ភ្នំពេញៈ ក្រសួងមហាផ្ទៃ ដែលជាសមាជិកនៃគណៈកម្មាធិកាសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានបើកកិច្ចប្រជុំជាមួយនាយកដ្ឋានពាក់ព័ន្ធ ពិភាក្សាលើចំណុចប្រឈម និងប្រមូលធាតុចូល ដើម្បីរួមចំណែកជំរុញដល់ការអនុវត្តការងារពាក់ព័ន្ធប្រព័ន្ធរដ្ឋាភិបាលឌីជីថល ឱ្យសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា។
កិច្ចប្រជុំពិភាក្សាលើឯកសារជំនួយស្មារតីសម្រាប់ត្រៀមប្រជុំជាមួយ គណៈកម្មាធិកាសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល(គ.ស.ធ.ឌ.)ត្រូវបានប្រព្រឹត្តឡើង កាលពីថ្ងៃទី២៧ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ។
យោងតាមហ្វេសប៊ុកក្រសួងមហាផ្ទៃ លោក ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានថ្លែងនៅក្នុងកិច្ចប្រជុំនោះថា កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើត គ.ស.ធ.ឌ. ដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចតាមបែបឌីជីថល និងត្រៀមលក្ខណៈធ្វើយ៉ាងណាឱ្យដើរទាន់សភាពការណ៍ និងការវិវឌ្ឍនានា។
លោកបានបន្តថា ក្រសួងមហាផ្ទៃ ក៏មានសមាសភាពនៅក្នុងគណៈកម្មការនេះដែរ ហើយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំដើរតួនាទីជាសេនាធិការបំពេញការងារនេះដោយការយកចិត្តទុកដាក់ខ្ពស់។
លោកបានបញ្ជាក់ថា៖ «ហេតុដូចនេះ កិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បីស្តាប់របាយការណ៍ ចំណុចវិជ្ជមាន និងបញ្ហាប្រឈមក្នុងការបំពេញតួនាទី ភារកិច្ចរបស់អគ្គនាយកដ្ឋានក្នុងនាមជាសេនាធិការជូនក្រសួងមហាផ្ទៃ សំដៅសម្រេចបានលទ្ធផលការងារប្រកបដោយផ្លែផ្កា»។
លោក ប៉ោ ភក្តិ បានសង្កត់ធ្ងន់ថា ផែនការសេដ្ឋកិច្ច និងធុរកិច្ចនេះ ផ្តោតសំខាន់លើការងារមួយចំនួនរួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធតភ្ជាប់ការកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ការរៀបចំប្រជាពលរដ្ឋឱ្យចេះប្រើប្រាស់ប្រព័ន្ធឌីជីថល ការបង្កលក្ខណៈងាយស្រួលលើការទទួលស្គាល់ឯកសារតាមប្រព័ន្ធឌីជីថល និងការជំរុញឱ្យមានការនិយមការប្រើប្រាស់របស់សហគ្រិន ជាដើម។
ដើម្បីរួមចំណែកក្នុងការអនុវត្តការងារពាក់ព័ន្ធប្រព័ន្ធរដ្ឋាភិបាលឌីជីថល លោក ប៉ោ ភក្តិ បានលើកឡើងនូវគោលការណ៍សំខាន់ៗរួមមាន ការរៀបចំបញ្ចូលទិន្នន័យការអនុវត្តគោលការណ៍នៃការធ្វើសមាហរណកម្ម ពោលគឺការប្រើប្រាស់ប្រព័ន្ធខុសគ្នា តែស្របតាមក្របខ័ណ្ឌរួមជាមួយលទ្ធភាពក្នុងការប្រើប្រាស់ឱ្យមានប្រសិទ្ធភាពសម្រាប់ការងារប្រចាំថ្ងៃ និងការបញ្ជ្រាបចំណេះដឹង។
ជាមួយគ្នានោះដែរ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ លោក ហោ សំអាត បានលើកឡើងដែរថា ដើម្បីចូលរួមអនុវត្តគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្រសួងមហាផ្ទៃ បានសិក្សាស្រាវជ្រាវ និងដកស្រង់ធាតុចូលសំខាន់ៗ ដែលញ៉ាំងឱ្យក្រុមការងារជំនាញរួមគ្នាចងក្រងបានផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ រយៈពេល៥ឆ្នាំ (២០២៣-២០២៧) ដោយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
សូមជម្រាបថា គ.ស.ធ.ឌ.មានតួនាទីបំពេញមុខងារជាសេនាធិការការងារបច្ចេកទេសជូនក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល (ក.ស.ឌ.) ក្នុងការដឹកនាំ រៀបចំ សម្របសម្រួល តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ វិធានការ ផែនការសកម្មភាព និងវិនិយោគ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។
បើតាម ក.ស.ឌ.រដ្ឋាភិបាលឌីជីថលសំដៅជំរុញរបៀបវារៈ នៃការកែទម្រងរបស់រាជរដ្ឋាភិបាល ដោយប្រើប្រាស់បច្ចេកវិទ្យា និងបង្កើតបរិយាកាសប្រកបដោយបរិយាបន្នកម្មមួយតាមរយៈការកសាងរដ្ឋាភិបាល និងសេវាសាធារណៈឌីជីថល គន្លឹះជំរុញការអនុវត្តឌីជីថលនិងអភិបាលកិច្ចផ្អែកលើទិន្នន័យ។
ធុរកិច្ចឌីជីថលសំដៅជំរុញការចាប់យកឌីជីថលរបស់សហគ្រាសគ្រប់កម្រិត និងគ្រប់វិស័យតាមរយៈការជំរុញបរិវត្តកម្មឌីជីថលសហគ្រាស, ការបង្កើតប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងធុរកិច្ចថ្មីនិងការលើកកម្ពស់ខ្សែច្រវាក់តម្លៃឌីជីថល។
រីឯពលរដ្ឋឌីជីថល សំដៅចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មសេដ្ឋកិច្ច និងសង្គមឌីជីថល និងបង្កើនភាពប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ តាមរយៈការអភិវឌ្ឍភាពជាអ្នកដឹកនាំឌីជីថលបណ្ដុំធនធានមនុស្សដែលមានទេពកោសល្យឌីជីថលនិងពលរដ្ឋឌីជីថល ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន និងជ្រៀតដល់កម្រិតសហគមន៍មូលដ្ឋាន៕