គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ចំនួន ១៧៥ រូប ជាមន្ត្រីជាប់កិច្ចសន្យា រយៈពេលខ្លី ឱ្យបម្រើការងារនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
សេចក្តីជូនដំណឹង របស់គ.ជ.ប ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែតុលា បានបញ្ជាក់ថា សមាសភាព គធ.ខប សម្រាប់រាជធានី ខេត្តនីមួយៗ មានចំនួន ៧ រូប ដែលមានមុខតំណែងជា ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ចំនួន ១ រូប អនុប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ចំនួន ១ រូប សមាជិកទទួលបន្ទុកផ្នែករដ្ឋបាល ចំនួន ១ រូប សមាជិកទទួលបន្ទុកផ្នែកហិរញ្ញវត្ថុចំនួន ១ រូប សមាជិកទទួលបន្ទុកផ្នែកប្រតិបត្តិការបោះឆ្នោត និងបច្ចេកទេស ចំនួន ១ រូបសមាជិកទទួលបន្ទុកផ្នែកសេវាកម្មច្បាប់ វិវាទកម្ម និងសន្តិសុខបោះឆ្នោត ចំនួន ១ រូប និង សមាជិកទទួលបន្ទុកផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈចំនួន ១ រូប។
គ.ជ.ប បានលើកទឹកចិត្តថា៖«សាធារណជនដែលមានបំណងដាក់ពាក្យជាបេក្ខជនតាមមុខតំណែងខាងលើនេះ សូមអញ្ជើញមកទំនាក់ទំនង ទទួល និងដាក់ពាក្យសុំប្រឡងចូលបម្រើការងារនៅរៀងរាល់ម៉ោងធ្វើការ នៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ដែល គ.ជ.ប បានកំណត់សម្រាប់ធ្វើជាកន្លែងចែកពាក្យ និងទទួលពាក្យ»។
ពាក្យសុំប្រឡងចូលបម្រើការងារនឹងមានចែកជូនដោយឥតគិតថ្លៃ ឬបេក្ខជនអាចទាញយកពាក្យសុំប្រឡងចូល បម្រើការងារតាមរយៈគេហទំព័ររបស់ គ.ជ.ប អាសយដ្ឋាន (www.nec.gov.kh) ឬស្កែន QR-Code »។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី២៨ខែតុលានេះថា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងចាប់ផ្តើមនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ខណៈនៅមុនការបោះឆ្នោតនេះមកដល់ គ.ជ.ប មានភារកិច្ច ត្រូវជ្រើសរើសមន្ត្រីសម្រាប់បម្រើការងារនៅតាម គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប)សម្រាប់អនុវត្តដំណើរការបោះឆ្នោត។
លោកបញ្ជាក់ថា៖ «សម្រាប់ការបោះឆ្នោតអសកល ឬ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា គឺយន្តការគ្រប់គ្រងការបោះឆ្នោតរបស់គ.ជ.ប មាន ថ្នាក់គជ.ប ថ្នាក់រាជធានីខេត្ត និងថ្នាក់ការិយាល័យបោះឆ្នោត ដោយឡែកថ្នាក់ឃុំសង្កាត់អត់មានទេ។ ចំពោះការជ្រើសរើសមន្ត្រីគឺសមាសភាពគណៈកម្មរៀបចំការបោះឆ្នោតរាជធានីខេត្តនីមួយៗ ត្រូវជ្រើសរើស ៧ រូប គឺប្រធានរូប អនុប្រធាន ១រូប និងសមាជិក ៥ រូប»៕