ក្រោយពីបានធ្វើទំនើបកម្ម គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត នៅឆ្នាំ ២០២៤ ខាងមុខនេះ ដើម្បីបម្រើឱ្យការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ថ្លែងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់កម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ជូនដល់ប្រធាន សមាជិក និងមន្ត្រីបច្ចេកទេសនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) និងមន្ត្រី គ.ជ.ប កាលពីថ្ងៃទី២៧ ខែតុលាថា ការដាក់ឱ្យដំណើរការកម្មវិធីនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៃកំណែទម្រង់ និងការធ្វើទំនើបកម្មការបោះឆ្នោត សំដៅកំណត់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋដែលអាចមកចុះឈ្មោះបោះឆ្នោត ឱ្យកាន់តែមានភាពសុក្រឹត។
លោកបញ្ជាក់ថា៖«ដើម្បីធានាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ប្រព្រឹត្តទៅទទួលបានលទ្ធផលល្អប្រសើរ ក្នុងដំណាក់កាលរៀបចំត្រៀម គ.ជ.ប ត្រូវធ្វើការរៀបចំស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងកំណត់ចំនួន និងទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត សម្រាប់អនុវត្តផែនការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំនីមួយៗ»។
បើតាម លោក ទេព នីថា ដំណើរការរៀបចំត្រៀមសម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ត្រូវបានចាប់អនុវត្តតាំងពីឆ្នាំ២០០៥ អនុលោមតាមសេចក្តីណែនាំរួមរវាងក្រសួងមហាផ្ទៃ និង គ.ជ.ប ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០០៥។ ដោយកាលនោះផ្តោតសំខាន់លើការស្រង់ឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយស្រង់ចូលក្នុង ទ.១០២៥ ការស្រង់ឈ្មោះអ្នកបោះឆ្នោតដែលមានឈ្មោះស្ទួនចូលក្នុង ទ.១០២៦ និងការស្រង់ឈ្មោះអ្នកដែលនឹងត្រូវចុះឈ្មោះបោះឆ្នោតចូលក្នុង ទ.១០២៧ ដើម្បីអញ្ជើញគាត់មកបំពេញទម្រង់បែបបទ ទ.១០២៤ សម្រាប់ត្រៀមចុះឈ្មោះបោះឆ្នោតនៅក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៃឆ្នាំនីមួយៗ។
លោកបន្ថែមថា ការស្រង់ឈ្មោះនេះ មានគោលបំណង ដើម្បីកំណត់ និងប៉ាន់ស្មានចំនួនប្រជាពលរដ្ឋអាយុ ១៨ ឆ្នាំឡើង ចំនួនអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ចំនួនអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដើម្បីជាមូលដ្ឋានក្នុងការកំណត់ចំនួនការិយាល័យបោះឆ្នោត និងចំនួនការិយាល័យចុះឈ្មោះបោះឆ្នោតដែលត្រូវប្រើប្រាស់ ព្រមទាំងកំណត់ទីតាំងនៃការិយាល័យទាំងនោះផងដែរ។
លោកបន្តទៀតថា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ ក្នុងក្របខ័ណ្ឌនៃការធ្វើទំនើបកម្មដំណើរការបោះឆ្នោត និងកិច្ចសហការជាមួយក្រសួងមហាផ្ទៃ នៅឆ្នាំ២០២១ ក្រសួងមហាផ្ទៃ និង គ.ជ.ប បានដាក់ចេញនូវសេចក្តីណែនាំរួម ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ស្តីពីការរៀបចំត្រៀមបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដើម្បីកែលម្អ និងបំពេញបន្ថែមបែបបទ និងនីតិវិធីនៃការអនុវត្តលើសេចក្តីណែនាំរួមចាស់កាលពីឆ្នាំ២០០៥។ សេចក្តីណែនាំនេះបានកំណត់យកយន្តការភូមិជាប្រតិបត្តិករដំបូងក្នុងការអនុវត្តការស្រង់ស្ថិតិនេះ បន្ទាប់មកបញ្ជូនទៅក្រុមប្រឹក្សាឃុំ សង្កាត់ ពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបជាស្ថិតិសម្រាប់ឃុំ សង្កាត់ និងបន្តទៅ លធ.ខប ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបដោយដៃបញ្ចូលជាលទ្ធផលសម្រាប់រាជធានី ខេត្តនីមួយៗ រួចបញ្ជូនមក គ.ជ.ប ដើម្បីបូកសរុបជាស្ថិតិរួមទូទាំងប្រទេស។
លោកបញ្ជាក់ទៀតថា៖«ប៉ុន្តែតាមរយៈកម្មវិធីដែលសិក្ខាកាមទាំងអស់បានទទួលការបណ្តុះបណ្តាលនាថ្ងៃនេះ គឺបានផ្តល់ភាពងាយស្រួលមួយកម្រិតថែមទៀតដល់ លធ.ខប ក្នុងការគ្រប់គ្រង និងបូកសរុបស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន គ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត និងទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត នៅក្នុងរាជធានីខេត្ត របស់ខ្លួន»។
ទាក់ទិននឹងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋនេះ លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប នៅថ្ងៃទី ២៨ ខែតុលាបានប្រាប់ថា កិច្ចការនេះ គឺជាកិច្ចការ គ.ជ.ប បានអនុវត្តទទួលបានជោគជ័យរួចហើយ និងក៏បានរៀបចំជាកម្មវិធី ដើម្បីឱ្យប្រជាពលរដ្ឋ ដែលត្រូវបោះឆ្នោត បានដឹងអំពីការិយាល័យបោះឆ្នោត ជាពិសេសបានបង្ហាញភាពងាយស្រួលមួយសម្រាប់ គ.ជ.ប។
លោកបញ្ជាក់ថា៖ «ជាពិសេសសម្រាប់ការងារដឹកជញ្ជូនសម្ភារសំខាន់ៗ ទៅការិយាល័យបោះឆ្នោត។
អ៊ីចឹង! នៅពេលដែលទីតាំងត្រូវបានកំណត់ ក្នុងប្រព័ន្ធហើយ ការដឹកជញ្ជូន នឹងអនុវត្តទៅដោយរលូនល្អ ដោយយើងអាចដឹងថា កន្លែងបោះឆ្នោតណា ប្រើមធ្យោបាយដឹកជញ្ជូនតាមបែបផ្លូវគោក ផ្លូវទឹក ឬក៏ផ្លូវអាកាស ដោយប្រើយន្តហោះ។ មួយទៀត ទីតាំងការិយាល័យក៏កំណត់ពីចំនួនអ្នកបោះឆ្នោតផងដែរ»៕