សម្ព័ន្ធ​ហិរញ្ញវត្ថុ​យុត្តិធម៌​កម្ពុជា បានចេញ​ផ្សាយ​ការសិក្សា​ស្រាវជ្រាវ​មួយ​ស្តីពី «​ការផ្ដល់​ហិរញ្ញប្បទាន​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គាំទ្រ​ការស្តារ​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​ ១៩» និង​បានផ្តល់​អនុសាសន៍​គន្លឹះ​ជូន​រាជរដ្ឋាភិបាល ដើម្បី​និរន្តរភាព​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​

​របាយការណ៍​នេះ ត្រូវបាន​ផ្សព្វផ្សាយ នៅ​ថ្ងៃទី​ ២៧ ខែតុលា ឆ្នាំ​២០២៣ ដែល​ចងក្រង​ឡើង ក្នុង​គោលបំណង​កំណត់​គម្លាត​គោលនយោបាយ​ស្តីពី​សេដ្ឋកិច្ច​បៃតង និង​និរន្តរភាព និង​វាយតម្លៃ​ពី​ភាពខុសគ្នា រវាង​គោលនយោបាយ និង​ការអនុវត្ត នៅក្នុង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។ ជាពិសេស​ការសិក្សា​វាយតម្លៃ​ពី​ផលប៉ះពាល់​នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ (​ផ្លូវ​លេខ ២៣ និង ៣១២) ដែល​ទទួលបាន​ហិរញ្ញប្បទាន​ពី ADB​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​សម្ព័ន្ធ​ហិរញ្ញវត្ថុ​យុត្តិធម៌​កម្ពុជា បានឱ្យដឹងថា ការសិក្សា​នេះ​បានផ្តល់​អនុសាសន៍​សំខាន់ៗ​ចំនួន​៧ សម្រាប់ ធនាគារអភិវឌ្ឍន៍អាស៊ី និង​រាជរដ្ឋាភិបាល រួមមាន​អនុសាសន៍​ចំនួន​៣ ផ្តោតលើ គោលនយោបាយ​ទូទាត់​សំណង​ដោយ​ឥត​ស្ម័គ្រចិត្ត គួរតែ​ត្រូវបាន​ធ្វើឡើង​នៅ​ដំណាក់កាល​ដំបូង​បំផុត​នៃ​គម្រោង ការពង្រឹង​អំណាច​សេដ្ឋកិច្ច​របស់​ស្ត្រី និង​ការលើកកម្ពស់​លទ្ធភាព​ទទួលបាន​ជំនួយ​ហិរញ្ញវត្ថុ​របស់​ស្ត្រី​។

​អនុសាសន៍​ចំនួន​៤ ផ្សេងទៀត ផ្តោតលើ ការព្រមព្រៀង​ជារួម​លើ​លក្ខខណ្ឌ​ច្បាប់ ពាក្យ​បច្ចេកទេស និង​គោល​គំនិត​ស្តីពី​សេដ្ឋកិច្ច​បៃតង និង​និរន្តរភាព​ហិរញ្ញវត្ថុ ការពង្រឹង​ស្ថាប័ន​ដោយ​ការរួមបញ្ចូល​ចំណេះដឹង និង​ជំនាញ​របស់​ស្ថាប័ន​រយៈពេល​វែង ការបង្កើត​ឧបករណ៍​សមស្រប​សម្រាប់​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន និង​សង្គម និង​ដំណោះស្រាយ​លើ​ចំណេះដឹង និង​ជំនាញ​ដែល​នៅមានកម្រិត​របស់​អ្នកបង្កើត និង​អ្នកអនុវត្ត​គោលនយោបាយ ទាក់ទង​នឹង​សេដ្ឋកិច្ច​បៃតង និង​និរន្តរភាព​ហិរញ្ញវត្ថុ​។​

​របាយការណ៍​សិក្សា​ស្រាវជ្រាវ​បានបញ្ជាក់​ថា​៖«​សហគមន៍​ពេញចិត្ត​ចំពោះ​គម្រោង​កែលម្អ​ផ្លូវថ្នល់ និង​សង្កត់ធ្ងន់​លើ​ចំណុច​សំខាន់​ចំនួន ៣ គឺ​៖ ១ សហគមន៍​បាន​ទទួលយក​លទ្ធផល​នៃ​ការវាយតម្លៃ​លើ​ផលប៉ះពាល់ ២ សហគមន៍​បានទទួល​ស្គាល់​នូវ​តម្រូវការ​នៃ​គម្រោង​កែលម្អ​ផ្លូវថ្នល់ ជាពិសេស​បញ្ហា​ទាក់ទង​ទៅនឹង​លក្ខខណ្ឌ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​សហគមន៍​របស់​ពួកគាត់ និង ៣ សហគមន៍​បានកត់សម្គាល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដែល​នឹង​កើតចេញពី​គម្រោង​កែលម្អ​ផ្លូវថ្នល់​នេះ​»​។​

​អត្ថប្រយោជន៍​ទាំងនោះ​រួមមាន ការធ្វើឱ្យ​ប្រសើរឡើង​នូវ​លទ្ធភាព​ទៅ​សាលារៀន ទីផ្សារ មន្ទីរពេទ្យ និង​កសិដ្ឋាន ដែល​វា​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​សកម្មភាព​ប្រចាំថ្ងៃ និង​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​ពួកគាត់​។ ទោះជា​យ៉ាងណាក៏ដោយ សហគមន៍​ក៏បាន​សម្ដែង​នូវ​ការព្រួយបារម្ភ​អំពី​ការទូទាត់​សំណង​ផងដែរ​។​

​លោកស្រី ភាណ សោភ័ណ នាយិកា​អង្គការ​អុក​ស្វា​ម បាន​ថ្លែ​ថា ទោះបីជា​មានការ​ប្រកាន់​ខ្ជាប់​នូវ​ក្របខ័ណ្ឌ​ច្បាប់ និង​គោលនយោបាយ​ក្នុងការ​ធានាឱ្យមាន​ការ​ពិចារណា​លើ​បរិស្ថាន សង្គម និង​សេដ្ឋកិច្ច​នៅក្នុង​គម្រោង​កែលម្អ​ផ្លូវ​ក៏ដោយ វា​ពិតជា​ចាំបាច់​ដែល​យើង​ត្រូវ​បង្ហាញ​ផែនការ​ទូទាត់​សំណង​ទាន់ពេលវេលា ដោយ​ផ្តល់ឱ្យ​គ្រួសារ និង​សហគមន៍​ដែល​រង​ផលប៉ះពាល់​ជាមួយនឹង​គម្រោង​សំណង​ដែល​អាច​ទទួលយកបាន និង​មាន​រយៈពេល​ច្បាស់លាស់​»​។​

​ជាមួយគ្នានេះ​លោកស្រី បានស្នើ​ឱ្យមាន​ការអនុវត្ត​សេចក្តីថ្លែងការណ៍​គោលនយោបាយ​ការពារ​សុវត្ថិភាព របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ស្តីពី​ការទូទាត់​សំណង​ដោយ​ឥត​ស្ម័គ្រចិត្ត អមដោយ​នីតិវិធី​សមស្រប និង​ការយកចិត្តទុកដាក់​ជាពិសេស ចំពោះ​តម្រូវការ​របស់​ស្ត្រី និង​កុមារ​។​

​លោកស្រី​បញ្ជាក់ថា​៖«​វា​មាន​សារៈសំខាន់​ណាស់​ដែល​យើង​ផ្តល់​អាទិភាព​ដល់​សុខុមាលភាព​របស់​ក្រុម​ដែល​ងាយ​រងគ្រោះ​ទាំងនេះ​នៅក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​យើង​»​។​

​លោកស្រី ស៊ិន ពុទ្ធា​រី នាយិកា​ប្រតិបត្តិ​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា (​គ​.​ស​.​ក​)​ថ្លែងថា លក្ខណៈវិនិច្ឆ័យ​នៃ​ការរួមបញ្ចូល​គោល​គំនិត ESG និង និរន្តរភាព​ហិរញ្ញវត្ថុ ត្រូវបាន​បង្កើតឡើង​ដោយ​ផ្អែកលើ​សង្គម និង​សេដ្ឋកិច្ច សំដៅ​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រកបដោយ សមធម៌ បរិ​យា​ប័ន្ន និង​និរន្តរភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។ លោកស្រី​ថា​៖«​នេះ​គឺជា​ផល​ជះ​ដែល​យើង​រំពឹង​ពី​ការអនុវត្ត​គម្រោង ដើម្បី​ចែករំលែក​ចំណេះដឹង​ឱ្យបាន​ទូលំទូលាយ និង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ប្រសើរ​ក្នុងចំណោម​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ពាំនាំ​ពី​លទ្ធផល​ស្រាវជ្រាវ​»​។

​បើតាម​លោកស្រី ស៊ិន ពុទ្ធា​រី ការសិក្សា​នេះ បានផ្តល់​អនុសាសន៍​ថា របកគំហើញ​នឹងត្រូវ​បាន​ប្រើប្រាស់​នៅក្នុង​គោលនយោបាយ និង​ក្របខ័ណ្ឌ​ច្បាប់​នានា ដើម្បី​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​បៃតង និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​៕​