តប​តាម​ការអញ្ជើញ​របស់​ក្រសួងការពារជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នឹង​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​ក្រសួងការពារជាតិ អញ្ជើញ​ទស្សនកិច្ច​មិត្តភាព​ផ្លូវ​ការលើក​ទី​១ ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃទី​ ២៩​​ ខែតុលា ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ដ៏​ល្អ រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ចិន​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​ចុះ​ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក ទៀ សីហា មាន​រយៈពេល​៤​ថ្ងៃ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៩ ខែតុលា ដល់​ថ្ងៃទី​១ ខែវិច្ឆិកា​ឆ្នាំ​២០២៣ ដែលជា​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការលើក​ទី​១ ចេញទៅ​ក្រៅប្រទេស​បន្ទាប់ពី​ចូលកាន់​តំណែង​នេះ​។​

​ប្រភព​ដដែល​នេះ​បញ្ជាក់ថា ក្នុង​ក្របខ័ណ្ឌ​នៃ​ទស្សនកិច្ច​ផ្លូវការ លោក ទៀ សីហា នឹង​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ របស់​ក្រសួងការពារជាតិ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងន័យ​ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ដ៏​ល្អ រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ចិន ស្របតាម​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ជាពិសេស​តាមរយៈ​ការជំរុញ​ការអនុវត្ត​កិច្ចសហប្រតិបត្តិការ ត្បូង​ពេជ្រ របស់​រដ្ឋាភិបាល​ទាំងពីរ​។​

​ក្នុងឱកាស​ដំណើរ​ទស្សនកិច្ច​នេះដែរ លោក ទៀ សីហា នឹង​អញ្ជើញ​ចូលរួម​វេទិកា​ប៉េកាំង សៀង​សាន លើក​ទី​១០ ក្រោម​មូលបទ សន្តិសុខ​រួម សន្តិភាព​យូរអង្វែងៗ​។ នៅក្នុង​វេទិកា​ប៉េកាំង សៀង​សាន នេះ លោក ទៀ សីហា នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ ក្នុងសម័យ​ប្រជុំ​ពេញអង្គ​លើក​ទី​១ លើ​ប្រធានបទ «​ទំនួល​ខុសត្រូវ​នៃ​ប្រទេស​ធំៗ និង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​សកល​» នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៣​។

​ក្នុងឱកាស​នោះ លោក​ក៏​នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​វៀតណាម ឡាវ សិង្ហ​បុរី និង​ឥស្សរជន​បរទេសមួយ​ចំនួន ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​រវាង​កម្ពុជា ជាមួយ​បណ្តា​ប្រទេស​នានា​។​

​សេចក្តីប្រកាស​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ លោក ទៀ សីហា និង​បញ្ជាក់​ជាថ្មី​នូវ​ចំណងមិត្តភាព​ដែកថែប​ដ៏​រឹងមាំ និង​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រសួងការពារជាតិ​កម្ពុ​ជា និង​កងយោធពល​ខេមរភូមិន្ទ ក្នុងការ​សហការ​ជាមួយ​ភាគី​ចិន ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ កាន់តែ​ស៊ីជម្រៅ​សម្រាប់​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​ប្រទេស​ទាំងពីរ ក៏ដូចជា សម្រាប់​តំបន់​ទាំងមូល​។​

​គួរ​ជម្រាប​ថា កាលពី​ខែកញ្ញា ឆ្នាំ ២០២៣ កងទ័ព​កម្ពុជា​-​ចិន បានធ្វើ​សមយុទ្ធ​សុខាភិបាល​រួមគ្នា ដែលមាន​ឈ្មោះថា «​ទេវតា​សន្តិភាព​-២០២៣» ក្រោម​ប្រធានបទ ប្រតិបត្តិ​ការសង្គ្រោះ សុខាភិបាល មនុស្សធម៌​អន្តរជាតិ រួមគ្នា​នៅ​តំបន់​គ្រោះមហន្តរាយ​ខ្យល់ព្យុះ និង​ទឹកជំនន់​ធ្ងន់ធ្ងរ​។​

​តាមរយៈ​សមយុទ្ធ​នេះ​លោក ទៀ សីហា បញ្ជាក់ថា សមយុទ្ធ​រួមគ្នា​«​ទេវតា​សន្តិភាព​-២០២៣» គឺជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ថ្មី​បន្ថែមទៀត រួម​នឹង​សមិទ្ធផល​ជា​ផ្លែផ្កា ដែល​ផ្ដើមចេញពី​ការទំនាក់ទំនង​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ រវាង​កងទ័ព​ប្រទេស​ទាំងពីរ កម្ពុជា​-​ចិន ដែលជា​ចំណងមិត្តភាព​ដែកថែប និង​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ រវាង​កងទ័ព និង​ប្រជាជន​ប្រទេស​ទាំងពីរ នៅក្នុង​ក្របខ័ណ្ឌ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ​៕​