ព្យួរកិច្ចសន្យាការងារ ធ្វើឱ្យពួកគាត់បាត់បង់នូវប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗ។
ប៉ុន្តែលោកថា៖ «ការផ្តល់ប្រាក់ឧបត្ថម្ភនេះ គួរតែត្រូវបង្កើតវាទៅជាគោលនយោបាយសម្រាប់វិស័យការងារវិញល្អជាង ព្រោះបានផ្តល់ប្រយោជន៍ដល់កម្មករគ្រប់វិស័យ»។ ទាក់ទងនឹងការបញ្ជាទិញលោកគិតថា ស្ថានភាពនេះ ហាក់មិនទាន់វិលមករកភាពប្រក្រតីដូចមុនទេបើទោះបីរដ្ឋាភិបាល បាននិងកំពុងប្រឹងប្រែងទាក់ទាញអ្នកវិនិយោគ ព្រមទាំងជួយសម្រួលនិងដោះស្រាយការសំណូមពររបស់ក្រុមអ្នកវិនិយោគ ទាក់ទងនឹងតម្លៃអគ្គិសនី ថ្លៃដឹកជញ្ជូន ។ល។
លោកថា៖« សង្គ្រាម រវាង រុស្សី និង អ៊ុយក្រែន បានបង្កឱ្យមានការកាត់បន្ថយការបញ្ជាទិញ ព្រោះតម្រូវការរបស់អ្នកប្រើប្រាស់មានការថយចុះ ហើយតម្លៃអតិផរណាមានការកើនឡើង ហើយសង្គ្រាមរវាង អ៊ីស្រាអែល និង ប៉ាឡេស្ទីន ក៏បង្កើននូវក្តីបារម្ភដល់អ្នកបញ្ជាទិញផងដែរហើយបញ្ហានេះមិនមែនតែកម្ពុជានោះទេ គឺគ្រប់បណ្តាប្រទេស ដែលមានការនាំចេញ»។
ចំណែកប្រធានសហភាពការងារកម្ពុជាលោកអាត់ ធន់ថ្លែងថា ការផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតជារឿងល្អ ប៉ុន្តែមានរយៈពេលខ្លីប៉ុណ្ណោះ ខណៈលោកចង់ឃើញមានការវិនិយោគក្នុងវិស័យនេះកាន់តែប្រសើរ។ លោកថា៖«រដ្ឋគួររិះរកវិធីបង្កើតការងារការវិនិយោគ ឬរក្សាកិច្ចព្រមព្រៀងនានា ដើម្បីជំរុញនិងបង្កើតការងារជូនពលរដ្ឋកម្ពុជាឱ្យបានច្រើន ដើម្បីធានានិរន្តរភាពការងារដល់ពួកគាត់»។
ក្រសួងការងារក៏បានរំឭកដែរថា ធនាគារវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ២១ ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារ។ ហេតុនេះ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ «បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរស័ព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត»។
ក្នុងករណី «បងប្អូនកម្មករ-និយោជិត» ដែលបម្រើការងារនៅរោងចក្រទាំង ៣៩ នេះមិនបានទទួលសារទូរស័ព្ទពីធនាគារវីងនោះទេ ក្រសួងសូមស្នើឱ្យបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទរបស់ខ្លួនទៅរដ្ឋបាលរោងចក្ររបស់ខ្លួន ខណៈក្រសួងនឹងបន្តជូនដំណឹងដល់បងប្អូនកម្មករនិយោជិតរោងចក្រដទៃផ្សេងទៀត ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារអំពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភនេះ៕