កំពង់ស្ពឺៈខេត្តកំពង់ស្ពឺ នឹងត្រូវប្រកាសជាខេត្តអស់មីនទី១៣ នៅថ្ងៃទី៣០ ខែតុលា ក្រោម«គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន»ក្នុងគោលដៅប្រែក្លាយកម្ពុជាគ្មានមីនត្រឹម ឆ្នាំ២០២៥ ដើម្បីផ្តល់ដី ដែលមានសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការបង្កបង្កើនផល និងចូលរួមការអភិវឌ្ឍសង្គមជាតិ។
ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាលថ្មី និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន នឹងត្រូវធ្វើឡើងក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ។ នេះបើតាមហ្វេសប៊ុករបស់លោកហ៊ុន ម៉ាណែត នៅថ្ងៃទី២៩ ខែតុលា។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា គោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ បាននិងកំពុងមានវឌ្ឍនភាពយ៉ាងល្អប្រសើរឆ្ពោះទៅរកគោលដៅដែលបានរំពឹងទុកពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ហើយខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលអស់មីនទាំងស្រុង បន្ទាប់ពីរាជធានី-ខេត្តទាំង១២ផ្សេងទៀត។
លោកបានបញ្ជាក់ថា៖«ផ្លែផ្កានៃសមិទ្ធផលនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពិសេសអាជ្ញាធរមីន ដែលបានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការដ៏សំខាន់នេះ ក្នុងគោលបំណងជាក់លាក់មួយគឺកម្ពុជានឹងគ្មានជនណាម្នាក់ឬប្រជាពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីនក្រោយឆ្នាំ២០២៥ ទៀតឡើយ»។
សូមជម្រាបថា រាជធានីខេត្តដែលប្រកាសអស់មីនចំនួន ១២ រួមមាន រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង កែប ព្រៃវែង ព្រះសីហនុ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង កណ្តាល តាកែវ និងខេត្តកំពត។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានប្រាប់នៅថ្ងៃទី២៩ ខែតុលាថា ក្នុងនាមក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋទាំងមូលក្នុងខេត្ត ពិតជាមានមោទនភាពជាមួយនឹងអ្វីដែលកើតឡើងក្នុងខេត្តនេះ ពោលគឺជាខេត្តអស់មីនក្នុងឆ្នាំ២០២៣។
លោកបានបញ្ជាក់ថា៖«សមិទ្ធផលនេះសម្រេចបានក្រោមនយោបាយប្រកបដោយភាពឈ្លាសវៃ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំរំដោះប្រទេសជាតិចេញពីសម័យកាលដ៏លំបាកដៃម្ខាងការពារ និងដៃម្ខាងកសាង ហើយបានប្រែក្លាយខេត្តជាច្រើនអស់មីន ក្នុងនោះក៏មានខេត្តកំពង់ស្ពឺដែលធ្លាប់តែសម្បូរទៅដោយចម្ការមីន»។
លោកបានឱ្យដឹងទៀតថា ក្នុងខេត្តកំពង់ស្ពឺមានចម្ការមីនរហូតដល់ទៅ ៦៤០ ដែលអស់ផ្ទៃដីរហូតទៅដល់ ៧៨ គីឡូម៉ែត្រការ៉េ។
លោក វ៉ី សំណាង បញ្ជាក់ថា៖«ផ្ទៃដីមីននេះធំណាស់ដែលបង្កនូវផលប៉ះពាល់ហានិភ័យដល់អាយុជីវិតទាំងមនុស្ស និងសត្វ រហូតដល់សម្រេចបានជាខេត្តអស់មីន ហើយយើងមានភាពសប្បាយរីករាយ ប្រកបដោយមោទនភាពទៅលើសមិទ្ធផលថ្មីក្រោមម្លប់នៃសន្តិភាព»។
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ធ្លាប់បានលើកឡើងដែរថា ក្នុងនាមលោកជាប្រជាជនកម្ពុជា សម្តែងការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមចំណែកបញ្ចប់សង្គ្រាមស៊ីវិលដែលផ្តល់សុខសន្តិភាពពេញលេញដល់ប្រជាជាតិកម្ពុជា និងជាពិសេសការគិតគូរដល់សុខសុវត្ថិភាព និងជីវភាពប្រជាជន តាមរយៈការចាត់ទុកសកម្មភាពមីន ជាការងារអាទិភាពរបស់ខ្លួន ក្រោយដំណាក់កាលសង្គ្រាម។
បើតាមអាជ្ញាធរមីន សកម្មភាពរំដោះមីនរយៈពេល ៣០ឆ្នាំចុងក្រោយនេះ បានចូលរួមចំណែកដល់កិច្ចគាំពារសន្តិភាពនិងសន្តិសុខហើយបានចូលរួមកាត់បន្ថយភាពក្រីក្រនិងបង្កើនការអភិវឌ្ឍនៅកម្ពុជាតាមរយៈការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាពក្នុងទំហំផ្ទៃដីបោសសម្អាតរួចចំនួន២ ៥៧៩ គីឡូម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីប្រមាណ ៧៦ភាគរយ ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពកសិកម្ម។
សូមបញ្ជាក់ដែរថា ថ្មីៗនេះ កម្ពុជាទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីននៅទីក្រុងភ្នំពេញ ដោយមានអ្នកចូលរួមមកពី ៤៥ ប្រទេស។ នៅឆ្នាំ២០២៤ ខាងមុខ កម្ពុជានឹងត្រៀមរៀបចំធ្វើជាប្រធាននិងម្ចាស់ផ្ទះនៃសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកដែលគ្មានមីននៃអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលមានប្រទេសប្រមាណ ២០០ ចូលរួមផងដែរ៕