ភ្នំពេញៈ លោក អ៊ុក សុខាអគ្គនាយកបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានឱ្យដឹងថា រូបបដិមាចម្លាក់បុរាណនៅសល់តែដងខ្លួន មិនមានព្រះសិរ ដែលមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាលទទួលពីប្រជាពលរដ្ឋត្រូវបាននាំយករក្សាទុកនៅសារមន្ទីរជាតិដែលជាទីតាំងមានសុវត្ថិភាពរួចហើយ ដោយរង់ចាំមន្ត្រីជំនាញធ្វើការពិនិត្យសិក្សាលម្អិតលើរូបនេះ។
លោកអ៊ុក សុខា បានប្រាប់នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីលោកបានទទួលព្រះបដិមានេះពីលោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកណ្ដាលកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ក្រោយពីប្រជាពលរដ្ឋនៅភូមិព្រៃទទឹង ឃុំទួលព្រិច ស្រុកអង្គស្នួល បានប្រទះឃើញរូបចម្លាក់បុរាណកប់ក្នុងដីចម្ការនិងបាននាំគ្នាជីកយកចេញពីក្នុងដីនិងបានប្រគល់ឱ្យមន្ទីរវប្បធម៌ខេត្ត កាលពីថ្ងៃទី២៧ខែតុលាកន្លងទៅ។
ទោះជាយ៉ាងណា លោកមិនទាន់ហ៊ានធ្វើអត្ថាធិប្បាយពីរូបបដិមានេះថាជារូបដែលកសាងនៅឆ្នាំណាឬនៅក្នុងរជ្ជកាលស្តេចអង្គណាឬកសាងអំពីវត្ថុអ្វីនៅឡើយ ដោយរង់ចាំឱ្យមន្ត្រីជំនាញក្រសួង ធ្វើការសិក្សា និងស្រាវជ្រាវជាមុនសិន។
លោកបានបញ្ជាក់ថា៖«ចាំមើលចូលធ្វើការសិនទៅ ព្រោះល្ងាចមិញគេយកទៅសារមន្ទីរយប់ហើយអ៊ីចឹងព័ត៌មានយើងត្រូវពិនិត្យមើលឱ្យដិតដល់ ហើយម្សិលមិញយើងក៏បានយកមកទុកនៅទីតាំងមានសុវត្ថិភាពរួចស្រេចដែរហើយ។ ចាប់ពីថ្ងៃធ្វើការទៅ បានអ្នកជំនាញ ធ្វើការសិក្សា យើងមិនអាចទាន់ឆ្លើយអ្វីលម្អិតបានទេ»។
ជាមួយនេះដែរលោក អ៊ុក សុខា ក៏បានផ្តាំផ្ញើនិងថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដី មន្ត្រីជំនាញនិងថ្នាក់ដឹកនាំមន្ទីរ ជាពិសេសប្រជាពលរដ្ឋដែលបានរកឃើញ និងបានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណឬវត្ថុសិល្បៈនានាមកកាន់សារមន្ទីរជាតិដើម្បីយកមកថែរក្សា ការពារនិងអភិរក្សទុកបន្តឱ្យកូនចៅជំនាន់ក្រោយបានស្គាល់និងសិក្សាស្រាវជ្រាវ។
យោងតាមហ្វេសប៊ុករបស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប:នៅថ្ងៃទី២៨ ខែតុលា បានឱ្យដឹងថា នៅល្ងាចថ្ងៃទី២៨ ខែតុលា លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកណ្ដាល បាននាំយកព្រះបដិមាដែលទទួលបានពីប្រជាពលរដ្ឋក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ជូនក្រុមការងារជំនាញរបស់សារមន្ទីរជាតិ ដោយយកទៅរក្សាទុកនៅក្នុងឃ្លាំងដោយសុវត្ថិភាព។
បើតាមប្រភពដដែល ការងារនេះ លោកស្រី មួង សារឹម បានដឹកនាំក្រុមការងារការិយាល័យជំនាញចូលរួមសហការជាមួយលោកជួប រដ្ឋា អភិបាលរងស្រុកអង្គស្នួលនិងអាជ្ញាធរមូលដ្ឋានក្នុងការចូលរួមក្នុងពិធីប្រគល់និងទទួលព្រះបដិមាពីប្រជាពលរដ្ឋដែលប្រទះឃើញក្នុងដីចម្ការរបស់ពួកគាត់នេះ។
ក្រសួងបានបញ្ជាក់ថា ដោយក្នុងស្មារតីនៃការចូលរួមចំណែកថែរក្សា ការពារ និងជាកាតព្វកិច្ចដែលកូនខ្មែរគ្រប់រូបត្រូវចូលរួមផងនោះ ម្ចាស់ដែលរកឃើញនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានបានសម្រេចប្រគល់ព្រះបដិមាខាងលើជូនមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ៕