កងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ចំនួន ៥៣ នាក់ កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយសម្រេចបាននូវជោគជ័យ នៅក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋម៉ាលី។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងការពារជាតិ។
ពិធីនេះមានការទទួលស្វាគមន៍ពីលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ចូសិហ្វ ស៊ូអើ (Joseph Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងអនុព័ន្ធយោធាប្រទេសជាមិត្តមួយចំនួនទៀត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (VIP)។
ក្នុងឱកាសនោះលោក ទៀ សីហា បានកោតសរសើរយ៉ាងខ្លាំងចំពោះភាពជោគជ័យ និងស្នាដៃដ៏ត្រចេះត្រចង់របស់កម្លាំងកងទ័ពមួកខៀវកម្ពុជា ដែលបានសម្រេចការបំពេញបេសកកម្មអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌សម្រាប់មនុស្សជាតិលើពិភពលោក។ លោកបន្តថា៖«កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានតស៊ូរហូតបិទបញ្ចប់សង្គ្រាមស៊ីវិល ធ្វើឱ្យកម្ពុជាទទួលបានសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសនាឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ បានធ្វើសមាហរណកម្ម ពីក្នុងតំបន់អាស៊ី ដោយបោះជំហានពង្រីកវិសាលភាពនៃបទពិសោធន៍ដ៏ផូរផង់របស់ខ្លួន ចូលរួមចំណែកបេសកកម្មរក្សាសន្តិភាព»។
តាមរយៈក្រសួងការពារជាតិ លោក ចូសិហ្វ ស៊ូអើ បានថ្លែងអំណរគុណចំពោះយុទ្ធជន យុទ្ធនារី រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានរួមចំណែកក្នុងបុព្វហេតុរួម ដើម្បីសម្រេចបាននូវសន្តិភាពនៅលើពិភពលោក និងសូមស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍មកកាន់ស្រុកកំណើត។
ជាមួយគ្នានេះដែរ លោកកោតសរសើរសមាជិកនៃកងវិស្វកម្មលេខ ៧២៩ ដែលបានចូលរួមនៅក្នុងប្រពៃណីទំនៀមទម្លាប់កម្ពុជា ដែលមានភាពក្លាហាន និងមានមោទនភាពក្នុងបុព្វហេតុរក្សាសន្តិភាពអង្គការសហប្រជាជាតិជាមួយយោធិនកម្ពុជា ដែលបានបំពេញភារកិច្ចនៅតាមបណ្ដាប្រទេសជាច្រើន។ លោកបញ្ជាក់ថា៖«ការដាក់ពង្រាយស្ត្រី និងបុរសដែលមានភាពក្លាហានលះបង់ក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គាំទ្រសន្តិភាព និងសន្តិសុខជាសកល គឺជាព្រឹត្តិការណ៍ដែលបង្ហាញនូវភាពម៉ឺងម៉ាត់ និងទន់ភ្លន់ជាដរាប»។
អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម លោកសែម សុវណ្ណនី បានឱ្យដឹងថា បេសកកម្មរក្សាសន្តិភាព នៅក្នុងប្រទេសម៉ាលី (ហៅកាត់ MINUSMA) ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសន្តិសុខ អ.ស.ប តាមសេចក្តីសម្រេចលេខ២១០០ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣ ក្នុងគោលបំណងដើម្បីគាំទ្រដំណើរការនយោបាយ និងអនុវត្តរាល់ភារកិច្ចពាក់ព័ន្ធនឹងសន្តិសុខនៅក្នុងប្រទេសម៉ាលី។ លោកឱ្យដឹងថា៖« បេសកកម្មនេះត្រូវបានបង្កើតឡើងតាមការស្នើសុំផ្ដល់ការគាំទ្រដល់អាជ្ញាធរបណ្តោះអាសន្ន ដើម្បីស្ថិរភាពក្នុងប្រទេស និងការអនុវត្តផែនទីតម្រង់ទិសអន្តរកាលបេសកកម្ម MINUSMA មានការចូលរួមពីប្រទេសបរិច្ចាគកងកម្លាំងទាំងយោធា នគរបាល និងស៊ីវិលសរុបចំនួន ១៥៧៧៩នាក់ មកពី៥៦ប្រទេស»។
លោកបានបន្តថា ដោយផ្អែកលើស្នាដៃដែលកម្ពុជា ទទួលបាននៅក្នុងតំបន់ អ.ស.ប បានផ្តល់ទំនុកចិត្តស្នើសុំឱ្យកម្ពុជាបញ្ជូនមួយកងអនុសេនាធំវិស្វកម្ម ព្រលានយន្តហោះ និងមួយកងអនុសេនាធំកម្ទេចគ្រឿងផ្ទុះ ដើម្បីចូលរួមគាំទ្រដល់ដំណើរការសន្តិភាព ក្នុងប្រទេសម៉ាលី។
លោកបានរំលេចថា បេសកកម្មកន្លងមកកងយោធពលខេមរភូមិន្ទ បានបើកទំព័រប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតលើផ្នែករក្សាសន្តិភាព អ.ស.ប តាមរយៈការបោះជំហានចូលទៅក្នុងទឹកដីប្រទេសម៉ាលី កាលពីខែកុម្ភៈ ឆ្នាំ២០១៤ បានបោះទីតាំងឈរជើងនៅចំនួន៣តំបន់ធំៗ គឺ KIDAL, TESSALIT និង GAO ក្នុងបេសកកម្មនេះ គិតតាំងពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ចូនកងកម្លាំងសរុបចំនួន ២៧២៥នាក់ ក្នុងនោះមាននារីចំនួន១៩៣នាក់។
បើតាមលោក សែម សុវណ្ណនី រយៈពេល ៩ឆ្នាំមកនេះ កងវិស្វកម្មព្រលានយន្តហោះ បានបោះទីតាំងឈរជើងនៅក្នុងតំបន់ KIDAL និង TESSALI បានជួបស្ថានការណ៍អសន្តិសុខ បង្កឡើងដោយតួអង្គរដ្ឋ និងតួអង្គមិនមែនរដ្ឋ ដូចជាការប្រើប្រាស់គ្រឿងផ្ទុះកែច្នៃ ការបំពាក់គ្រាប់បែកអត្តឃាតលើរថយន្ត និងមនុស្ស ព្រមជាមួយអសន្តិសុខ បង្កឡើងដោយគ្រោះធម្មជាតិនានា ដូចជាព្យុះខ្សាច់សាហារ៉ា ជំងឺឆ្លងផ្សេងៗ៕