កំពង់ស្ពឺៈទួលប្រាសាទកំពូល ៥ ភ្នំទេវៈ ស្ថិតនៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ កំពុងត្រូវបានព្រះសង្ឃដែលគង់នៅវត្ដជិតនោះឱ្យជាងកែច្នៃថ្មភ្នំធម្មជាតិនៅក្នុងតំបន់នោះឱ្យទៅជារូបចម្លាក់បែបព្រហ្មញ្ញសាសនា និងរូបសំណាកពុទ្ធប្រវត្តិដើម្បីទុកសម្រាប់ជាកន្លែងបូជនីយដ្ឋាន ផ្នែកសាសនាផង និងជាទីកម្សាន្ដរបស់ពុទ្ធបរិស័ទក៏ដូចជាភ្ញៀវទេសចរផងដែរ។
ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយនៅកម្ពុជាដែលមានចម្ងាយ ពីរាជធានីភ្នំពេញ ១១២ គីឡូម៉ែត្រ។នៅក្នុងតំបន់នោះព្រះសង្ឃបាននិងកំពុងជួលជាងឱ្យកែច្នៃថ្មភ្នំធម្មជាតិឆ្លាក់ធ្វើជារូបផុស (ចម្លាក់លៀន) និងរូបលាតនៅលើផ្ទាំងថ្ មដោយមានរូបចម្លាក់ខ្លះបែបព្រហ្មញ្ញសាសនានិងខ្លះទៀត ជាតំណាងឱ្យពុទ្ធប្រវត្តិជាដើម។តំបន់នោះគេឱ្យឈ្មោះថា «ប្រាសាទកំពូល៥ភ្នំទេវៈ» ហើយក៏នឹងក្លាយជាបូជនីយដ្ឋានសាសនាមួយគួរឱ្យទាក់ទាញផងដែរ។ នេះបើតាមសង្ឃដីការបស់ព្រះតេជព្រះគុណព្រះនាម វិត បូណា។
ព្រះតេជព្រះគុណព្រះនាម វិត បូណា ដែលជាគ្រូសូត្រស្តាំគង់នៅវត្តព្រះពោធិសត្វគិរីរម្យស្ថិតក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យមានថេរដីកាថាការអភិវឌ្ឍតំបន់ប្រាសាទកំពូល៥ភ្នំទេវៈនេះជាគម្រោងរបស់វត្តដែលមានព្រះគ្រូចៅអធិការព្រះនាមហៀកឡឹង។
ព្រះអង្គបានឱ្យដឹងថា ទីតាំងនោះ បើគេធ្វើដំណើរចេញពីផ្សារត្រែងត្រយឹងឡើងមកឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យមានចម្ងាយប្រហែលជា១៧គីឡូម៉ែត្រនឹងដល់ទីតាំងទួលនោះហើយ។ប៉ុន្តែបើចង់បន្តទៅដល់រមណីយដ្ឋានទេសចរណ៍ធម្មជាតិគិរីរម្យតែម្តងគឺគេត្រូវធ្វើដំណើរប្រហែលជា១០គីឡូម៉ែត្រទៀត។
ព្រះគ្រូសូត្រស្តាំ វិត បូណា មានសង្ឃដីកាបន្តថា ទួលប្រាសាទកំពូល៥ភ្នំទេវៈ ស្ថិតនៅម្ខាងម្នាក់នៃវត្តព្រះពោធិសត្វគិរីរម្យតាមផ្លូវឡើងទៅកាន់រមណីយដ្ឋានទេសចរណ៍គិរីរម្យ។ទីនោះដំបូងឡើយជាតំបន់ព្រៃភ្នំសម្រាប់ព្រះសង្ឃចូលទៅធ្វើធុតង្គរាល់ឆ្នាំមុនចូលព្រះវស្សាឬក៏ចេញព្រះវស្សា ពីព្រោះតំបន់នោះមានព្រៃឈើធម្មជាតិគួរជាទីជ្រះថ្លានិងស្ងប់ស្ងាត់។នៅតំបន់នោះមានផ្ទាំងថ្មភ្នំធំខ្ពស់ៗជាងគេចំនួន៥ដុំតែពុទ្ធបរិស័ទតែងនាំគ្នាហៅថាទួលប្រាសាទកំពូល៥ភ្នំទេវៈទៅ។
បើតាមព្រះតេជព្រះគុណ វិត បូណា ទួលប្រាសាទកំពូល៥ភ្នំទេវៈនេះដំបូងឡើយព្រះគ្រូចៅអធិការវត្តនិងព្រះអង្គចង់អភិរក្សតែព្រៃឈើធម្មជាតិទេ។ប៉ុន្តែដោយគិតថាប្រសិនបើអភិរក្សតែព្រៃឈើគឺមិនអាចឡើយព្រោះគួរតែកែច្នៃអ្វីដែលមានស្រាប់នៅទីនោះបន្ថែមទៀត។ហេតុដូច្នេះហើយទើបព្រះគ្រូចៅអធិការវត្តនិងព្រះអង្គក៏សម្រេចថានឹងឆ្លាក់ផ្ទាំងថ្មភ្នំធម្មជាតិក្នុងតំបន់នោះដើម្បីថែរក្សានិងឱ្យក្លាយជាបូជនីយដ្ឋានវប្បធម៌បែបសាសនា និងព្រហ្មញ្ញសាសនាអមជាមួយនឹងព្រៃឈើធម្មជាតិតែម្ដង។
ព្រះអង្គបានឱ្យដឹងថា នៅលើទីទួលនោះមានផ្ទៃដីប្រមាណជា៣០ហិកតាដែលត្រូវអភិវឌ្ឍហើយបច្ចុប្បន្ននេះព្រះអង្គកំពុងជួលជាងឆ្លាក់ថ្មបានជិត២០០ផ្ទាំងហើយ។ ចំពោះរូបវិញមានដូចជារូបបែបព្រហ្មញ្ញសាសនាគឺព្រះអង្គបានយកគំរូរូបនៅតាមប្រាសាទជាង ២០០ ប្រាសាទ ក្នុងប្រទេសកម្ពុជា និងរូបសំណាកស្តីពីពុទ្ធប្រវត្តិ។ចម្លាក់បែបព្រហ្មញ្ញសាសនាមានដូចជាព្រះឥន្ទ ព្រះវិស្ណុ ព្រះសិវៈឬព្រះឥសូរជាដើម។
ព្រះអង្គបានបញ្ជាក់ថា៖ «រូបតាមបែបព្រហ្មញ្ញសាសនាគឺអាត្មាទៅធ្វើសម្រង់នៅតាមប្រាសាទនីមួយៗនៅក្នុងស្រុកខ្មែរជាពិសេសអាត្មាទៅស្រង់ពីប្រាសាទខ្មែរយើងនៅខេត្តសុរិន្ទខេត្តស៊ីសាកេតខេត្តស្រះកែវអីហ្នឹងយកមកឆ្លាក់ឡើងវិញ»។
បើតាមព្រះអង្គ បូណា ចំពោះតម្លៃឈ្នួលជាងគិតជាម៉ែត្រការ៉េដែលក្នុង១ម៉ែត្រការ៉េថ្លៃ៥០០ដុល្លារ។ បើរូបព្រះពុទ្ធវិញមានផ្ទាំងថ្មខ្លះទទឹង ៨ ម៉ែត្ រក៏មាន និងតួព្រះកាយព្រះពុទ្ធមានកម្ពស់ ១៨ ម៉ែត្រ ក៏មានហើយបើគិតជាម៉ែត្រការ៉េទៅត្រូវចំណាយថ្លៃឈ្នួលជិត ១០ ម៉ឺនដុល្លារ ក៏មានដែរ។ ចំពោះថវិកាវិញគឺបានមកពីសិស្សគណរបស់ព្រះគ្រូចៅអធិការវត្តនិងព្រះអង្គតែក៏មិនបានរៃអង្គាសតាមបណ្តាញសង្គមអីដែរ។
ព្រះអង្គបន្តទៀតថា ពាក់ព័ន្ធនឹងផ្លូវឡើងទៅទួលប្រាសាទកំពូល៥ភ្នំទេវៈ គឺព្រះអង្គកំពុងជួលគេឱ្យឈូសឆាយ ផ្លូវដែលមានទទឹង៧ម៉ែត្រនិងបណ្តោយ ១៥០០ ម៉ែត្រ។បច្ចុប្បន្នផ្លូវ១ខ្សែនេះទើបតែចាក់បេតុងបានប្រវែងជាង៥០ម៉ែត្រប៉ុណ្ណោះដែលតាមគម្រោងត្រូវចំណាយថវិកាប្រហែល១៨ម៉ឺនដុល្លារទើបគ្រប់គ្រាន់។ដោយឡែកខាងអន្តរក្រសួងបានចុះទៅពិនិត្យមើលតំបន់នោះរួចហើយដែរ ដោយក្រសួងពាក់ព័ន្ធបានគាំទ្រដោយលើកឡើងថាការអភិវឌ្ឍនៅតំបន់នោះគឺសម្រាប់ចក្ខុវិស័យវែងឆ្ងាយទៅមុខទៀត។
យ៉ាងណាក្ដី ព្រះតេជព្រះគុណ វិត បូណា បានបញ្ជាក់ថា ដោយសារតែកំពុងសាងសង់នៅឡើយ ហេតុដូច្នេះទើបនៅទីតាំងទួលប្រាសាទកំពូល៥ភ្នំទេវៈនោះមិនទាន់មានអគារនៅឡើយទេ។ចំពោះតំបន់នោះទៀតសោតសម្រាប់ទុកជាទីតាំងឱ្យភ្ញៀវឬពុទ្ធបរិស័ទ្ធចង់ធ្វើសមាធិកម្មដ្ឋានគឺអាចទៅទីនោះបានពោលគឺសម្រាប់មនុស្សទូទៅនៅពេលដែលគាត់ចង់ស្ងប់អារម្មណ៍។
ព្រះអង្គបានលើកឡើងថា៖ «ទីនោះមិនមែនជាវត្តអារាមទេគ្រាន់តែជាបូជនីយដ្ឋានសាសនាអមទៅដោយព្រៃឈើធម្មជាតិ។អាត្មាកំពុងតែរៀបចំឱ្យមានទីសំណាក់សម្រាប់បដិបត្តិធម៌។ឧទាហរណ៍ថាគាត់ចង់មកធ្វើសមាធិ ៤-១០ ថ្ងៃ អីគាត់ចង់ផ្តាច់ពីសង្គមមួយរយៈសិនហើយចង់មានភាពស្ងប់យើងក៏រៀបចំគាត់ឱ្យបានសមគួរទៅតាមនោះទៅ»។
ពាក់ព័ន្ធនឹងការអភិវឌ្ឍនេះដែរ លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺប្រាប់ភ្នំពេញប៉ុស្តិ៍ថាទួលប្រាសាទកំពូល៥ភ្នំទេវៈគឺជាគម្រោងរបស់វត្តព្រះពោធិសត្វគិរីរម្យដែលមានព្រះគ្រូចៅអធិការវត្តដឹកនាំ។កិច្ចការនេះព្រះគ្រូចៅអធិការវត្តបានស្នើសុំមកមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តដើម្បីឱ្យជួយចុះទៅសហការពិនិត្យអំពីការធ្វើកិច្ចការនៅទីនោះព្រោះវាពាក់ព័ន្ធនឹងចម្លាក់រូប។
លោកបានបន្តថា ចំពោះចម្លាក់នោះព្រះអង្គ វិត បូណា ដែលជាអ្នកទទួលមើលការខុសត្រូវជំនួសព្រះគ្រូចៅអធិការវត្តបានបែងចែកជា២តំបន់ក្នុងបរិវេណតែមួយដោយតំបន់ទី១ឆ្លាក់អំពីពុទ្ធប្រវត្តិ និងតំបន់ទី២ (ជាប់គ្នា) ឆ្លាក់អំពីព្រហ្មញ្ញសាសនាដូចជា រូបបដិមានៅតាមប្រាសាទទាំងឡាយក្នុងប្រទេសកម្ពុជា គឺព្រះអង្គឱ្យជាងផ្តិតយកតាមរូបសំណាកដើមទាំងអស់មកឆ្លាក់ឱ្យដូច។កិច្ចការនេះដែរគឺលោកមានថវិកាដែលបានពីសប្បុរសជនដែរដើម្បីដំណើរការការងារនេះ។
បើតាមលោកប្រធានមន្ទីរធម្មការ ការងារដែលព្រះសង្ឃធ្វើនេះគឺមានការគិតគូនិងប្រុងប្រយ័ត្នណាស់ជាពិសេសលោកខ្លាចពាក់ព័ន្ធនឹងរូបចម្លាក់ហ្នឹងតែម្តង។អ៊ីចឹងលោកក៏បានសហការយ៉ាងជិតស្និទ្ធជាមួយព្រះអង្គហើយលោកក៏បានចុះទៅពិនិត្យជាច្រើនលើកច្រើនសាជាមួយអាជ្ញាធរខេត្តកំពង់ស្ពឺក៏ដូចជាមន្ទីរធម្មការខេត្តផងដែរ។
លោកបានបញ្ជាក់ថា៖ «រូបសំណាកដែលឆ្លាក់ចេញជារូបរាងហើយគឺមិនមានទម្រង់ខុសឆ្គងអីទេព្រោះធម្មតាមិនអាចធ្វើឱ្យដូចរូបដើមមួយរយភាគរយទេសូម្បីតែអ្នកជំនាញនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលខ្ញុំបានបញ្ជូនរូបទៅជូនគាត់ពិនិត្យក៏គាត់ស្ងើចសរសើរអំពីទឹកដៃជាងដែរ»។
ដោយឡែកលោករស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ប្រាប់ភ្នំពេញប៉ុស្តិ៍ដែរថាទីតាំងទួលប្រាសាទកំពូល៥ភ្នំទេវៈ គឺស្ថិតនៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ។ ចំពោះការអភិវឌ្ឍចម្លាក់លើផ្ទាំងថ្មធម្មជាតិនេះ វាជារឿងដែលអាចទាក់ទាញភ្ញៀវទេសចរផ្នែកវប្បធម៌និងសាសនាដែលគាត់ចង់ទៅទស្សនារូបដែលកើតពីការចម្លាក់នោះ។នៅក្នុងក្រសួងទេសចរណ៍ក៏មានការរៀបចំទេសចរណ៍បែបវប្បធម៌ផងដែរ។
លោកថ្លែងថា៖ «បើកិច្ចការនោះកើតឡើងពិតមែនវាទាក់ទាញភ្ញៀវឱ្យទៅលេងឧទ្យានជាតិកាន់តែច្រើន ពីព្រោះនៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យមានគោលដៅទេសចរណ៍ច្រើនដែលភ្ញៀវត្រូវទៅលេងកម្សាន្តហើយបើមានរមណីយដ្ឋានបែបវប្បធម៌សាសនាមួយទៀតក៏ជារឿងល្អមួយដែរ»។
លោកបានបញ្ជាក់ថា ជាមួយនឹងបូជនីយដ្ឋានបែបសាសនាថ្មីនេះនៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យក៏មានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាធំមួយផងដែរសម្រាប់ទុកជាទីសក្ការបូជាក៏ដូចជាអប់រំព្រះធម៌ដើម្បីជួយទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា៕