ក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន និងសមាគមឧស្សាហកម្ម ទេសចរណ៍ ដើម្បីប្រមូលធាតុចូល និងកំណត់បញ្ហាប្រឈម សម្រាប់ធ្វើរបាយការណ៍ដាក់ជូនរាជរដ្ឋាភិបាលនៅក្នុង «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៣ ខែវិច្ឆិកា ខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក សុខ សូកេន និងជាប្រធានក្រុមការងារផ្នែកទេសចរណ៍ និងលោក លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ កាលពីថ្ងៃទី២៥ខែតុលា ឆ្នាំ ២០២៣ បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍ (ក្រុម "ខ") ដើម្បីកំណត់បញ្ហាប្រឈម និងលើកជាសំណូមពរ ក៏ដូចជាការដាក់ចេញនូវវិធានការមុតស្រួច និងជាក់ស្ដែងក្នុងវិស័យទេសចរណ៍ ក្នុងគោលដៅ ប្រមូលនូវធាតុចូលទាំងនេះឱ្យបានគ្រប់ជ្រុងជ្រោយ។
នាឱកាសនោះលោក សុខ សូកេន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការល្អនាពេលកន្លងមក ក្នុងការគាំទ្រនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ជាពិសេសបានចូលរួមអនុវត្ត និងគាំទ្រយ៉ាងសកម្មនូវរាល់សកម្មភាពនានារបស់ក្រសួងទេសចរណ៍ ដោយបានរួបរួមគ្នាបង្កើនភាពធន់ និងស្តារវិស័យទេសចរណ៍ពីឥទ្ធិពលនៃវិបត្តិជំងឺកូវីដ១៩។
អង្គប្រជុំបានពិភាក្សាលើចំណុចចំនួន១៩ ដើម្បីប្រមូលធាតុចូលអំពីបញ្ហាប្រឈម និងសំណូមពររបស់ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាតម្រូវការជាក់ស្ដែងរបស់ទេសចរជាតិ និងអន្តរជាតិ ដើម្បីរិះរកវិធីសាស្ត្រ និងដំណោះស្រាយរួមគ្នា នៅកម្រិតក្រសួង និងអន្តរក្រសួង ព្រមទាំងសំណូមពរដែលត្រូវគោរពរាយការណ៍ ជូនរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច។
សេចក្តីប្រកាសបានបញ្ជាក់ថា៖«គ្រប់ភាគីដែលបានចូលរួមកិច្ចប្រជុំនេះ បានប្តេជ្ញាចិត្តរួមគ្នាបង្កើនកិច្ចសហការណ៍បន្ថែម ដើម្បីជំរុញភាពប្រកួតប្រជែង និរន្តរភាព និងបរិយាបន្ននៃវិស័យទេសចរណ៍ ជាពិសេសចូលរួមផ្សព្វផ្សាយរួមគ្នាក្នុងនាមខ្មែរតែមួយ សម្រាប់វិស័យទេសចរណ៍កម្ពុជា។
ដោយឡែកនៅថ្ងៃដដែលនោះលោក សុខ សូកេន បានអនុញ្ញាតឱ្យគណៈប្រតិភូអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (ហៅកាត់ថា អង្គការ FACT) និងអង្គការដៃគូពាក់ព័ន្ធ ដឹកនាំដោយ លោក យុក សេងឡុង ដើម្បីពិភាក្សាពីកាលានុវត្តភាព និងកិច្ចសហការ ក្នុងការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋសហគមន៍។
តាមរយៈលទ្ធផលនៃជំនួបនេះ៖ «គ្រប់ភាគី បានឯកភាពក្នុងការបង្កើនកិច្ចសហការក្នុងការជំរុញការអភិវឌ្ឍសហគមន៍ និងអេកូទេសចរណ៍ ទាំងក្នុងក្របខ័ណ្ឌតំបន់បឹង ទន្លេសាប តំបន់មេគង្គ និងតំបន់ឆ្នេរ និងក្នុងក្របខ័ណ្ឌទូទាំងប្រទេស ពិសេសការជំរុញភាពជាដៃគូរវាងរដ្ឋ និងអង្គការដៃគូ ស្របជាមួយភាពជាដៃគូរដ្ឋ និងឯកជន៕